រាជធានីភ្នំពេញ ៖ បណ្តឹងសារទុករបស់ជនជាប់ចោទឈ្មោះ នី ណាក់ ត្រូវបានតុលាការកំពូលសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺដាក់ឲ្យអនុវត្តក្នុងពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់ចំនួន៣លានរៀល សងជំងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន២៥០លានរៀល ។
កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ តុលាការកំពូលបានបើកសវនាការលើបណ្តឹងសារទុករបស់ជនជាប់ចោទឈ្មោះ នី ណាក់ ដែលសវនាការនោះ សាកសួរដេញដោលចប់សព្វគ្រប់ ចៅក្រមអង្គជំនុំជម្រះបានលើកពេលប្រកាសសាលដីកា ទៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធសំណុំរឿងពីបទ.បរិហាកេរ្ត៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើងលើលោក ហេង សួ រដ្ផមន្ត្រីក្រសួងការងារ ។
សូមបញ្ជាក់ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានលើកយកសំណុំរឿងជនជាប់ចោទឈ្មោះ នី ណាក់ ពាក់ព័ន្ធពីបទ.បរិហា
កេរ្ត៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង មកបើកសវនាការជំនុំជម្រះទោស ។ ជនជាប់ចោទត្រូវបានអនុរ័ក្សពន្ធនាគារផ្ទេរពីពន្ធនាគារខេត្តត្បូងឃ្មុំ មកកាន់មណ្ឌលអប់រំកែប្រែទី១ និងនាំមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសាកសួរដេញដោលក្នុងសវនាការតាមនីតិវិធី ។
សវនាការបានធ្វើឡើងជាសាធារណៈ ដែលមានលោក ទិតសុទ្ធី បូរ៉ាឆាត ជាចៅក្រមជំនុំជម្រះ និងលោកសេង ហៀង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងចំពោះមុខមេធាវីក្ដីឲ្យភាគីវិវាទ ។ ដើមបណ្ដឹងក្នុងរឿងក្ដីនេះ គឺមេធាវីតំណាងឲ្យលោក ហេង សួ រដ្ផមន្ត្រីក្រសួងការងារ ដោយភ្ជាប់នូវអង្គហេតុនៃការផ្សព្វផ្សាយរបស់ជនជាប់ចោទឈ្មោះនី ណាក់ តាមគណនីហ្វេសបុកឈ្មោះ «Iman KH» ដែលចោទប្រកាន់ថា លោក ហេង សួ មានដីទំហំ៩១ហិកតានៅខេត្តកំពត ។
ក្រោយបញ្ចប់ការសាកសួរដេញដោល តុលាការបានសម្រេចលើកប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ទៅថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៤ ។ ដល់ថ្ងៃកំណត់ប្រកាសសាលក្រមចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ នី ណាក់ ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៣លានរៀល ព្រមសងជំងឺចិត្តទៅដើមបណ្តឹងចំនួន២៥០លានរៀលផងដែរ ។
សាលក្រមនេះ ត្រូវបានជនជាប់ចោទកើតទុក្ខមិនសុខចិត្ត ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ ក្រោយមកសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានកាត់ក្តីសំណុំរឿងនេះដោយប្រកាសសាលដីកាសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ម្ល៉ោះហើបទើបជនជាប់ឈ្មោះ នី ណាក់ និងមេធាវីការពារក្តី ប្តឹងសារទុកទៅតុលាការកំពូលមួយថ្នាក់ទៀត ដើម្បីសុំលើកលែងទោស ។ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ តុលាការកំពូល បានលើកយកសំណុំរឿងនេះមកបើកសវនាការ ដែលបានធ្វើឡើងដោយកំបាំងមុខជនជាប់ចោទ តែចាត់ទុកចំពោះដោយមានមេធាវីការពារក្តីតាមផ្លូវច្បាប់ចូលរួមដែរ ។
សូមបញ្ជាក់ទៀតថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ លោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះនី ណាក់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអាជីវករ មានកន្លែងកំណើតភូមិរកា ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង និងទីលំនៅមុនឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៤៧ ផ្លូវបេតុង ភូមិគោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមដីកាបង្គាប់ឱ្យឃុំខ្លួនបញ្ជាក់ថា ជននេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ.ការមិនរាងចាលក្នុងបទមជ្ឈឹម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា ៨៨ មាត្រា៣០៧ មាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទឈ្មោះ នី ណាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការភ្លាមៗ កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ។ ជនជាប់ចោទឈ្មោះ នី ណាក់ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ កាលពីឆ្នាំ២០២០ ក្រោមបទចោទ.ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ទាក់ទិននឹងការប្រកាសពីផែនការទិញម៉ាស់មកពាក់ឱ្យសត្វមាន់ ក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតនូវជំងឺកូវីដ១៩ ដោយតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៨ខែ ហើយជនជាប់ចោទបានអនុវត្តទោសគ្រប់ចំនួន និងបានចេញពីពន្ធនាគារវិញកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១ ៕
ចែករំលែកព័តមាននេះ