រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិបានបញ្ជាក់ឲ្យដឹងថា យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម ចំនួន ៣៣គ្រាប់ ចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួកខេត្តបន្ទាយមានជ័យបណ្តាលប្រជាពលរដ្ឋស្លូតត្រង់ស្លាប់១នាក់ និងរបួស៧នាក់ ។
ក្រសួងការពារជាតិបានលើកពីបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា នៅក្នុងយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តន្ទាយមានជ័យ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ថា ចាប់ពីម៉ោង៧:០០នាទី ដល់ម៉ោង១០:៥០នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ១៥៥ម.ម ចំនួន ៣៣គ្រាប់ ចូលភូមិសាស្ត្រភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌ជាទីបំផុត បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១នាក់ និងរងរបួសចំនួន៧នាក់។
ក្រសួងបានចាត់ទុកសកម្មភាពខាងលើ គឺជាការវាយប្រហារដ៏សាហាវឃោរឃៅ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ដែលជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះយោធាថៃបានយកទីតាំងស៊ីវិលធ្វើជាគោលដៅបាញ់ប្រហារ។
ជាមួយគ្នានោះដែរក្រសួងបានលើកឡើងថាកងកម្លាំងរបស់កម្ពុជាបានប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត ៕
ចែករំលែកព័តមាននេះ