ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី យឿ​ម ស្រី​យ៉ា អតីត​ពលករ​មក​ពី​ថៃ ប្រាប់​ពី​បទ​ពិសោធ​ទទួល​បានការ​ងារ​ធ្វើ តាម​រយៈ​ក្រសួង​ការងារ

4 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ អ្នកស្រី យឿ​ម ស្រី​យ៉ា បាន​ចែករំលែក​អំពី​បទ​ពិសោធ​ដែល​ខ្លួន​ទទួល​បានការ​ងារ​ធ្វើ តាម​រយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​អ្នកស្រី​លើក​ឡើង​ថា…

​រាជធានីភ្នំពេញ​ ៖ អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ អ្នកស្រី យឿ​ម ស្រី​យ៉ា បាន​ចែករំលែក​អំពី​បទ​ពិសោធ​ដែល​ខ្លួន​ទទួល​បានការ​ងារ​ធ្វើ តាម​រយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​អ្នកស្រី​លើក​ឡើង​ថា ការងារ​នៅ​ក្នុងស្រុក​មិន​ខ្វះ​ឡើយ ​។

អ្នកស្រី យឿ​ម ស្រី​យ៉ា ប្រាប់​នៅ​ថ្ងៃ​ទី​២ ខែធ្នូ​នេះ​ថា អ្នកស្រី មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ហើយ ធ្លាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រមាណ ១២​ឆ្នាំ​មក​ហើយ ដោយ​មួយ​ឆ្នាំ​មក​លេង​ផ្ទះ​ម្ដង​។ បន្ទាប់​ពី​មាន​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​, អ្នកស្រី បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ នៅ​ខែសីហា ឆ្នាំ​២០២៥ ហើយ​បច្ចុប្បន្ន​ស្រី​កំពុងធ្វើការ​ងារ​នៅ ​ក្នុង​រោងចក្រ​មួយ​កន្លែង នៅ​ខេត្តកំពង់ឆ្នាំង​ ។

អ្នកស្រី បាន​ទទួល​ការងារ​នេះ តាម​រយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​។ អ្នកស្រី យឿ​ម ស្រី​យ៉ា ប្រាប់​បែប​នេះ​ថា «​ដំបូង​ខ្ញុំ​ទាក់ទង​ទៅ ១២៩៧ ហើយ​មាន​បង​ខាង​ក្រសួង​ការងារ ទាក់ទង​មក​ប្រាប់​ថា រោងចក្រ​នេះ មាន​គេ​កំពុង​តែ​រើស គាត់​នាំ​ចូល គាត់​ឱ្យ​ខ្ញុំ​មក​ជួប​នៅ​ភ្នំពេញ ហើយ​គាត់​ដឹក​ពី​ភ្នំពេញ មក​សម្ភាសន៍​ការងារ រួច​គាត់​ជួយ​រក​បន្ទប់​ជួល​» ​។

អ្នកស្រី បាន​លើក​ឡើង​អំពី​អត្ថប្រយោជន៍​ដែល​ធ្វើការ​នៅ​ក្នុងស្រុក ដែល​មាន​ដូច​ជា​មាន​បណ្ណ ប​.​ស​.​ស​. ដែល​អាច​ទៅ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ មិនបាច់​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ពី​ប្រទេស​កំណើត មិន​ចាំបាច់​ធ្វើ​ប៉ា​ស្ព័​រ មិន​ចាំបាច់​ធ្វើ​បណ្ណ​អនុញ្ញាត​ការងារ និង​មាន​សុវត្ថិភាព ជាដើម ​។

ជាមួយ​គ្នា​នេះ អ្នកស្រី យឿ​ម ស្រី​យ៉ា ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ពលករ​ផ្សេង​ទៀត សូម​ស្វែងរក​ការងារ​នៅ​ក្នុងស្រុក ខណៈ​មានការ​ងារ​ជា​ច្រើន​កំពុង​រង់ចាំ ​។

អ្នកស្រី និយាយ​បែប​នេះ​ថា៖ «​ខ្ញុំ​ចង់​ប្រាប់​ឱ្យ​បងប្អូន​ពលករ​យើង ​ដែល​នៅ​ស្រុក​គេ ចង់ឱ្យ​គាត់​ត្រឡប់​មក​ស្រុក​យើង​វិញ ពី​ដើម​មក​ខ្ញុំ​ក៏​ធ្លាប់​គិត​ដែរ​ថា ស្រុក​យើង​អត់​មានការ​ងារ តែ​តាម​ពិត​ការងារ​ច្រើន​ណាស់​បង ប្រាក់ខែ​មិន​តិច​ប៉ុន្មាន​ដែរ មួយ​ខែ ៣០០​ដុល្លារ បើ​គុណ​ជា​លុយ​បាត​ទៅ​ប្រហែលជា ១២ ០០០ ដែរ អ​ញ្ចឹ​ង​វា​អត់​ខុស​គ្នា​ប៉ុន្មាន​ទេ​»​ ។

សូម​ជម្រាប​ថា គិត​ត្រឹម​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ បងប្អូន​អតីត​ពលករ​ត្រឡប់​មក​ពី​ថៃ ​ប្រមាណ​ជិត ២៩​ម៉ឺន​នាក់ បាន​ទទួល​ការងារ​ធ្វើ​សម្រាប់​ការងារ​នៅ​ក្នុង​ប្រព័ន្ធ​។ ដោយឡែក បងប្អូន​អតីត​ពលករ​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត បាន​ទទួល​ការងារ​ធ្វើ​នៅ​តាម​សិប្បកម្ម ការដ្ឋាន​សំណង់ និង​កសិដ្ឋាន​ជាដើម ដែល​ជា​ការងារ​ស្ថិត​នៅ​ក្រៅ​ប្រព័ន្ធ​ ។

កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ឱ្យ​ដឹង​ថា ឱកាស​ការងារ​ចំនួន ៨៦ ៨៩១​កន្លែង​ទៀត នៅ​ទូ​ទាំង​រាជធានី​-​ខេត្ត​ទាំង​២៥ កំពុង​រង់ចាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ ជា​ពិសេស​បងប្អូន​អតីត​ពលករ ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​។

ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ទាំង​ជាង ៨​ម៉ឺន​កន្លែង​នោះ បងប្អូន​អតីត​ពលករ ក៏​ដូច​ជា​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ សូម​ទាក់ទង​ទៅ​លេខ​ទូរ​សព្ទ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ លេខ​នេះ បងប្អូន​ក៏​អាច​សាកសួរ​ព័ត៌មាន​អំពី​ចុះ​ឈ្មោះ ចូល​រៀន​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ល្អ​ៗ ផង​ដែរ ​៕ អត្ថបទសហការ