ទីក្រុងម៉ូស្គូ៖ បណ្ដាប្រទេសនៅអឺរ៉ុបកំពុងត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើសង្គ្រាមជាមួយរុស្ស៊ី។ នេះបើយោងតាមការអះអាងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកសឺហ្គេ ឡាវរ៉ូស (Sergei Lavrov) មុនពេលមានកិច្ចជំនួបកំពូលរវាងលោកត្រាំ និងលោកហ្សេឡិនស្គីនៅរដ្ឋផ្លរីដាដើម្បីពិភាក្សាអំពីផែនការសន្តិភាពម្ភៃចំណុច។ គួរកត់សម្គាល់ថាកាលពីពេលកន្លងមក មន្ត្រីរដ្ឋាភិបាលអឺរ៉ុបខ្លះធ្លាប់និយាយជាញឹកញាប់ថាអឺរ៉ុបមិនទាន់ផ្ទុះសង្គ្រាមជាមួយរុស្ស៊ីពិតមែន ក៏ប៉ុន្តែមិនមែនមានន័យថាអឺរ៉ុបមានសន្តិភាពនោះដែរ។

បណ្ដាប្រទេសនៅអឺរ៉ុបដែលភាគច្រើនជាសមាជិកអង្គការណាតូកំពុងគិតគូរបង្កើនខ្ទង់ចំណាយលើវិស័យការពារជាតិឱ្យបានច្រើនជាងមុន ខណៈដែលរុស្ស៊ីក៏កំពុងវិនិយោគទឹកប្រាក់យ៉ាងច្រើនសម្បើមនៅក្នុងវិស័យយោធារបស់ខ្លួនផងដែរ។ មន្ត្រីនៅក្នុងអង្គការណាតូយល់ថារុស្ស៊ីអាចនឹងបើកការវាយប្រហារទៅលើរដ្ឋជាសមាជិកអង្គការណាតូនាចុងទសវត្សនេះ។ ដូច្នេះ ជម្រើសតែមួយគត់ដើម្បីទប់ទល់នឹងបញ្ហានេះគឺត្រូវតែពន្លឿនការកសាងកម្លាំងយោធារបស់អឺរ៉ុបឱ្យបានខ្លាំងក្លា។

ជាគោលការណ៍របស់អង្គការណាតូ បើរដ្ឋមួយរងការវាយប្រហារពីប្រទេសដទៃ រដ្ឋទាំងអស់នៅក្នុងអង្គការនេះត្រូវតែចេញមុខជួយព្រោះមានន័យស្មើនឹងការវាយប្រហារអង្គការណាតូទាំងមូល។ លោកសឺហ្គេ ឡាវរ៉ូសបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានតាស់ (TASS) របស់រុស្ស៊ីថាចាប់តាំងពីអាមេរិកមានរដ្ឋាភិបាលថ្មី (ក្រោមការដឹកនាំរបស់ត្រាំ) ពួកអឺរ៉ុប និងសហភាពអឺរ៉ុបក្លាយជាឧបសគ្គរារាំងមិនឱ្យមានសន្តិភាពទេ។ លោកយល់ថាពួកគេនិយាយដោយគ្មានលាក់បាំងទេថាពួកគេត្រៀមខ្លួនច្បាំងគ្នាជាមួយរុស្ស៊ី។

ឥឡូវនេះ នៅក្នុងដំណើរការចរចាសន្តិភាពអ៊ុយក្រែន អឺរ៉ុបកំពុងតាមដានដោយការភ័យអរៗ។ ពួកគេបារម្ភថាផែនការសន្តិភាពនោះអាចនឹងបិទបញ្ចប់សង្គ្រាម ហើយនឹងនាំមកនូវសន្តិភាពពិតមែន។ ប៉ុន្តែជាសន្តិភាពដែលធ្វើឱ្យអ៊ុយក្រែនខាតបង់ទឹកដីទៅខាងរុស្ស៊ី។ ពួកអឺរ៉ុបកំពុងព្រួយបារម្ភជាពិសេសនៅបណ្ដារដ្ឋជាសមាជិកអង្គការណាតូភាគខាងកើតដែលមានព្រំប្រទល់ជាប់ ឬជិតនឹងប្រទេសរុស្ស៊ី។ ពួកគេបារម្ភថាក្រោយពេលចប់សង្គ្រាមអ៊ុយក្រែន រុស្ស៊ីអាចនឹងដកកម្លាំងទៅប្រមូលផ្ដុំគ្នានៅភាគខាងកើតវិញម្ដង។ ប៉ុន្តែរុស្ស៊ីធ្លាប់បញ្ជាក់រួចហើយថាការគិតបែបនេះជាគំនិតមិនសមហេតុផល។

កាលពីខែមិថុនា អង្គការណាតូបានសន្យាថាត្រូវតែបង្កើនខ្ទង់ចំណាយដល់៣,៥%នៃជីឌីភីរបស់ខ្លួនដើម្បីអភិវឌ្ឍសមត្ថភាពការពារខ្លួនដូចជាផលិតរថក្រោះ ឬគ្រឿងបរិក្ខាយោធាធុនធ្ងន់ដទៃទៀត។ ក្រៅពីនេះ ណាតូក៏ត្រៀមបម្រុងថវិកា១,៥%នៃជីឌីភីសម្រាប់ចំណាយលើការពង្រឹងសន្តិសុខ និងការពារជាតិដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។ ក្រុមអ្នកជំនាញអះអាងថាសព្វថ្ងៃនេះ រុស្ស៊ីចំណាយលើសពី៧%នៃជីឌីភីរបស់ខ្លួនទៅលើយោធា។ ពោលគឺស្មើនឹង២០%នៃថវិកាជាតិដែលប្រើប្រាស់នៅតាមក្រសួងនានា។ នេះបើយោងតាមញូស្វីក (Newsweek) និងប្រទេសដទៃទៀត៕
ចែករំលែកព័តមាននេះ