ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុលសង្គ្រោះប្រាសាទអូរថ្មដាប់ អាយុកាលជាង ១២០០ឆ្នាំ នៅលើខ្នងភ្នំគូលែន

2 ខែ មុន

​ខេត្តសៀមរាប៖​ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមយុទ្ធនាការជួសជុលប្រាសាទអូរថ្មដាប់ ដែលជាប្រាសាទឥដ្ឋដ៏កម្រមួយស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ដើម្បីពង្រឹងរចនាសម្ព័ន្ធឱ្យរឹងមាំ និងបង្កើនសោភណភាពទាក់ទាញទេសចរ។ យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា…

​ខេត្តសៀមរាប៖​ អាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមយុទ្ធនាការជួសជុលប្រាសាទអូរថ្មដាប់ ដែលជាប្រាសាទឥដ្ឋដ៏កម្រមួយស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ដើម្បីពង្រឹងរចនាសម្ព័ន្ធឱ្យរឹងមាំ និងបង្កើនសោភណភាពទាក់ទាញទេសចរ។

យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ប្រាសាទនេះមានអាយុកាលជាង ១២សតវត្សរ៍មកហើយ ប៉ុន្តែពុំដែលធ្លាប់ឆ្លងកាត់ការជួសជុលឡើយ ដែលជាហេតុធ្វើឱ្យតួប៉មផ្នែកខាងកើតមានស្នាមប្រេះហែកតាំងពីក្រោមដល់កំពូល និងមានការស្រុតថ្មតាមផ្នែកមួយចំនួន។

ក្នុងគម្រោងជួសជុលរយៈពេល ៤ខែនេះ ក្រុមអ្នកជំនាញនឹងផ្ដោតលើការផ្សារភ្ជាប់ស្នាមប្រេះ ការដំឡើងខ្លោងទ្វារថ្មភក់ ផ្ដែ និងសសរពេជ្រឡើងវិញ ព្រមទាំងសម្អាតរុក្ខជាតិដែលដុះបំផ្លាញតួប្រាសាទ។ អ្វីដែលពិសេសនោះគឺ ប្រាសាទអូរថ្មដាប់ ជាប្រាសាទឥដ្ឋតិចតួចបំផុតនៅលើភ្នំគូលែនដែលនៅបន្តរក្សារូបរាងបានពេញលេញល្អ និងមានក្បាច់លម្អក្រឡោតខ្ពស់គួរឱ្យចង់ទស្សនា ខណៈប្រាសាទដទៃទៀតនៅតំបន់នោះភាគច្រើនបានក្លាយជាគំនរឥដ្ឋ ឬនៅសល់ត្រឹមតែគ្រឹះប៉ុណ្ណោះ។

ទោះបីជាប្រាសាទនេះស្ថិតនៅឆ្ងាយពីតំបន់រមណីយដ្ឋានអង្គរក៏ដោយ ប៉ុន្តែអាជ្ញាធរជាតិអប្សរាតែងតែជំរុញការអភិរក្សប្រាសាទនៅតំបន់ភ្នំគូលែនជាហូរហែ ដើម្បីថែរក្សាកេរដំណែលដូនតាផង និងដើម្បីលើកស្ទួយវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនផងដែរ។ ការជួសជុលនេះនឹងធ្វើឱ្យប្រាសាទអូរថ្មដាប់ រឹតតែមានភាពរឹងមាំ និងមានរូបរាងកាន់តែស្អាតត្រកាលសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ