រាជធានីភ្នំពេញ ៖ តារាចម្រៀងលោកជី ដេវីត និងនាងទេព បូព្រឹក្ស នឹងរៀនចំព្រឹត្តការណ៍វប្បធម៌សហសម័យដ៏ធំមួយដែលមានឈ្មោះថា «ខ្លឹមនៃព្រះនគរ» ក្នុងគោលបំណងរំលឹក និងបំផុសយុវជនជំនាន់ក្រោយចូលរួមលើកតម្កើង និងថែរក្សាវប្បធម៌របស់ខ្មែរ ។

ព្រឹត្តការណ៍នេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ នៅសាលមហោស្រពកោះពេជ្រ ។ បើតាមការប្រកាសរបស់តារាចម្រៀងនាងទេព បូព្រឹក្ស តាមបណ្តាញសង្គមបានអោយដឹងថា «ខ្លឹមនៃព្រះនគរ» ថ្ងៃនេះ ខ្ញុំមានកិត្តិយសសូមប្រកាសនូវកម្មវិធីវប្បធម៌សហសម័យដ៏ធំមួយនឹងប្រារព្ធឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ នៅសាលមហោស្រពកោះពេជ្រ។

នាងបញ្ជាក់ថា គោលបំណងរបស់យើងខ្ញុំ គឺធ្វើដើម្បីរំលឹក និងលើកតម្កើងសម្បត្តិវប្បធម៌ជាតិជាសញ្ញាមួយនៃការកសាងអត្តសញ្ញាណជាតិអោយកាន់តែរឹងមាំថែមមួយកំរឹតទៀត ។ នាងបន្តថា សម្បត្តិវប្បធម៌ដែលជាដួងព្រលឹងជាតិ គឺត្រូវបានយកចិត្តទុកដាក់ថែរក្សាជាមួយនឹងសកម្មភាពយ៉ាងសកម្មអំពីពួកយើងដែលជាកូនចៅនៃព្រះចៅក្រុងកម្ពុជា។

យើងខ្ញុំសូមអំពាវនាវដល់បងប្អូនខ្មែរ សូមចូលរួមអោយបានច្រើនកុះករ ដើម្បីជាចលនាវប្បជាតិនិយមដ៏អស្ចារ្យមួយចូលខ្មែរមានស្មារតីជាចង្កឹះមួយបាច់ ។សំបុត្រនឹងដាក់លក់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ថវិកាបានពីការលក់សំបុត្រទាំងស្រុងនឹងប្រគល់ជូនមូលនិធិ Brand Miss ដើម្បីជួយដល់វីរកងទ័ពដ៏អង់អាចរបស់យើង«វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន» ។
ចំណែកតារាចម្រៀងលោក ជី ដេវីត ក៏បានអះអាងដែរថា បច្ចុប្បន្ន ពួកយើងកំពុងខិតខំព្យាយាមការពារសិល្បៈវប្បធម៌របស់យើងពីចោរ ដែលតែងតែច្បាមយកសិល្បៈវប្បធម៌ និងប្រាសាទរបស់យើង ។

លោកបញ្ជាក់ថា លោកមានបំណងចង់ធ្វើកម្មវិធីយូរណាស់មកហើយ ដោយពេលនេះយើងធ្វើនៅក្នុងកាលៈទេសៈដ៏លំបាកមួយដែលយើងបានជួបរឿងសោកសៅទាំងអស់គ្នា ។ បើតាមលោកជី ដេវីត ព្រឹត្តការណ៍«ខ្លឹមនៃព្រះនគរ» គឺយើងមានឆន្ទៈមួយជាគោល គឺយើងចង់ដាស់ស្មារតីស្នេហាជាតិ និងវប្បធម៌ ។

វាជាពេលវេលាដ៏វិសេសវិសាលមួយសម្រាប់ទាំងអស់គ្នាមានឱកាសមកចូលរួម ដើម្បីបង្ហាញពីសាមគ្គីភាព និងភាពជាម្ចាស់ដើមនៃសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់យើង ។
លោករំពឹងថា ព្រឹត្តការណ៍នេះ នឹងមានការចូលរួមគាំទ្រច្រើនពីបងប្អូនជាពលរដ្ឋ ខណៈពេលថវិកាដែលទទួលបានយើងយកទៅចូលរួមក្នុងមូលនិធិជួយដល់វីរកងទ័ពកម្ពុជា ៕
ចែករំលែកព័តមាននេះ