ទីក្រុងប៉េកាំង៖ ពាក់ព័ន្ធនឹងការចុះកិច្ចព្រមព្រៀងរវាងអាមេរិក និងកោះតៃវ៉ាន់ដើម្បីលក់អាវុធតម្លៃរាប់សិបពាន់លានដុល្លារនោះ ប្រទេសចិនបានបញ្ចេញប្រតិកម្មខ្លាំងៗ និងព្រមានថាទង្វើនេះនឹងធ្វើឱ្យមានហានិភ័យនៃសង្គ្រាម។ អ្នកនាំពាក្យក្រសួងការពារជាតិចិនចាត់ទុកថាការលក់អាវុធលើកនេះប្រៀបបាននឹងការជួយពន្លឿនឱ្យលទ្ធភាពនៃការផ្ទុះសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់កើតឡើងកាន់តែឆាប់។

សូមរំលឹកថាកាលពីសប្ដាហ៍មុន អាមេរិកប្រកាសលក់អាវុធតម្លៃ១១,១ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់។ វាជាការទិញ-លក់អាវុធដែលមានទឹកប្រាក់ច្រើនបំផុតមិនធ្លាប់មានសម្រាប់កោះមួយនេះ។ ដូច្នេះអ្នកនាំពាក្យក្រសួងការពារជាតិចិនថ្លែងថាអាមេរិកកំពុងតែលេបពាក្យសម្ដីរបស់ខ្លួន (ដែលសន្យាជាមួយចិន) ដោយបង្កើនការលក់អាវុធកាន់តែច្រើនឡើងៗទៅឱ្យតៃវ៉ាន់, បង្កើនការទទួលស្គាល់កោះតៃវ៉ាន់, បង្កើនចរិតក្រអឺតក្រអោង និងបង្កើនល្បឿននៃលទ្ធភាពផ្ទុះសង្គ្រាមនៅច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យចិន លោកសាងស៊ាវកាង (Zhang Xiaogang) សូមអំពាវនាវឱ្យអាមេរិកបញ្ឈប់ទាំងស្រុងនូវការបង្កហេតុ និងកែសម្រួលឡើងវិញនូវទង្វើខុសឆ្គងរបស់ខ្លួន។ អាមេរិកគួរតែយល់ឱ្យបានច្បាស់ថាតៃវ៉ាន់គឺជាបញ្ហាដ៏រសើបបំផុត, ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងសេចក្ដីថ្លែងការណ៍រួមរវាងចិន និងអាមេរិក។ អាមេរិកគួរប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាតៃវ៉ាន់, គួរឈប់ផ្គត់ផ្គង់អាវុធទៅឱ្យតៃវ៉ាន់ទោះបីនៅក្នុងរូបភាពអ្វីក៏ដោយ និងគួរចាត់វិធានការដោយហ្មត់ចត់ដើម្បីគ្រប់គ្រងស្ថានភាពទូទៅនៃទំនាក់ទំនងចិន-អាមេរិក។

គម្រោងលក់អាវុធដែលអាមេរិកអនុម័តយល់ព្រមកាលពីថ្ងៃទី១៨ ខែធ្នូនោះបើតាមការប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់ថាមានអាវុធ៨ប្រភេទ។ ក្នុងនោះមានកាំជ្រួចហ្វូងម៉ាកហាយម៉ាស់ (HIMARS), កាំភ្លើងធំហូវីតហ្សឺ (howitzer), មីស៊ីលម៉ាកចាវើលីន (Javelin) សម្រាប់បាញ់រថក្រោះ, ដ្រូន និងគ្រឿងបរិក្ខារយោធាដទៃទៀត។ នេះបើយោងតាមការផ្សាយរបស់ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ