រាជធានីភ្នំពេញ៖ ពលរដ្ឋខ្មែរ និងអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃជិត ២ពាន់នាក់ បានចូលរួម និងទទួលបានឱកាសការងារធ្វើបឋមតាមរយៈពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ កន្លងទៅ នៅខេត្តសៀមរាប ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

អ្នកនាំពាក្យដដែលរូបនេះ បានលើកឡើងថា ពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលកន្លងទៅ មានការចូលរួមពីរោងចក្រសហគ្រាសចំនួន ២៨ ដោយនាំយកឱកាសការងារចំនួន ១២ ៦៧២កន្លែង ជូនដល់ពលរដ្ឋកម្ពុជា ជាពិសេសគឺបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ ដោយមានការសម្ភាស និងទទួលបានការងារធ្វើនៅហ្នឹងកន្លែងតែម្តង ។

លោក បន្ថែមថា ក្រៅពីការផ្តល់នូវឱកាសការងារដ៏ច្រើនសម្បូរបែប តាមរយៈពិព័រណ៌នេះ ពលរដ្ឋខ្មែរបានយល់ដឹងបន្ថែម អំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម នៅពេលចូលបម្រើការងារនៅ ក្នុងស្រុក ជាពិសេសគឺទទួលបានឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារចំនួន ៥៧៩លើកមកហើយ នៅតាមភូមិស្រុក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ។ ក្នុងនោះ ពលរដ្ឋខ្មែរជាង ៤៥ម៉ឺននាក់ទទួលបានការងារធ្វើតាមរយៈយន្តការក្រសួង និងវិស័យឯកជន ។

អ្នកនាំពាក្យរូបនេះ ក៏សូមអំពាវនាវដល់បងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដែលមន្ត្រីក្រសួងការងារនៅរងចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ