យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព និងម្ហូបអាហារ បានបង្ហាញថា ខ្ទឹមសគឺជាគ្រឿងទេសមិនអាចខ្វះបានក្នុងផ្ទះបាយ ប៉ុន្តែការប្រើប្រាស់មិនត្រឹមត្រូវអាចធ្វើឱ្យបាត់បង់ទាំងរសជាតិ ក្លិនក្រអូប និងតម្លៃអាហារូបត្ថម្ភយ៉ាងច្រើន។ កំហុសដំបូងដែលស្ទើរតែគ្រប់គ្នាធ្លាប់ធ្វើ គឺការរក្សាទុកខ្ទឹមសក្នុងទូរទឹកកក ដែលបរិយាកាសត្រជាក់ និងសើមនឹងជំរុញឱ្យខ្ទឹមសដុះពន្លកលឿន បាត់បង់សំណើម និងរសជាតិដើម។ វិធីសាស្ត្រដែលល្អបំផុត គឺការរក្សាទុកក្នុងកន្ត្រកដែលមានខ្យល់ចេញចូលល្អ នៅសីតុណ្ហភាពបន្ទប់ និងឆ្ងាយពីពន្លឺព្រះអាទិត្យ។
ក្រៅពីការរក្សាទុក របៀបចម្អិនក៏ជាចំណុចសំខាន់ដែលលោកអ្នកគួរផ្លាស់ប្តូរ។ មនុស្សជាច្រើនតែងដាក់ខ្ទឹមសចូលក្នុងខ្ទះលឿនពេក នៅពេលប្រេងកំពុងឡើងកម្ដៅខ្លាំង ដែលកត្តានេះធ្វើឱ្យខ្ទឹមសឆេះខ្លោច និងមានរសជាតិល្វីង មុនពេលគ្រឿងផ្សំផ្សេងទៀតឆ្អិន។ អ្នកជំនាញណែនាំថា គួរដាក់ខ្ទឹមសចូលនៅពេលបន្លែ ឬសាច់ជិតឆ្អិន ពោលគឺត្រូវការពេលត្រឹមតែ ៣០ វិនាទី ទៅ ១ នាទីប៉ុណ្ណោះ ដើម្បីឱ្យវាបញ្ចេញក្លិនក្រអូបដោយមិនខ្លោច។ ជាមួយគ្នានេះ ការប្រើកម្ដៅខ្លាំងពេកដើម្បីចៀនខ្ទឹមស ក៏ជាកំហុសមួយដែលបង្កើតជាសមាសធាតុគីមីមិនល្អដល់សុខភាពផងដែរ ដូច្នេះការប្រើភ្លើងតិច ឬមធ្យម គឺជាជម្រើសដ៏ឆ្លាតវៃដើម្បីឱ្យខ្ទឹមសមានពណ៌មាសស្អាត និងមានរសជាតិផ្អែមស្រាល។
ចំពោះការរៀបចំវិញ ការចិញ្ច្រាំខ្ទឹមសឱ្យល្អិតពេកដើម្បីប្រឡាក់សាច់សម្រាប់អាំង ឬចៀន ក៏អាចបង្កបញ្ហាដូចគ្នា ព្រោះវាធ្វើឱ្យខ្ទឹមសឆេះជាប់នឹងសាច់ និងមានរសជាតិល្វីងខ្លាំង។ លោកអ្នកគួរប្តូរមកជាការកំទេចខ្ទឹមសស្រាលៗដើម្បីយកទឹកសម្រាប់ប្រឡាក់វិញ។ បន្ថែមពីនេះ សម្រាប់ខ្ទឹមសដែលមានដុះពន្លកពណ៌បៃតងនៅខាងក្នុង លោកអ្នកគួរដកវាចេញមុននឹងយកទៅចម្អិន ដើម្បីជៀសវាងរសជាតិហឹរខ្លាំង និងល្វីងដែលនាំឱ្យខូចរសជាតិម្ហូបទាំងមូល។
ចំណុចចុងក្រោយដែលមនុស្សជាច្រើនតែងយល់ច្រឡំ គឺការបោះចោលខ្ទឹមសដែលប្រែជាពណ៌បៃតងនៅពេលជ្រលក់ទឹកខ្មេះ។ តាមពិតទៅ នេះគឺជាប្រតិកម្មគីមីធម្មជាតិរវាងស្ពាន់ធ័រ និងអាស៊ីត ដែលវាមិនមានជាតិពុល ឬប៉ះពាល់ដល់សុខភាពឡើយ។
ការយល់ដឹងពីបច្ចេកទេសតូចតាចទាំងនេះ មិនត្រឹមតែជួយឱ្យមុខម្ហូបប្រចាំថ្ងៃរបស់អ្នកកាន់តែឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយទទួលបានអត្ថប្រយោជន៍សុខភាពពេញលេញពីខ្ទឹមសទៀតផង។
បញ្ជាក់៖ ព័ត៌មាននេះផ្តល់ជូនសម្រាប់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព ឬរបបអាហារជាក់លាក់ សូមពិគ្រោះជាមួយអ្នកជំនាញអាហារូបត្ថម្ភបន្ថែម៕
ចែករំលែកព័តមាននេះ