តារាសម្តែងលោក ជី ដេវីដ និងភរិយាអ្នកនាង ទេព បូព្រឹក្ស បានចេញមុខថ្កោលទោសទៅលើយោធាថៃ ដែលបានកម្ទេចរូបសំណាកទេវរូបវិស្ណុ ដែលមានទីតាំងនៅលើភ្នំអានសេះ ខេត្តព្រះវិហារ ដែលជាដែនធិបតេយ្យប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ ។

លោក ជីដេវីដ និងនាង ទេព បូព្រឹក្ស បានចាត់ទុកសកម្មភាពរបស់យោធាថៃនាពេលនេះ គឺជាឃាតករសាសនានៃការប្រមាថចំពោះទេវរូប ដែលតំណាងអោយអំណាចនៃចក្រវាឡ ដែលមានអ្នកប្រតិស្ឋានទុកជាទីគោរពប្រតិបត្តដ៏ខ្ពង់ខ្ពស់បំផុត ។
តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមតារាចម្រៀងលោក ជី ដេវីដ បានលើកឡើងថា ក្នុងនាមខ្ញុំ និងភរិយាជាអ្នកបានដល់នូវការគោរពប្រតិបតិ្តសាសនាបុព្វបុរស ព្រមទាំងការគោរពឱនលំទោនប្រកាន់ខ្ជាប់នូវការគោរពលទ្ធិ «ទេវរាជ» និង« ត្រីមូរតិ» សូមប្រកាសថ្កោលទោសដល់ពូជអំបូរថៃ ដែលជាអំបូរនៃឃាតករសាសនាការប្រមាថចំពោះទេវរូប ដែលតំណាងអោយអំណាចនៃចក្រវាឡ ។

លោកបញ្ជាក់ថា ទោសនេះនឹងធ្លុះធ្លាយធ្លាក់ជាភ្លើងធ្លាក់ចំកណ្តាលដួងកែវបីសាចនៃអបូរទមិឡយ៉ាងប្រាកដ៏ជាក់នាពេលដ៏ខ្លីខាងមុខនេះ ដោយអំណាចនៃស្តេចអថ័នបុព្វបុរសនឹងកំណត់ជោគវាសនាជនទាំងនោះអោយជាប់នៅក្នុងវាលដែលដុតរង្គាលដោយភ្លើង។
សូមអោយសម្លេងឧទ្ទិសឋាននៃសាវ័កទូរទាំងទ្វីបដែលបានដង្ហើយសុំដល់ទ្រង់សូមអោយមានអនុភាពកំទេចពូជសាសន៍ដែលបានកំទេចនូវរូបសំណាក់ដែលបានប្រតិស្ឋានទុកជាទីគោរពប្រតិបត្តដ៏ខ្ពង់ខ្ពស់បំផុត ។

ជាការកត់សម្គាល់ សម្រាប់ការផ្ទុះការតវ៉ា និងថ្កោលទោសយោធាថៃដែលបំផ្លាញរូបសំណាកទេវរូបវិស្ណុ ក្នុងដែនដីកម្ពុជានាពេលនេះ មិនមែនកើតឡើងតែសម្រាប់តារាចម្រៀងលោក ជី ដេវីដ និង ទេព បូព្រឹក្ស នោះឡើយ ពោលគេក៏ឃើញមានអ្នកសិល្បៈមួយចំនួនទៀត និងមហាជនខ្មែរជាច្រើន ជាពិសេស មន្ត្រីជាន់ខ្ពស់ និងប្រជាជនដែលជាអ្នកកាន់សាសនាហិណ្ឌូនៅលើពិភពលោកក៏បានចេញប្រតិកម្ម និងថ្កោលទោសដូចគ្នានេះដែរ ។
អ្នកកាន់សាសនាហិណ្ឌូនៅលើពិភពលោកបានមើលឃើញពីភាពឃោរឃៅយង់ឃ្នងរបស់យោធាថៃដែលបានវាយកម្ទេចបំផ្លាញរូបសំណាកព្រះវិស្ណុដែលជាទេវៈបង្កើតលោក និងថែរក្សាលោក ពេលខ្លួនបានប្រើកម្លាំងទ័ពឈ្លានពានកម្ពុជា ។

ដោយឡែក សម្រាប់ក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជាក៏បានចេញញត្តិថ្កោលទោស ចំពោញការវាយកម្ទេចរូបសំណាកទេវរូបវិស្ណុ ក្នុងដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់យោធាថៃនាពេលនេះផងដែរ ។
ក្រសួងធម្មការ និងសាសនាបានចាត់ទុកសកម្មភាពនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍អ្នកគោរពសាសនានៅជុំវិញពិភពលោក ព្រោះរូបសំណាកនេះត្រូវបានគេគោរពបូជាយ៉ាងខ្ពង់ខ្ពស់ ដោយប្រជាជនទូទៅ ហើយក៏ជាផ្នែកមួយនៃបេតិភណ្ឌ អារ្យធម៌រួមគ្នារបស់មនុស្សជាតិ ។
គួរបញ្ជាក់ថា រូបសំណាកព្រះវិស្ណុដែលយោធាសៀមកម្ទេចនោះ គឺបានកសាងឡើងនៅក្នុងឆ្នាំ២០១៥ នៅលើខ្នងភ្នំអានសេះ ជាស្នាដៃជាង សុខណា គូរប្លង់ដោយលោក សុខ ចំរើន ក្នុងនោះអ្នកផ្តួចផ្តើមគំនិតសាងសង់ គឺអ្នកឧញ៉ា ទ្រីភាព ដែលលោកបានបង្កើតការសាងសង់នេះដើម្បីឧទ្ទិសដល់ព្រះអាទិទេពលើខ្នងភ្នំអានសេះនេះ និងសុំសេរីសួស្តី ពរជ័យពីព្រះអង្គ ៕






ចែករំលែកព័តមាននេះ