ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​​រៀបចំ​វេទិកា​ការងារ​ជិត ៦០០​លើក ផ្តល់​ឱកាស​ការងារ​​ដល់​អតីត​ពលករ​ខ្មែរ​ ដែល​មក​ពី​ថៃ និង​បន្ត​អំពាវនាវ​ឱ្យ​ទាក់ទង​មក ១២៩៧

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​វេទិកា​ការងារ​ចំនួន ៥៧៧​លើក ដោយ​នាំ​យក​ឱកាស​ការងារ​ដ៏​ច្រើន​សម្បូរ​បែប និង​ការ​សម្ភាស​ការងារ​នៅ​ហ្នឹង​កន្លែង​ផ្ទាល់​តែ​ម្តង…

រាជធានីភ្នំពេញ៖ គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​វេទិកា​ការងារ​ចំនួន ៥៧៧​លើក ដោយ​នាំ​យក​ឱកាស​ការងារ​ដ៏​ច្រើន​សម្បូរ​បែប និង​ការ​សម្ភាស​ការងារ​នៅ​ហ្នឹង​កន្លែង​ផ្ទាល់​តែ​ម្តង ជូន​ដល់​ពលរដ្ឋ​ខ្មែរ ជា​ពិសេស​បងប្អូន​អតីត​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ឱ្យ​ទទួល​បានការ​ងារ​ធ្វើ​គ្រប់​ៗ​គ្នា​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។

បន្ថែម​ពី​នេះ អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា ក្រៅពី​ការ​ផ្តល់​នូវ​ឱកាស​ការងារ​ដ៏​សម្បូរ​បែប វេទិកា​ការងារ​ទាំង​អស់នេះ​ក៏​ផ្តល់​នូវ​ឱកាស​ក្នុង​ការ​សិក្សា​ជំនាញ​បច្ចេកទេស​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ជូន​ដល់​បងប្អូន​ពលករ​ដែល​មាន​បំណង​សិក្សា​ជំនាញ​បន្ថែម ដើម្បី​បង្កើន​ប្រាក់​ចំណូល​ ។

លោក ស៊ុន មេ​សា លើក​ឡើង​ថា​៖ «នៅ​ក្នុង​វេទិកា​ការងារ​ទាំង​អស់នេះ ក្រៅពី​ការ​ផ្តល់​នូវ​ឱកាស​ការងារ​ជូន​ដល់​បងប្អូន​អតីត​ពលករ​ខ្មែរ​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ ក៏​មានការ​ផ្តល់​នូវ​ឱកាស​ក្នុង​ការ​សិក្សា​ជំនាញ​បច្ចេកទេស ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ដែល​ជំនាញ​ទាំងនោះ​សុទ្ធតែ​ស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ ហើយ​នៅ​ពេល​ដែល​បងប្អូន​មាន​ជំនាញ​ច្បាស់លាស់ បងប្អូន​នឹង​ទទួល​បានការ​ងារ​ដែល​មាន​ប្រាក់​ចំណូល​សមរម្យ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​»​ ។

ជាមួយ​គ្នា​នេះ លោក បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​៦ និង​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ ខាង​មុខ​នេះ ក្រសួង​ការងារ​នឹង​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ស្រុក​ចំនួន ២ ក្នុង​ខេត្តសៀមរាប គឺ​ស្រុក​សូទ្រនិគម និង​ស្រុក​ពួក ដើម្បី​ផ្តល់​ឱកាស​ការងារ អត្ថប្រយោជន៍​នៃ​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​។

ទន្ទឹម​នឹង​នេះ អ្នកនាំពាក្យ​រូប​នេះ​ក៏​សូម​អំពាវនាវ ​ដល់​បងប្អូន​អតីត​ពលករ​ខ្មែរ​ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​មាន​បំណង​ស្វែងរក​ការងារ​ធ្វើ សូម​ទាក់ទង​មក​លេខ ១២៩៧ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ធ្វើ និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​មន្ត្រី​ក្រសួង​ការងារ​នៅ​រង​ចាំ​ទទួល​ទូរ​សព្ទ​របស់​បងប្អូន ៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ​។

គួរ​បញ្ជាក់​ថា ក្រសួង​ការងារ​ដែល​ជា​សេនាធិការ​ ជូន​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ បាន​ខិតខំ​ប្រឹងប្រែង និង​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន ដើម្បី​សម្រួល​ដល់​បងប្អូន​អតីត​ពលករ​ខ្មែរ​ ដែល​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ឆាប់​ទទួល​បានការ​ងារ​ធ្វើ​គ្រប់​ៗ​គ្នា ដូច​ជា​ការ​ដាក់​ពង្រាយ​មណ្ឌល​សំចត ​នៅ​តាម​បន្ទាត់​ព្រំដែន ការ​ធ្វើ​វេទិកា​ការងារ​នៅ​តាម​ភូមិ​ស្រុក ការ​សម្រួល​នូវ​ឯកសារ ​ក្នុង​ការ​ចូល​ធ្វើការ និង​យន្តការ ១២៩៧ ជាដើម ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​គិតគូរ​យ៉ាង​ល្អិតល្អន់​ ចំពោះ​បងប្អូន​អតីត​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ថៃ​ ៕ អត្ថបទសហការ