ទីក្រុងរ៉ង់ហ្គូន៖ ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅមីយ៉ាន់ម៉ា។ ពេលនេះ ការបោះឆ្នោតបានបិទបញ្ចប់ដំណាក់កាលទីមួយនៅគ្រប់មណ្ឌលទាំងអស់ ហើយនឹងឈានដល់ការរាប់សន្លឹកឆ្នោត។ ការបោះឆ្នោតបានប្រព្រឹត្តទៅនៅក្នុងតំបន់ប្រហែល១/៣នៃទឹកដីសរុបដោយសារបញ្ហាអសន្តិសុខ និងការប្រយុទ្ធគ្នាពីក្រុមប្រដាប់អាវុធនៅក្នុងព្រៃ។

ជារួម មីយ៉ាន់ម៉ាមានស្រុកសរុប៣៣០។ ការបោះឆ្នោតលើកនេះមិនបានរៀបចំនៅក្នុងទីតាំងធំៗនោះទេនៅពេលសង្គ្រាមស៊ីវិលរវាងរបបសឹករបស់លោកមីនអុងឡាំង និងក្រុមប្រឆាំងនឹងរបបដឹកនាំរបស់លោកបន្តឆាបឆេះយ៉ាងក្ដៅគគុក។ ក្រុមប្រឆាំងបានប្រកាសតាំងពីដើមទីថាពួកគេនឹងមិនអនុញ្ញាតឱ្យរៀបចំការបោះឆ្នោតនៅលើទីតាំងដែលពួកគេកាន់កាប់ជាដាច់ខាត។

នៅរ៉ង់ហ្គូនដែលជាទីក្រុងធំជាងគេរបស់មីយ៉ាន់ម៉ា និងដែលមានមនុស្សរស់នៅ៧លាននាក់ គេឃើញថាមណ្ឌលបោះឆ្នោតចាប់ផ្ដើមបើកទ្វារតាំងពីព្រឹកព្រលឹមម៉ោង៦ និងបិទទ្វារទៅវិញនៅម៉ោង៤ល្ងាច។ ការបោះឆ្នោតលើកនេះចែកចេញជាបីដំណាក់កាល។ បន្ទាប់ពីចប់ដំណាក់កាលទីមួយនេះ មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតដំណាក់កាលទីពីរនៅថ្ងៃទី១១ ខែមករា ហើយនឹងរៀបចំការបោះឆ្នោតដំណាក់កាលទីបីនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។

ការបោះឆ្នោតលើកនេះនឹងមិនមានការចូលរួមពីប្រជាជនមីយ៉ាន់ម៉ាយ៉ាងតិច២០%។ នេះបើយោងតាមការសង្កេតការណ៍របស់អ្នកសារព័ត៌មានដែលចុះទៅដល់ទីក្រុងរ៉ង់ហ្គូនផ្ទាល់នៅថ្ងៃអាទិត្យ។ ចំនួនអ្នកទៅបោះឆ្នោតលើកនេះក៏មានចំនួនតិចតួចបើប្រៀបធៀបកាលពីលើកមុន។ នៅក្នុងចំណោមអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានតែ១/៣ប៉ុណ្ណោះដែលទៅបោះឆ្នោត។

គណបក្សឈ្មោះសាមគ្គី និងអភិវឌ្ឍសហជីពដែលជាបក្សគាំទ្រពួកយោធាត្រូវគេរំពឹងថានឹងទទួលបានសំឡេងឆ្នោតច្រើនជាងគេ។ ពួកយោធាដែលបន្តកាន់កាប់អំណាចចាប់តាំងពីឆ្នាំ២០២១អះអាងថាការបោះឆ្នោតលើកនេះជាឱកាសស្ដារសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសជាតិដែលមានប្រជាជនជាង៥៥លាននាក់។ លោកមីនអុងឡាំងថ្លែងថានេះជាមាគ៌ាឆ្ពោះទៅរកការផ្សះផ្សាជាតិឡើងវិញ។

លោកបានធ្វើដំណើរទៅបោះឆ្នោតនៅទីក្រុងណៃពិដោរដោយស្លៀកពាក់ខោអាវស៊ីវិល។ បន្ទាប់មក លោកយកដៃជ្រលក់ទឹកថ្នាំ និងញញឹមពព្រាយ។ អ្នកបោះឆ្នោតត្រូវជ្រលក់ទឹកថ្នាំដែលមិនអាចលុបជ្រះដើម្បីធានាថាពួកគេមិនអាចបោះឆ្នោតពីរដង ឬច្រើនជាងនេះបានឡើយ។ លោកមីនអុងឡាំងថ្លែងប្រាប់អ្នកសារព័ត៌មានថាការបោះឆ្នោតលើកនេះប្រកបដោយភាពសេរី និងយុត្តិធម៌ ហើយលទ្ធផលឆ្នោតលើកនេះគ្មានការបន្លែបន្លំទេព្រោះពួកយោធាជាអ្នករ៉ាប់រងមើលការខុសត្រូវលើធុងឆ្នោត។

ទូរទស្សន៍របស់រដ្ឋបានផ្សព្វផ្សាយបទវិចារណកថាមួយពាក់ព័ន្ធនឹងការបោះឆ្នោត។ ទូរទស្សន៍នេះផ្សាយថាការបោះឆ្នោតនេះជាការបើកទំព័រសករាជថ្មី និងជាស្ពានចម្លងសម្រាប់ប្រជាជនមីយ៉ាន់ម៉ាឆ្ពោះទៅរកវិបុលភាពនាពេលអនាគត។ ទូរទស្សន៍ដដែលនេះផ្សាយថានៅក្នុងការបោះឆ្នោតលើកនេះមានអ្នកសង្កេតការណ៍មកពីប្រទេសជាច្រើនមានឱកាសចូលទៅពិនិត្យមើលដំណើរការបោះឆ្នោត។ ពួកគេមកពីប្រទេសរុស្ស៊ី ចិន បេឡារូស កាហ្សាក់ស្ថាន កម្ពុជា វៀតណាម នីការ៉ាហ្គួ និងឥណ្ឌា។ នេះបើតាមការផ្សាយរបស់អាល់ចាស៊ីរ៉ា (al Jazeera) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ