សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ចេកក្រហមត្រូវបានគេចាត់ទុកថាជាកំពូលផ្លែឈើដ៏មានប្រសិទ្ធភាពបំផុតមួយ សម្រាប់អ្នកដែលកំពុងប្រឈមមុខនឹងបញ្ហាពោះវៀនរ៉ាំរ៉ៃ ជាពិសេសគឺអាការៈទល់លាមក និងការពិបាករំលាយអាហារ។
តាមរយៈគុណតម្លៃផ្នែកអាហារូបត្ថម្ភដ៏សម្បូរបែប ចេកប្រភេទនេះមានផ្ទុកនូវជាតិសរសៃ ខ្ពស់ជាងចេកធម្មតា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ដំណើរការកិនរំលាយអាហារ និងធ្វើឱ្យចលនាពោះវៀនដំណើរការបានយ៉ាងរលូន។
សម្រាប់ការប្រើប្រាស់ និងការទទួលទានឱ្យបានត្រឹមត្រូវដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត លោកអ្នកគួរជ្រើសរើសទទួលទានចេកក្រហមដែលទុំល្អ (សាច់ទន់) ព្រោះវាមានអង់ស៊ីមជំនួយដល់ការរំលាយអាហារ និងងាយស្រួលដល់រាងកាយក្នុងការស្រូបយកជីវជាតិ។
លោកអ្នកអាចទទួលទានវាជាផ្លែឈើស្រស់ជារៀងរាល់ថ្ងៃបន្ទាប់ពីអាហាររួច ឬយកទៅក្រឡុកធ្វើជាភេសជ្ជៈសុខភាព ក៏ដូចជាការទទួលទានលាយជាមួយទឹកដោះគោជូរ ដើម្បីជួយបន្ថែមបាក់តេរីល្អៗដល់ពោះវៀន។
ការទម្លាប់ទទួលទានចេកក្រហមជាប្រចាំ មិនត្រឹមតែជួយឱ្យការបន្ទោបង់មានភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារការរលាកពោះវៀន និងពង្រឹងសុខភាពប្រព័ន្ធរំលាយអាហារទាំងមូលឱ្យមានភាពរឹងមាំយូរអង្វែងផងដែរ។
បញ្ជាក់៖ ព័ត៌មាននេះផ្តល់ជូនសម្រាប់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព ឬអាការៈមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ