ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ អំពាវនាវ​ដល់​កម្មសិក្សាការី និង​ពលករ​នៅ​ជប៉ុន បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​រញ្ជួយ​ដី និង​លទ្ធភាព​នៃ​ការ​កើតឡើង ​នូវ​រលក​យក្ស​ស៊ូ​ណា​មិ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​កម្មសិក្សាការី និង​ពលករ​ជំនាញ ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ជា​ពិសេស​ក្នុង​ខេត្ត​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​រញ្ជួយ​ដី និង​ការ​ប្រកាស​អាសន្ន​អំពី​លទ្ធភាព​នៃ​ការ​កើតឡើង​នូវ​រលក​យក្ស​ស៊ូ​ណា​មិ…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​កម្មសិក្សាការី និង​ពលករ​ជំនាញ ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ជា​ពិសេស​ក្នុង​ខេត្ត​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​រញ្ជួយ​ដី និង​ការ​ប្រកាស​អាសន្ន​អំពី​លទ្ធភាព​នៃ​ការ​កើតឡើង​នូវ​រលក​យក្ស​ស៊ូ​ណា​មិ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​បន្ត​យកចិត្តទុកដាក់​តាមដាន​ស្ថានការណ៍ ព្រមទាំង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ជប៉ុន ​។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ​។

សេចក្ដីជូនដំណឹង បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​១១ និង​១៥​នាទី​យប់ (​ម៉ោង​នៅ​ប្រទេស​ជប៉ុន​) មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៦​វ៉ិ​ច​ទ័​រ នៅ​ភាគ​ខាងកើត​នៃ​ខេត្ត Aomori ដែល​ធ្វើ​ឱ្យ​មានកា​រញ្ជួយ​ខ្លាំង​នៅ​ខេត្ត Aomori, Hokkaido និង​ខេត្ត​Iwate​។ បន្ថែម​លើ​នេះ អាជ្ញាធរ​ជប៉ុន ក៏​បាន​ប្រកាស​អាសន្ន អំពី​លទ្ធភាព​នៃ​ការ​កើតឡើង​នូវ​រលក​យក្ស​ស៊ូ​ណា​មិ​នៅ​ស្រុក មួយ​ចំនួន​ក្នុង​ខេត្ត​ខាងលើ​ផង​ដែរ​ ។

ក្រសួង​ការងារ បាន​និង​កំពុង​តាមដាន​ស្ថានការណ៍​វិវត្តន៍​នៃ​ករណី​នេះ ដោយ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ស្ថាន ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន និង​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ទាំងអស់ ដើម្បី​ធានា​ថា បងប្អូន​កម្មសិក្សាការី​-​ពលករ​ជំនាញ​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្នុង​ខេត្ត​ដែល​រង​ផល​ប៉ះពាល់​ទទួល​បាន ការ​យកចិត្តទុកដាក់ និង​ស្ថិត​នៅ​ទីកន្លែង​សុវត្ថិភាព​ ។

បន្ថែម​លើ​នេះ ក្រសួង​ការងារ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​កម្មសិក្សាការី​-​ពលករ​ជំនាញ ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ជា​ពិសេស​ក្នុង​ខេត្ត​ដែល​រង​ផល​ប៉ះពាល់ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​បន្ត​យកចិត្តទុកដាក់​តាមដាន​ស្ថានការណ៍ ព្រមទាំង​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ជប៉ុន ​។

បើ​តាម​ក្រសួង​ការងារ ក្នុង​ករណី​ទទួល​រង​ផល​ប៉ះពាល់ ឬ​ទទួល​បាន​ព័ត៌មាន​អំពី​បងប្អូន​កម្មសិក្សាការី​-​ពលករ​ជំនាញ​ដែល​រង​ផល​ប៉ះពាល់ ឬ​មាន​សំណួរ សូម​ទំនាក់ទំនង​អនុព័ន្ធ​ការងារ (​ទូរស័ព្ទ​លេខ​៖ ០៨០ ៣៣៦២ ៦១៦៨) ឬ​ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន (​ទំព័រ Facebook: Royal Embassy of Cambodia in Japan ឬ​ទូរស័ព្ទ​លេខ​៖ ០៨០ ៤៦៨៩ ៩៣៧៤) ឬ​នាយកដ្ឋាន​មុខរបរ និង​ហត្ថពល​កម្ម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ (​ទំព័រ Facebook៖ ការិយាល័យ​រក​ការ​ឱ្យធ្វើ​នៅ​បរទេស​ទី​៣-Japan Office ឬ​ទូរស័ព្ទ​លេខ​៖ +៨៥៥ ៨៩ ៩៥៧ ៧៨៩) ឬ​ក្រុម​តេ​ឡេ​ក្រាម “​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​” ដែល​មាន​តំណ​ភ្ជាប់ https://t.me/KhmerMigrant Worker ឬ QR code ដូច​មាន​ភ្ជាប់​ជូន​ក្នុង​សេចក្ដីជូនដំណឹង ​៕ អត្ថបទសហការ