រាជធានីភ្នំពេញ៖ក្រសួងការពារជាតិ បានចេញសេចក្ដីណែនាំថ្មីមួយដោយហាមឃាត់ដាច់ខាតនូវការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូនគ្រប់ប្រភេទនៅទូទាំងប្រទេស បើគ្មានការអនុញ្ញាតជាមុន។
វិធានការរឹតបន្តឹងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដោយក្នុងនោះក្រសួងបានសង្កត់ធ្ងន់ជាពិសេសទៅលើរាជធានី ខេត្ត និងតំបន់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តប៉ៃលិន។
នៅក្នុងសេចក្ដីណែនាំចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងបានព្រមានថា ជនណាដែលបំពានបង្ហោះដ្រូនដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងការពារជាតិ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។ ដើម្បីអនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាព អគ្គបញ្ជាការដ្ឋាន កងទ័ពជើងអាកាស កងការពារអាកាស និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់។ លើសពីនេះ ក្នុងករណីចាំបាច់ អង្គភាពទ័ពមានសិទ្ធិប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាប្រឆាំងដ្រូន (Anti-Drone System) ដើម្បីឆ្លើយតប និងទប់ស្កាត់រាល់ការហោះហើរដែលខុសច្បាប់ទាំងនោះភ្លាមៗ៕
ចែករំលែកព័តមាននេះ