ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ នេះ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារចុះពិនិត្យ ស្ពានលូចំនួន ៥ ទីតាំង និងបើកដាក់ឲ្យធ្វើចរាចរណ៍ជាផ្លូវការមុនពេលកំណត់ ។

ឯកឧត្តម ផែង សុវិជ្ជានោ បានមានប្រសាសន៍ថា ស្ពាន លូ ទាំង ៥ ទីតាំង នៃកំណាត់ផ្លូវជាតិលេខ ៤ ពីចំណុចគីឡូម៉ែត្រលេខ ៤៣ រហូតដល់ គីឡូម៉ែត្រលេខ ១៥៣ ត្រូវបានសាងសង់ដោយក្រុមហ៊ុន POLY CHANGDA ។ ឯកឧត្តម បន្តថា គម្រោងលើកកម្រិតថែទាំកំណាត់ផ្លូវជាតិលេខ ៤ ប្រវែង ១៩៦គីឡូម៉ែត្រ ដែលក្នុងប្រវែង ១៩៦គីឡូម៉ែត្រនោះ យើងធ្វើការពង្រីកកំណាត់ផ្លូវប្រវែង ៤៤គីឡូម៉ែត្រ ទៅជា ៤គន្លង ដែលមានទទឹងក្រាលកៅស៊ូ AC ដល់ទៅ ២៩ម៉ែត្រ និងកំណាត់ផ្លូវ ១៥២គីឡូម៉ែត្រទៀត ធ្វើការពង្រីកពីទទឹងក្រាលកៅស៊ូ AC ៧ម៉ែត្រ ទៅ ១០ម៉ែត្រ ។ ប្រវែងផ្លូវ ១៩៦គីឡូម៉ែត្រនេះ ក្រាលកៅស៊ូ ACកម្រាស់ពី ៤ ទៅ ១២សង់ទីម៉ែត្រ ដែលមានទំហំទឹកប្រាក់ចំនួន ១១០លានដុល្លាអាម៉េរិក ដែលជាថវិកាកម្ចីសម្បទានពីធនាគារពិភពលោក ។

ឯកឧត្តម បន្តថា ចំពោះលទ្ធផលការងារដ៏ល្អ នៃគម្រោងនេះគឺ សម្រេចបានការងារស្ថាបនាស្ពាន លូ នៅទីតាំងសំខាន់ៗ ៥ចំណុច ដូចជាបានស្ថាបនា លូជ្រុង នៅត្រង់ចំណុចគីឡូលម៉ែត្រលេខ ៤៤ និងត្រង់ចំណុចគីឡូមែត្រលេខ ៩៩ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ លើសពីនេះ នៅត្រង់គីឡូម៉ែត្រលេខ ១០៦ បូក ៦៩០ បានសាងសង់ស្ពានថ្មី ប្រវែង ៤០ម៉ែត្រ ជំនួសស្ពានដែលទ្រុឌទ្រោម ជាក់ស្តែងពេលនេះយើងបានសាងសង់ស្ពានលេខ ១២ និងលេខ ១៣ មានប្រវែង ១៦០ម៉ែត្រ ត្រង់គីឡូម៉ែត្រ លេខ ១១៥+៩៣៥ និងនៅចំណុចគីឡូម៉ែត្រលេខ ១៥៣ ក៏បានស្ថាបនាលូជ្រុងសម្រាប់បញ្ចៀសទឹកកុំឲ្យជន់លិច ។ កន្លងមកទីតាំងទាំង ៥ចំណុចនេះ តែងតែ ជន់លិចក្នុងរដូវវស្សា ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ ពិបាកក្នុងការដឹកជញ្ជូនទំនិញផ្សេងៗ និងការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់នោះ ។

ឯកឧត្តម បញ្ជាក់ទៀតថា ការបញ្ចប់សំណង់ស្ពាន លូ ទាំង ៥ ទីតាំង នៅតំបន់ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៃកំណាត់ផ្លូវជាតិលេខ ៤ មានសារៈសំខាន់ណាស់ព្រោះថា ផ្លូវជាតិលេខ ៤ តភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងជាច្រកដ៏សំខាន់ សម្រាប់ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា និងជាសរសៃឈាមសេដ្ឋកិច្ចរបស់កម្ពុជា ។
ឯកឧត្តម ផែង សុវិជ្ជានោ បានបញ្ជាក់ទៀតថា ការបញ្ចប់ការស្ថាបនាស្ពានលូចន្លោះគីឡូម៉ែត្រលេខ ៤៤ ទៅគីឡូម៉ែត្រលេខ ១៥៣ ខាងលើ គឺមានន័យថា តំបន់ដែលធ្លាប់រងជំនន់ទឹកភ្លៀងនេះ នឹងមិនត្រូវបានជន់លិចទៀតឡើយ ហើយការធ្វើចរាចរនឹងមិនមានការរំខានក្នុងរដូវវស្សាដូចឆ្នាំមុនៗផងដែរ ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណទៅដល់ក្រុមហ៊ុន POLY CHANGDA និងសហការីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសាងសង់គម្រោង ស្ពាន លូ ខាងលើនេះ ដោយសម្រេចបាន តាមស្តង់ដា និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងបានបញ្ចប់ផែនការដំណាក់កាលទី ១ នេះ មុនពេលកំណត់ ។ ឯកឧត្តម ផែង សុវិជ្ជានោ សង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ អាចផ្តល់នូវលក្ខខណ្ឌដឹកជញ្ជូន ប្រកបដោយសុវត្ថិភាព និងងាយស្រួលសម្រាប់ប្រទេសកម្ពុជាកាន់តែច្រើន និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការរួមចំណែកកាន់តែប្រសើរដល់សង្គមជាតិ ។
លោក ZHU XIAN XIN អគ្គនាយករង ក្រុមហ៊ុន POLY CHANGDA បានមានប្រសាសន៍ថា គម្រោងទាំងមូលមានចម្ងាយប្រមាណ ១៩៦គីឡូម៉ែត្រ ស្ថានភាពភូមិសាស្ត្រនៅកន្លែងផ្សេងៗ មានលក្ខណៈស្មុគស្មាញ ដោយសាររងផលប៉ះពាល់ នៃរដូវប្រាំង និងភ្លៀងធ្លាក់ខ្លាំងផងដែរ ធ្វើអោយការសាងសង់មានការមម៉ាញឹកជាខ្លាំង ។

ក្រុមហ៊ុន POLY CHANGDA បានសម្រេចផ្តល់អាទិភាពលើធនធាន ក្នុងដំណាក់កាលដំបូងនៃគម្រោង និងធានាថាស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ សំណង់ទាំងអស់ នឹងត្រូវបានបញ្ចប់ និងបើកឱ្យធ្វើចរាចរមុនរដូវវស្សាឆ្នាំនេះ ។
លោកបានបន្តថា ជាពិសេសដើម្បីសម្រេចបានតាមការគ្រោងទុក ក្រុមហ៊ុនបានដាក់ចេញនូវវិធានការជាចម្បង ដូចជា ១- បានប្រើប្រាស់បច្ចេកវិទ្យាសំណង់ និងឧបករណ៍ទំនើបៗ និងផ្ទេរបុគ្គលិកដែលមានជំនាញ និងបទពិសោធន៍ ដើម្បីធានាគុណភាព និងវឌ្ឍនភាពនៃគម្រោង ។ ២- អនុវត្តការរៀបចំសាងសង់ និងការគ្រប់គ្រងដោយប្រុងប្រយ័ត្ននៅដំណាក់កាលដំបូងនៃគម្រោង ដើម្បីជំរុញវឌ្ឍនភាពនៃគម្រោង ខណៈពេលដែលធានាបាននូវសុវត្ថិភាព និងគុណភាព ។ និង ៣- ក្រុមហ៊ុនបានទំនាក់ទំនងយ៉ាងសកម្មជាមួយក្រសួងដឹកជញ្ជូន ហើយទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ។ លើសពីនេះ ធនាគារពិភពលោក ក្នុងនាមជាអ្នកផ្តល់មូលនិធិនៃគម្រោងនេះ ក៏បានផ្តល់កិច្ចសហការយ៉ាងល្អ និងធានានូវការបង្វិលសាច់ប្រាក់របស់ក្រុមហ៊ុនផងដែរ ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន នឹងមានគម្រោង ស្រដៀងគ្នាបន្ថែមទៀតនាពេលអនាគត ដោយក្រុមហ៊ុនកំពុងមានប្រតិបត្តិការនៅក្នុង 16 ប្រទេសជុំវិញពិភពលោក និងបានចូលក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2005 ។ ក្រុមហ៊ុនបានបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាង ១០ នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងគុណភាពខ្ពស់ ហើយគ្រោងនឹងជំរុញគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្រដៀងគ្នានេះនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតនាពេលអនាគត ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ