ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​ថ្កោលទោស​អំពើ​ឈ្លានពាន​គួរ​ឱ្យ​ស្អ​.​ប់​ខ្ពើ​.​ម និង​ការ​រំ​.​លោ​.​ភ​បំពាន​លើ​អធិបតេ​យ្យ​ភាព​កម្ពុជា​របស់​ថៃ

2 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ការ​ថ្កោល ទោស​យ៉ាង​ខ្លាំងក្លា​បំផុត ចំពោះ​ការ​វាយប្រហារ​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​ថៃ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ​ការ​ថ្កោល ទោស​យ៉ាង​ខ្លាំងក្លា​បំផុត ចំពោះ​ការ​វាយប្រហារ​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​ថៃ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃ​ចាន់ ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​ហៅ​ទ​ង្វើ​ដ៏​ព្រៃផ្សៃ​យង់ឃ្នង​នេះ ដែល​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ម្នាក់​ស្លាប់ និង​រង​របួស​៣​នាក់ គឺជា​ការ​រំលោភ​បំពាន​យ៉ាង​គ​គ្លើ​ន​លើ​អធិបតេយ្យភាព និង​បូរ ណភាព​ទឹកដី​កម្ពុជា ក៏​ដូច​ជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​អាស៊ី​អាគ្នេយ៍ (TAC) ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា ហេតុការណ៍​ដ៏​សោកសង្រេង​នេះ បាន​កើតឡើង បើ​ទោះជា​មាន​សេចក្តីថ្លែងការណ៍​រួម ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ដែល​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ទាំង​ពីរ​ចំពោះ​សន្តិភាព និង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​កិច្ចព្រមព្រៀង​ដែល​សម្រេច​បាន​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​(GBC) នៅ​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ដើម្បី​អនុវត្ត​ប្រតិបត្តិការ​បោសសម្អាត​មីន​មនុស្សធម៌​រួម​គ្នា​យ៉ាង ណា​ក៏​ដោយ ។

អំពើ​ឈ្លានពាន​របស់​ថៃ​នេះ គឺជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ការ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​ការ​រំលោភ​បំពាន​ដោយ​ផ្ទាល់​ទៅ​លើ​យន្តការ ដែល​បាន​បង្កើត​ឡើង​សម្រាប់​ការ​សន្ទនា និង​កិច្ច​សហប្រតិបត្តិការ ។ អ្នកនាំពាក្យ​ព្រឹទ្ធសភា​ក៏​បាន​លើក​ឡើង​ថា ជា​ការ​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ថៃ​បាន​ប្រឌិត​ការ​ចោទប្រកាន់​មិន​ពិតជា​បន្តបន្ទាប់ រួម​ទាំង​ការ​ចោទប្រកាន់​ពី​បញ្ហា​គ្រាប់​មីន និង​ការ​គំរាមកំហែង​តាម​ព្រំដែន​នានា ដើម្បី​ជា​លេស​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​នៃ​អាកប្បកិរិយា​អរិភាព​របស់​ខ្លួន ។

កម្ពុជា​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​អះអាង​ដែល​គ្មាន​មូលដ្ឋាន​អស់ទាំង​នេះ​។ អ្នក​នាំ ពាក្យ​សូម​សម្តែង​នូវ «​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ដែល​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​ភាគី​ម្ខាង ហាក់​ដើរតួ​ជា​តួ​សម្តែង​ផង និង​ជា​អាជ្ញាកណ្តាល​ផង ជំនួស​ឱ្យ​ការ​គោរព​គោលការណ៍​សមភាព និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​» ។

ថៃ​មិន​ត្រឹមតែ​បាន​ប្រឌិត​ការ​ចោទប្រកាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ដើរតួ​នាទី​ជា​ចៅក្រម​ជា​គណៈវិនិច្ឆ័យ និង​ជា​ពេជ្ឈឃាត​ដោយ​ខ្លួនឯង ដោយ​ធ្វើការ​សម្រេចចិត្ត​ថា អ្នក ណា​ខុស និង​អ្នក​ណា​ត្រូវជា​ឯកតោភាគី ។ ភាព​ក្រអឺតក្រទម​បែប​នេះ មិន​ស័ក្តិសម​ទាល់តែ​សោះ នៅ​ក្នុង​ទំនាក់ ទំនង​អន្តរជាតិ ដែល​ស្ថិត​នៅ​ក្រោម​គោលការណ៍​ច្បាប់ កិច្ច​សន្ទនា និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ ។

លើស​ពី​នេះ អ្នកនាំពាក្យ​បាន​លើក​ឡើង​ទៀត​ថា ចាប់តាំងពី​បទ​ឈប់​បាញ់​គ្នា​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ កម្ពុជា​បាន​អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរមា ដោយ​បាន​ចៀសវាង​មិន​ធ្វើការ​វាយបក បើ​ទោះជា​មានការ​ញុះញង់​បង្កហេតុ​ជា​ច្រើន​លើក​ច្រើន​សារ​យ៉ាងណា​ក៏​ដោយ ដោយ​គោរព​យ៉ាង​ពេញលេញ​នូវ​គោលការណ៍​សន្តិភាព និង​ភាព​ជា​អ្នក​ជិតខាង​ល្អ​។

ទោះជា​យ៉ាងណា កម្ពុជា​នឹង​មិន​ធ្វើ​សម្បទាន​ចំពោះ​អធិបតេយ្យភាព ឬ​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ជា​ដាច់ខាត ។ ព្រឹទ្ធសភា​កម្ពុជា​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែ វិច្ឆិកា ឆ្នាំ​២០២៥ ដែល​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ទ​ង្វើ​ដ៏​ព្រៃផ្សៃ​អស់ទាំង​នោះ និង​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា ចិត្ត​ដ៏​មុតមាំ​របស់​កម្ពុជា​ចំពោះ​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់ និង​ការ​ដោះ ស្រាយ​វិវាទ​ដោយ​សន្តិវិធី តាម​រយៈ​កិច្ច​សន្ទនា និង​ច្បាប់​អន្តរជាតិ​។ ព្រឹទ្ធសភា​ប្រកាន់​ជំហរ​ឯកភាព​ជា​ធ្លុង​មួយ​យ៉ាង​រឹង​មាំ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

ព្រឹទ្ធសភា​គូសបញ្ជាក់​ថា «​កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ខ្លួន​ចំពោះ​សន្តិភាព កិច្ច​សន្ទនា និង​នីតិរដ្ឋ ប៉ុន្តែ​សូម​ព្រមាន​ថា ការ​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព ឬ​បង្ក​គ្រោះថ្នាក់​ណាមួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ស្លូតត្រង់​នឹង​ត្រូវ​ជួប​ប្រទះ​នូវ​ការ​ការពារ​អធិបតេយ្យភាព​ជាតិ​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​និង​ខ្លាំងក្លា​បំផុត ។ ព្រឹទ្ធសភា​បាន​បញ្ជាក់​បន្ថែម​ថា​«​សន្តិភាព​ត្រូវ​តែ​ការពារ ការ​ពិត​ត្រូវ​តែ​លើកតម្កើង ហើយ​យុត្តិធម៌​ត្រូវ​តែ​ឈ្នះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ