រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ នៅលើផេកសម្តេចបានសរសេរនូវខ្លឹមសារថា យើងឯកភាពគ្នាក្នុងការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៤ ហើយកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ស្ទើរគ្រប់វិស័យ ។
យើងក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមករវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ ។
ក្នុងពេលជាមួយគ្នា កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
ជាក់ស្តែង ក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជា និងកូរ៉េមួយនឹងត្រូវបង្កើតនៅក្នុងអំឡុងខែវិច្ឆិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ យើងក៏បានឯកភាពគ្នា ក្នុងការរួមគ្នាផ្សព្វផ្សាយអោយបានទូលំទូលាយនូវព័ត៌មានអំពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងភាគីយើងទាំងពីរ ៕

ចែករំលែកព័តមាននេះ