ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិ​ជន ជា​ការ​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ នៅ​កម្ពុជា

1 ថ្ងៃ មុន

ខេត្តពោធិ៍សាត់​៖ អគ្គនាយក​បទ​ប្បញ្ញត្តិ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ចាត់​ទុក​ការ​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន គឺជា កាតព្វកិច្ច​អាទិភាព និង​ចាំបាច់ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ប្រជាជន​តាម​មូលដ្ឋាន និង​គ្រប់​វិស័យ​ពាក់ព័ន្ធ…

ខេត្តពោធិ៍សាត់​៖ អគ្គនាយក​បទ​ប្បញ្ញត្តិ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ចាត់​ទុក​ការ​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន គឺជា កាតព្វកិច្ច​អាទិភាព និង​ចាំបាច់ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​ប្រជាជន​តាម​មូលដ្ឋាន និង​គ្រប់​វិស័យ​ពាក់ព័ន្ធ ដែល​ជាក​តា​លី​ករ​ជួយ ជំរុញ និង​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​។

លោក ឡាយ សុខ​ហេង អគ្គនាយក​បទ​ប្បញ្ញត្តិ និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា លើក​ឡើង​ក្នុង​សិក្ខាសាលា ស្តី​ពី “​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន​” នៅ​ស្រុក​ក្រគរ ខេត្តពោធិសាត់ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០២៥ នេះ​ថា ការ​ទទួល បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ប្រកបដោយ​តម្លាភាព និង​ក្រមសីលធម៌ បាន​ផ្តល់​នូវ​គុណ​តម្លៃ​យ៉ាង​សំខាន់ ​សម្រាប់​អ្នក​ប្រើប្រាស់​ ។ ទន្ទឹម​នេះ ការ​ពង្រីក​វិសាលភាព​នៃ​សេវា​ហិរញ្ញវត្ថុ ការ​ពង្រឹងគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ភាព​ងាយស្រួល និង​រហ័ស​ទាន់ចិត្ត និង​កាត់​បន្ថយ តម្លៃ​ប្រតិបត្តិការ តាម​រយៈ​ថ្នាល​ឌី​ជី​ថ​ល គឺ​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាជន​កម្ពុជា ​។

លោក បន្ត​ថា បច្ចុប្បន្ន​កម្ចី​ខុសច្បាប់​បាន​និង​កំពុង​រាតត្បាត​នៅ​កម្ពុជា ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​រង​ការ​ជំពាក់​បំណុល​លើសលប់ និង​បង្ក​ផល​អវិជ្ជមាន​ដល់​មូលដ្ឋាន​និង​សង្គម និង​ការ​ចុះ​ផ្សាយ​នៅ​តាម​បណ្តាញ​សង្គម ដែល​នាំ​ឱ្យ​យល់​ច្រឡំ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ស្របច្បាប់ ​។ ដោយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត លើស​ពី​នេះ​ទៅ​ទៀត ប្រជាពលរដ្ឋ​អាច​ប្រឈម​មុខ​ នឹង​ការ​គំរាមកំហែងគៀបសង្កត់ គ្រោះថ្នាក់ ឬ​តាម​រូបភាព​ផ្សេង​ៗ ដើម្បី​បង្ខំ​ឱ្យ​សង​ប្រាក់​ដើម ការ​ប្រាក់ និង​ប្រាក់​ពិន័យ​ខុស​គោលការណ៍ ជាង​នេះ​ទ្រព្យ សម្បត្តិ​អាច​ត្រូវ​បាន​រឹបអូស ដោយ​ពុំ​ឆ្លងកាត់​ការ​សម្រេច​ពី​តុលាការ​ជាដើម ​។

លោក ឡាយ សុខ​ហេង សង្កត់ធ្ងន់​ថា កម្ចី​ក្រៅ​ខុសច្បាប់​កំពុង​តែ​រាតត្បាត​មក​លើ​ប្រជាពលរដ្ឋ​តាម​តំបន់​មូលដ្ឋាន​, ដូច្នេះ​ការ បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន គឺជា​កាតព្វកិច្ច​អ​ទិ​ភាព​និង​ចាំបាច់ ដែល​ធនាគារជាតិ​នៃ​កម្ពុជា បាន​និង កំពុង​អនុវត្ត ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​នេះ​ដល់​ប្រជាជន​តាម​មូលដ្ឋាន និង គ្រប់​វិស័យ​ពាក់ព័ន្ធ ដែល​ជា​កាត្តាលីករ​ជួយ​ជំរុញ និង​លើកកម្ពស់​បិ​រយាប​ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​។

លោក លីវ សេង​ហ៊ី​ម​អភិបាល នៃ​គណៈ​អភិបាលស្រុក​ក្រគរ លើក​ឡើង​ផង​ដែរ​ថា តាម​រយៈ​គោលនយោបាយ​ដែល​បាន​ដាក់ ចេញ​កន្លង​មក ស្រុក​ក្រគរ បាន​ទទួល​នូវ​ភាព​ចម្រើន​គួរ​ឱ្យ​កត់សំគាល់ ជាក់ស្តែង​បច្ចុប្បន្ន​នេះ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​ធ្វើ ការ​នៅ​ក្នុងស្រុក​ក្រគរ បាន​ចូលរួម​ចំណែក​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​បរិ​យា​បន្ន តាម​រយៈ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​រួម មាន សេវា​ឥ​ណ្ឌ​ទាន សន្សំ និង​ទូទាត់ ជូន​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន សហគ្រាស​នៅ​គ្រប់​ទីកន្លែង​ក្នុងស្រុក ដើម្បី​ធានា​បាន​នូវ និរន្តរភាព​ប្រើប្រាស់​សេវា ហិរញ្ញវត្ថុ​ផ្លូវការ និង​ការ​អភិវឌ្ឍន៍ ។ ចំណែក​ការ​បញ្ជ្រាប​ចំណេះដឹង​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន ក្នុង សិក្ខាសាលា​នា​ពេល​នេះ ពិតជា​មាន​សារៈសំខាន់ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​បាន​យល់​ដឹង និង​ប្រើ​ជា​ប្រយោជន៍​នៅ​ក្នុង​ការ​រស់នៅ ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​ទទួល​បាន​នូវ​ការ​គាំពារ​តាម​ផ្លូវច្បាប់​ពី​ស្ថាប័នរដ្ឋ​ ៕ អត្ថបទសហការ