រាជធានីភ្នំពេញ ៖ តារាចម្រៀង អ្នកនាងទេព បូព្រឹក្ស បានសម្រេចលុបចោលការប្រគំតន្ត្រីរបស់ខ្លួនចោលវិញ បន្ទាប់ពីផ្ទុះហេតុការណ៍បាញ់ប្រហារពីទាហានថៃមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

តាមគម្រោង ទេព បូព្រឹក្ស និងជី ដេវីដ នឹងរៀបចំការប្រគំតន្ត្រីរបស់ខ្លួន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនៅក្នុងនោះ ការលក់សំបុត្រក៏បានចាប់ផ្តើមរួចហើយដែរ ។
យ៉ាងណា ដោយសារឃើញស្ថានភាពជាក់ស្តែង ពោលកម្ពុជានៅបន្តការញាំញីពីការឈ្លានពាន ជាពិសេស ការបាញ់ប្រហារពីកងទ័ពសៀមមកលើប្រជាពលរដ្ឋខ្មែរបណ្តាលឱ្យស្លាប់ និងរបួសនោះ ទើបតារាចម្រៀងរូបនេះសម្រេចលុបចោលតែម្តង ។

យោងតាមសេចក្តីជូនដំណឹងបានអោយដឹងថា ផ្អែកទៅលើស្ថានភាពបច្ចុប្បន្ន សូមជូនជាដំណឹងថា យើងខ្ញុំសូមរំសាយការប្រគំតន្ត្រី TBP Fan Party នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាពេលមុខនេះ ។
ចំពោះបងប្អូនអ្នកគាំទ្រដែលបានទិញសំបុត្ររួចហើយយើងនឹងធ្វើការបង្វិលទឹកប្រាក់ជូនវិញ ។ យ៉ាងណា តារាចម្រៀងនាង ទេព បូព្រឹក្ស បានស្នើសុំដល់បណ្តាអ្នកគាំទ្រទាំងអស់នូវការយោគយល់ និងអធ្យាស្រ័យក្នុងកាល:ទេស:នាពេលនេះ ។

ជាការកត់សម្គាល់ តារាចម្រៀង និងអ្នកសិល្បៈល្បីៗជច្រើនរូបបានចេញមុខថ្កោលទោសទៅកាន់ទាហានសៀម ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរបណ្តាលឱ្យបាត់បង់ជីវិតម្នាក់ និង៣នាក់ទៀតរងរបួស ។
ពួកគេចាត់ទុកទង្វើដ៏ព្រៃផ្សៃម្តងជា២ដងពីសំណាក់កងកម្លាំងថៃ មកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់នេះ គឺជាអំពើអមនុស្សធម៌ និងគួរអោយស្អប់ខ្ពើមបំផុត ៕





ចែករំលែកព័តមាននេះ