ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​បណ្ឌិត ជា សិរី ជួបជាមួយ IFC ពិភាក្សាពី​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​អតិថិជន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដឹកនាំ​ដោយ​លោកស្រី…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដឹកនាំ​ដោយ​លោកស្រី Towfiqua Hoque ប្រធាន​ស្ថាន​តំណាង IFC ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​ ២៦ ខែវិច្ឆិកា ឆ្នាំ ​២០២៥ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​វត្ត​ភ្នំ ​។ ជំនួប​នេះ​មាន​គោលបំណង​ជម្រាប​ជូន​ពី​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​អតិថិជន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ​។

លោកស្រី Towfigua បាន​ជម្រាប​ជូន​ពី​របាយការណ៍​សិក្សា​របស់ IFC ទាក់ទង​នឹង​អនុសាសន៍​សម្រាប់​លើកកម្ពស់​កិច្ច​ការពារ​អតិថិជន និង​បញ្ជាក់​ពី​ការ​បន្ត​ចូលរួម​គាំទ្រ​សកម្មភាព​អាទិភាព​នានា ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​កិច្ច​សន្ទនា​កម្រិត​ខ្ពស់​រវាង​ពហុភាគី​ពាក់ព័ន្ធ ក្រោម​ការ​សម្របសម្រួល​ពី ធនាគារជាតិ​នៃ​កម្ពុជា និង​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ ។ បន្ថែម​លើ​នេះ គណៈប្រតិភូ IFC ក៏​បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​ក្នុង​ការ​បន្ត​វិនិយោគ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​ការ​ត្រៀមខ្លួន​ក្នុង​ការ​សហការ​នានា ដើម្បី​បន្ត​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ឱ្យ​បាន​កាន់តែ​រឹង​មាំ​ថែម​ទៀត​ ។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ​ទេសាភិបាល បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ IFC នា​ពេល​កន្លង​មក និង​បាន​ស្វាគមន៍​ចំពោះ​ការ​បន្ត​ការ​វិនិយោគ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​។ លោក​ជំទាវ​ក៏​បាន​មាន​ប្រសាសន៍​ពី​ការ​អនុវត្ត​យុទ្ធនាការ​ជា​ច្រើន​នា​ពេល​កន្លង​មក សំដៅ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​និង​កិច្ច​ការពារ​អតិថិជន ដែល​មាន​ដូច​ជា ការ​ផ្សព្វផ្សាយ​វី​ឌី​អូ​អប់រំ​អំពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ការ​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​និង​កិច្ច​ការពារ​អតិថិជន យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ប្រាក់​រៀល ការ​ដាក់​បញ្ចូល​មេរៀន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​ក្នុង​កម្មវិធី​សិក្សា​ជាតិ និង​ការ​ដាក់​ឱ្យ​អនុវត្ត​ស្តង់ដា​កិច្ចសន្យា​ឥណទាន ជាដើម ​។ ទន្ទឹម​នេះ លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​កម្ចី​ក្រៅផ្លូវការ និង​បញ្ហា​ផ្សេង​ទៀត ដែល​ទាមទារ​ឱ្យ​មានការ​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​កិច្ច​ការពារ​អតិថិជន និង​លើកកម្ពស់​ការ​ផ្តល់​និង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដោយ​ការ​ទទួលខុសត្រូវ​ ៕ អត្ថបទសហការ