ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​សហជីព​នៅ​កម្ពុជា ចេញ​ញត្តិ​ថ្កោលទោស​យោធា​ថៃ ដែល​បាន​ធ្វើការ​ឈ្លានពាន​សារ​ជា​ថ្មី​ មក​លើ​អធិបតេយ្យភាព​កម្ពុជា

1 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ ក្រុម​សហជីព​នៅ​កម្ពុជា បាន​ចេញ​ញត្តិ​ថ្កោលទោស​យោធា​ថៃ ដែល​បាន​ធ្វើការ​ឈ្លានពាន​សារ​ជា​ថ្មី​មក​លើ​អធិបតេយ្យភាព​កម្ពុជា ដែល​បាន​បណ្ដាល​ឱ្យ​ប្រជាជន​ស៊ី​វិល​កម្ពុជា​បាត់បង់​ជីវិត និង​រង​របួស​មួយ​ចំនួន ​។ ការ​ចេញ​ញត្តិ​ថ្កោលទោស​នេះ គឺ​បន្ទាប់​ពី​យោធា​ថៃ…

​រាជធានីភ្នំពេញ​ ៖ ក្រុម​សហជីព​នៅ​កម្ពុជា បាន​ចេញ​ញត្តិ​ថ្កោលទោស​យោធា​ថៃ ដែល​បាន​ធ្វើការ​ឈ្លានពាន​សារ​ជា​ថ្មី​មក​លើ​អធិបតេយ្យភាព​កម្ពុជា ដែល​បាន​បណ្ដាល​ឱ្យ​ប្រជាជន​ស៊ី​វិល​កម្ពុជា​បាត់បង់​ជីវិត និង​រង​របួស​មួយ​ចំនួន ​។

ការ​ចេញ​ញត្តិ​ថ្កោលទោស​នេះ គឺ​បន្ទាប់​ពី​យោធា​ថៃ បាន​បើក​ការ​បាញ់ប្រហារ​ទៅ​លើ​ទីតាំង​ប្រជាជន​ស៊ី​វិល ចាប់តាំងពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៥​នេះ ដោយ​គិត​ត្រឹម​វេលា​ម៉ោង ៦​ព្រឹក​នេះ បាន​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​ចំនួន ៧​នាក់​បាត់បង់​ជីវិត និង​របួស​ចំនួន ២០​នាក់ ​។

ក្រុម​សហជីព​ទាំងនោះ បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ទ​ង្វើ​អមនុស្សធម៌​ដ៏​សាហាវយង់ឃ្នង​របស់​យោធា​ថៃ ដែល​បាន​ធ្វើការ​ឈ្លានពាន​សារ​ជា​ថ្មី មក​លើ​អធិបតេយ្យភាព​កម្ពុជា​។ ការ​ឈ្លានពាន​របស់​ថៃ ដោយ​បាន​ប្រើប្រាស់​អាវុធ​ធុន​តូច និង​ធុន​ធំ ដោយ​កំរោល​និង​មិន​រើស​គោលដៅ យ៉ាង​សាហាវព្រៃផ្សៃ បាន​ធ្វើ​ឱ្យ​ប្រជាជន​ស៊ី​វិល​កម្ពុ​ជាមួយ​ចំនួន​រង​របួស ផ្ទះសម្បែង​ជា​ច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ សិស្សសាលា ក្មេង​ចាស់ ប្រុស​ស្រី​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​រក​ទីកន្លែង​សុវត្ថិភាព​បណ្តោះអាសន្ន​ភ្លាម​ៗ ​។

ញត្តិ​ថ្កោលទោស​របស់​ក្រុម​សហជីព បាន​លើក​ឡើង​បន្ត​ថា ភាគី​ថៃ​ម្តង​ហើយ​ម្តងទៀត បាន​រំលោភ​បំពាន​លើ​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម ស្តី​ពី កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដែល​ភាគី​ទាំង​ពីរ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដែល​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​ថៃ ក្រោម​សាក្សី​របស់​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក និង ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ​។

ជាមួយ​គ្នា​នេះ ក្រុម​សហជីព បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការ​រំលោភ​បំពាន​សេចក្តីថ្លែងការណ៍​រួម ស្តី​ពី កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ និង​សកម្មភាព​ខុសច្បាប់​របស់​ថៃ​ម្តង​ហើយ​ម្តងទៀត​នេះ ដោយ​ទាមទារ​ឱ្យ​ថៃ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​រំលោភ​បំពាន​ដ៏​កំរោល​នេះ និង​អំពាវនាវ​ឱ្យ​ថៃ​បញ្ឈប់​រាល់​អរិភាព​ជា​បន្ទាន់ ដែល​គំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់ ​។

បន្ថែម​លើ​នេះ​ទៀត ក្រុម​សហជីព ក៏​បាន​អំពាវនាវ​ឱ្យ​ភាគី​ថៃ​ងាក​មក​គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ សេចក្តីថ្លែងការណ៍​រួម ស្តី​ពី កិច្ចព្រមព្រៀង​សន្តិភាព និង​កាតព្វកិច្ច​ទាំងឡាយ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ ឱ្យ​បាន​ម៉ឺងម៉ាត់ ស្មោះត្រង់ និង​ដោយ​សុច្ឆន្ទៈ​ពិតប្រាកដ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា​អនុសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ហើយ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​កម្លាំង​អាវុធ សំដៅ​ស្វែងរក​ដំណោះស្រាយ​មួយ​ប្រកបដោយ​យុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ​៕ អត្ថបទសហការ