រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជាថ្កោលទោសចំពោះការឈ្លានពានដ៏ឃោរឃៅនិងអមនុស្សធម៌របស់ថៃជាការប្រើច្បាប់ព្រៃ។
យោងតាមថ្លែងការណ៍របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២៥បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានដ៏ឃោឃៅនិងអមនុស្សធម៌របស់ថៃ ដែលកំពុងបន្តនិងរីករាលដាលកាន់តែខ្លាំងឡើងៗដោយបានប្រើប្រាស់គ្រឿង យុទ្ធោបករណ៍ធុនធ្ងន់ច្រើនប្រភេទ រួមមាន យន្តហោះចម្បាំងប្រភេទអេហ្វ ១៦ (F-16) និងធី៥០ ធីអេច (T-50TH) នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោមជាដើម បាញ់ស្រោចចូល ៨០-៩០ គីឡូម៉ែត្រ ក្នុងដែនអធិបតេយ្យរបស់កម្ពុជា តាមខេត្តនានា ដែលមានលំនៅដ្ឋានប្រជាជនស៊ីវិលកំពុងរស់នៅ។
រដ្ឋសភាបានលើកឡើងថា អំពើដ៏ សាហាវព្រៃផ្សៃទាំងនេះ មិនត្រឹមតែជាការរំលោភលើអធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការរំលោភយ៉ាង ច្បាស់ក្រឡែតលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលមានការធ្វើជាសាក្សីដោយ ឯកឧត្តម ដូណាល់ ត្រាំ (Donald J. Trump) ប្រធានាធិបតីនៃសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេន។ ទង្វើទាំងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពតំបន់ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។
ថ្លែងការណ៍រដ្ឋសភាបានលើកឡើងថា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ប្រតិបត្តិការយោធា ថៃបានទម្លាក់គ្រាប់ និងបាញ់ប្រហារ ដោយឥត រើសមុខលើទីតាំងជនស៊ីវិល ដែលបណ្តាលឱ្យប្រជាជនស្លូតត្រង់ស្លាប់ ២១ នាក់ និងរបួស ៨៣ នាក់ ខណៈពេល ដែលប្រជាជនជាង ៦០០,០០០ នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួន រួមមានស្ត្រី ២៩០,០០០ នាក់ និងកុមារ ១៧៥,០០០ នាក់។ ការបន្តឈ្លានពានទាំងកំរោលនេះ បានបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមកលើសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងបេតិកភណ្ឌជាតិ រួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ជាដើម។
ថ្លែងការណ៍បន្តថា អំពើឈ្លានពានរបស់យោធាថៃ ដែលបានអូសបន្លាញរយៈពេល១៨ ថ្ងៃមកនេះ បានវិវត្តពីការប៉ះទង្គិចគ្នា តាមព្រំដែនទៅជាសង្គ្រាមឈ្លានពានយ៉ាងពេញទំហឹងប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ដោយមានវត្តមានកងទ័ពថ្មើរជើងថៃចូលផ្ទះសម្បែងប្រជាជនក្នុងទឹកដីកម្ពុជា។ ការបំផ្លិចបំផ្លាញជាប្រព័ន្ធលើ អាយុជីវិតជនស៊ីវិល បេតិកភណ្ឌ សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ដែលទាមទារឱ្យមានការថ្កោលទោសជាដាច់ខាត។
រដ្ឋសភាបានគូសបញ្ជាក់ថា៖” នៅលើលោកនេះ គ្មានរដ្ឋណាមួយអាចស្ថិត នៅក្រៅច្បាប់នោះទេ ហើយការឈ្លានពានដែលបន្លំខ្លួនក្រោមលេសសន្តិសុខគឺជាឧក្រិដ្ឋកម្មពិតប្រាកដ”។
រដ្ឋសភាបានលើកឡើងទៀតថា ថ្ងៃនេះ កម្ពុជាទទួលរងការឈ្លានពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រទេសជិតខាង ដែលមានទំហំធំជាង និងមាន កម្លាំងយោធាខ្លាំងជាង។ ប្រសិនបើពិភពលោកធ្វើព្រងើយកន្តើយ មិនអើពើ គឺស្មើនឹងការទទួលស្គាល់នូវគំរូដ៏អាក្រក់ នៃការជំរុញការអនុវត្តច្បាប់ព្រៃ “អ្នកខ្លាំងគឺឈ្នះ»។ ប្រសិនបើច្បាប់ព្រៃត្រូវបានអនុវត្តក្នុងតំបន់អាស៊ីអាគ្នេយ៍នៅ ថ្ងៃនេះ នោះនឹងមិនមានប្រទេសតូចណាមួយលើលោកមានសុវត្ថិភាពនាពេលអនាគតឡើយ។ ការឈ្លានពានរបស់ ថៃគួរតែត្រូវទទួលការថ្កោលទោស និងដាក់ទណ្ឌកម្មឱ្យធ្ងន់ធ្ងរបំផុត និងខាងតែបាន។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និង សភានានាជុំវិញពិភពលោកឱ្យដាក់សម្ពាធលើប្រទេសថៃបញ្ឈប់រាល់ប្រតិបត្តិការយោធាថៃទាំងអស់នៅក្នុងទឹកដី កម្ពុជាជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ និងទទួលខុសត្រូវ ចំពោះមុខច្បាប់អន្តរជាតិ៕
ចែករំលែកព័តមាននេះ