រាជធានីភ្នំពេញ ៖ អ្នកនាង សុភ័ក្រ កុសមៈ បានស្នើសុំចិត្តមហាជន ក៏ដូចជាអ្នកគាំទ្រទាំងអស់ ដើម្បីបន្តការងារសិល្បៈជាថ្មីឡើងវិញ ក្រោយផ្អាកមួយរយៈ បន្ទាប់ពីកម្ពុជាកំពុងរងការឈ្លានពានពីប្រទេសថៃ ខណៈពេលដែលបច្ចុប្បន្នភ្លើងសង្គ្រាមមួយនេះនៅមិនទាន់រលត់ក៏ដោយ ។

យ៉ាងណា បើទោះបីជានាងវិលមករកការងារសិល្បៈជាថ្មីឡើងវិញនាពេលនេះ នាងក៏នឹងមិនចោលការងារជួយសង្គមនៅក្នុងអំឡុងពេលនេះដែរ ពោលនាងនឹងដកយកថវិកាមួយចំណែកដែលបានមកពីការងារសិល្បៈ ដើម្បីចូលរួមក្នុងមូនិធិសម្រាប់ជួយជនភៀសសឹក និងវីរកងទ័ពជួរមុខ ។

សុភ័ក្រ កុសមៈ បានអះអាងនៅលើបណ្តាញសង្គមថា នាងខ្ញុំសុំបន្តការងារធម្មតាបងប្អូន ហើយទឹកប្រាក់ដែលទទួលបាននាងខ្ញុំនឹងដកមួយចំណែកចូលរួមមូលនិធិ ។ នាងបញ្ជាក់ថា នៅក្នុងកាលៈទេសៈនាពេលនេះ អារម្មណ៍បងប្អូនក៏ខុសពីអារម្មណ៍នាងដែរគឺសុទ្ធតែតានតឹង ប៉ុន្តែត្រឡប់ជារួមមកវិញ នាងចង់ឲ្យបងប្អូនផ្តោតទៅលើការងារ និងការរកស៊ីធម្មតារបស់បងប្អូនទៅតាមជំនាញរបស់បងប្អូន ។

នាងបន្តថា ប្រសិនបើយើងនៅតែផ្អាកការងាររកស៊ី និងធ្វើការ ខ្ញុំមិនគិតថា វាអាចទៅជួយចរន្តសេដ្ឋកិច្ចយើងដំណើរការបានល្អនោះឡើយ ផ្ទុយទៅវិញ វាធ្វើឲ្យយើងខ្វះខាតទៅវិញ ហើយយើងខ្វះខាតយើងក៏មិនអាចមានលទ្ធភាពជួយទៅដល់បងប្អូនជនភៀសសឹក និងបងៗវីរកងទ័ពនោះឡើយ ។

ដូច្នេះ ក្នុងនាមនាងជាសិល្បៈការិនីមួយរូប នាងខ្ញុំនឹងនៅតែបំពេញការងារធម្មតា ហើយបងប្អូនបានដឹងហើយថា ក្រុមហ៊ុនដែលនាងទទួលការផ្សព្វផ្សាយនោះ ក៏បានជួយដល់បងប្អូនជនភៀសសឹក និងវីរកងទ័ពច្រើនមែនទែន ដូចនេះនាងនៅតែបន្តសម្តែងជូនពួកគាត់ ខណះពេលខាងគាត់ក៏បើកដំណើរការជាធម្មតា ។

សុភ័ក្រ កុសមៈ បញ្ជាក់ថា សម្រាប់ការសម្តែងរបស់នាងនោះ នាងនឹងដកយកមួយចំណែក ដើម្បីចូលទៅក្នុងមូនិធិសម្រាប់ជួយទៅដល់ជនភៀសសឹក និងបងៗដែលជាវីរកងទ័ពជួរមុខដែលកំពុងឈរការពារទឹកដីពីពួកឈ្លានពាន ។

ជាការកត់សម្គាល់ សម្រាប់ការបន្តការងារសិល្បៈឡើងវិញ នៅក្នុងអំឡុងពេលប្រទេសកំពុងមានសង្គ្រាមពីសំណាក់ សុភ័ក្រ កុសមៈ នាពេលនេះ មិនមែនមានតែរូបនាងម្នាក់ទេ ពោលគេក៏ឃើញមានអ្នកសិល្បៈជាច្រើនទៀត ក៏បានសូមការយោគយល់ពីមហាជនសម្រាប់បន្តការងារសិល្បៈដូចគ្នានេះផងដែរ ។

ពួកគេទាំងអស់នោះបានអះអាងដូចៗគ្នាថា ការបន្តការងារសិល្បៈឡើងវិញនេះ គឺដើម្បីទ្រទ្រង់ជីវភាព និងជួយចរន្តសេដ្ឋកិច្ចជាតិ ហើយក៏មានលទ្ធភាពបន្ថែមជួយដល់ប្រជាជនភៀសសឹក និងវីរកងទ័ព ក្នុងអំឡុងពេលប្រទេសកម្ពុជាកំពុងជួបការឈ្លានពានពីសំណាក់ប្រទេសថៃ ៕
ចែករំលែកព័តមាននេះ