ប្រទេសកូរ៉េខាងជើង ៖ នៅកូរ៉េខាងជើង ការស្នងតំណែងមេដឹកនាំពីមុនពីឳពុកមកកូនប្រុស តែពេលនេះ ពីឪពុកមកកូនស្រី ។
លោកគីម ជុងអ៊ុន ហាក់កំពុងមានបំណងរៀបចំឲ្យកូនស្រីក្នុងចំណោមកូនៗរបស់លោកសម្រាប់ឡើងស្នងតំណែងបន្តវេនពីលោក ។ នៅថ្ងៃទី២ មករា លោកគីម ជុងអ៊ុន ជាថ្មីម្ដងទៀត បានពង្រឹងកន្លែងសម្រាប់ឲ្យកូនស្រីលោកថ្ងៃណាមួយបន្តតំណែងពីលោក ។
នាងគីម ជូអេ បានមកកាន់កន្លែងបញ្ចុះសពជីតា និងជីតាទួតនាង ជាអតីតមេដឹកនាំកូរ៉េខាងជើងជាលើកដំបូង ។ នេះបើតាមបណ្ដារូបភាពចេញផ្សាយដោយសារព័ត៌មានផ្លូវការរបស់ប្រទេស ។
កូរ៉េខាងជើងត្រួតត្រាដោយរជ្ចកាលគីម ចាប់តាំងពីឆ្នាំ១៩៤៨ មក ។ លោកគីម ជុងអ៊ុនបានបន្តតំណែងពីបិតាលោកគីមជុងអ៊ីល ដែលជាអ្នកស្នងតំណែងបន្តពីជីតាលោកគីម
អ៊ីលស៊ុង ។ សពបុរសទាំង២រូបនោះ ដែលមានរហស្សនាមថា មេដឹកនាំអមតៈ ត្រូវបានបញ្ចុះនៅវិមានព្រះអាទិត្យគីមស៊ូសាន ជាកន្លែងបញ្ចុះសពដ៏ធំស្ថិតនៅកណ្ដាលក្រុងព្យុងយ៉ាង ។
លោកគីម ជុងអ៊ុន បានទៅកាន់ទីនោះ អមដោយបណ្ដាអ្នកទទួលខុសត្រូវជាន់ខ្ពស់របស់ប្រទេស ដោយមានទាំងកូនស្រីលោកនាងគីម ជូអេ ផងដែរ ។
កូនស្រីលោកគីម ជុងអ៊ុន រូបនោះ ដែលគេមិនប្រាប់ឲ្យដឹងថា តើមានអាយុប៉ុន្មាននៅអែបជាប់នឹងបិតាជាច្រើនលើក ចាប់តាំងពីការបង្ហាញមុខលើកដំបូងពីឆ្នាំ២០២២មក ។ ផ្នែកស៊ើបការណ៍កូរ៉េខាងត្បូងគិតថា ថ្ងៃណាមួយកូនស្រីនេះនឹងឡើងស្នងតំណែងពីឪពុកសម្រាប់ជំនាន់ទី៤ ៕
ចែករំលែកព័តមាននេះ