ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម ៖ ជ្រូក​ងា.ប់​ដោយ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​រាប់រយ​ក្បាល ត្រូវ​បាន​ជីក​ចេញពី​កន្លែង​កប់​ចោល យក​លក់​លើ​ទីផ្សារ

2 ម៉ោង មុន

ប្រទេស​វៀតណាម ៖ ប៉ូលិស​ប្រចាំ​ខេត្ត ខា​ញ់ ហ័​រ (Khanh Hoa) ភាគ​កណ្តាល​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ…

ប្រទេស​វៀតណាម ៖ ប៉ូលិស​ប្រចាំ​ខេត្ត ខា​ញ់ ហ័​រ (Khanh Hoa) ភាគ​កណ្តាល​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៥ បាន​ចោទប្រកាន់​បុរស​ម្នាក់ និង​មនុស្ស ៦ នាក់​ផ្សេង​ទៀត ពី​បទ​ជីក​យក​ជ្រូក​ងាប់​ដោយសារ​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​ ឬប៉េស្តជ្រូកអាហ្វ្រិករាប់រយ​ក្បាល ដែល​ត្រូវ​បាន​កប់​ចោល ដើម្បី​យក​មក​កែ​ច្នៃ និង​បង្កក មុន​ពេល​លក់​នៅ​លើ​ទីផ្សារ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress និង Tuoi Tre បាន​ចេញផ្សាយ​។

អាជ្ញាធរ​បាន​អះអាង​ថា ជនជាប់ចោទ ឈ្មោះ Dang Hoang Dinh បាន​ជួល​កម្មករ​មួយ​ក្រុម (៦​នាក់​) ដើម្បី​ទៅ​ជីក​យក​ជ្រូក​ដែល​ពី​មុន​ត្រូវ​បាន​សម្លាប់ និង​កប់​ចោល ដើម្បី​ទប់ស្កាត់​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​។ ជ្រូក​ទាំងនោះ​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​កន្លែង​ដែល​ក្រុម​ពួក​គេ​យក​ទៅ​សម្អាត និង​បង្កក​សាច់​សម្រាប់​លក់​បន្ត​លើ​ទីផ្សារ​។ មន្ត្រី​ស៊ើបអង្កេត​បាន​ព្រមាន​ថា ប្រតិបត្តិការ​នេះ បាន​បង្ក​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​សុខភាព​សាធារណៈ និង​អាច​រីក​រាលដាល​មេរោគ​ដ៏​គ្រោះថ្នាក់ ប្រសិនបើ​បរិភោគ​។

ការ​ចុះ​ត្រួតពិនិត្យ​ដ៏​ភ្ញាក់ផ្អើល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បាន​កើតឡើង​តាំង​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​នាយកដ្ឋាន​ស៊ើបអង្កេត​ប្រឆាំង​អំពើ​ពុក​រលួយ ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច និង​ការ​រត់ពន្ធ​នៃ​នគរបាល​ខេត្ត ខា​ញ់ ហ័​រ បាន​រក​ឃើញ​ជ្រូក​ងាប់ និង​ឈឺ​ធ្ងន់​សរុប ៣០៤​ក្បាល នៅ​ទីតាំង​កើតហេតុ​។ ក្នុង​ចំណោម​នេះ ជ្រូក ១៤៦ ក្បាល​ត្រូវ​បាន​សម្លាប់ និង ៣៣ ក្បាល​នៅ​រស់​តែ​ស្ថិត​ក្នុង​ស្ថានភាព​ខ្សោយ​ខ្លាំង​។

តម្លៃ​សរុប​នៃ​វត្ថុ​តាង​ដែល​រឹបអូស​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​តម្លៃ​ប្រហែល ៨៥០ លាន​ដុ​ង ឬជាង​៣២​ ០០០ ​ដុល្លារ​។ ក្រុម​ដែល​បាន​រៀបរាប់​ខាងលើ​ក៏​បាន​កែ​ច្នៃ​សាច់​ជ្រូក​ជាង ៥ តោន ដែល​មាន​តម្លៃ​ជាង ៥០០ លាន​ដុ​ង ឬ ១៩ ០០០ ដុល្លារ​។ លទ្ធផល​ការ​ធ្វើតេស្ត​ក្រោយមក​បង្ហាញ​ថា សំណាក​ចំនួន ២៩៥ ក្បាល​ក្នុង​ចំណោម ៣០៤ ក្បាលមាន​លទ្ធផល​វិជ្ជមាន​មេរោគ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​។

អាជ្ញាធរ​ខេត្ត ខា​ញ់ ហ័​រ បាន​វាយតម្លៃ​ថា សកម្មភាព​ខាងលើ​មិន​ត្រឹមតែ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​បទ​ប្បញ្ញត្តិ​សុវត្ថិភាព​ចំណីអាហារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គំរាមកំហែង​ដោយ​ផ្ទាល់​ដល់​អាយុជីវិត និង​សុខភាព​អ្នក​ប្រើប្រាស់ រួម​ទាំង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ឧស្សាហកម្ម​ចិញ្ចឹមសត្វ និង​បំពុលបរិស្ថាន​។

បច្ចុប្បន្ន នាយកដ្ឋាន​នគរបាល​ស៊ើបអង្កេត​ខេត្ត ខា​ញ់ ហ័​រ កំពុង​បន្ត​ពង្រីក​ការ​ស៊ើបអង្កេត និង​ដោះស្រាយ​ករណី​នេះ​តាម​បទ​ប្បញ្ញត្តិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com