រាជធានីភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជានិងថៃ នឹងប្រព្រឹត្តទៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និងភាពស្មោះត្រង់ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកជំរុញការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ។
កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាម ជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាព និងស្ថិរភាពតំបន់ ។ កម្ពុជាបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាមគ្រប់មធ្យោបាយសន្តិវិធីការសន្ទនា និងផ្លូវការទូតស្របតាមច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
នាឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សុខុន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោកទាំងមូល ៕
ចែករំលែកព័តមាននេះ