រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅតាមព្រំដែនថៃ សូមប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន និងរងការខាតបង់ធ្ងន់ធ្ងរ ។

ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីក្រុមនិយមថៃបានបង្ហោះសកម្មភាពប្រមាថសម្តេច ដោយធ្វើការបាញ់លើរូបថតសម្តេច ។ សម្តេចតេជោ បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ថានេះ ឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់0x017d7
សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ ។ សម្តេចបានបន្តថា មិនថា វីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ ។

សម្តេចតេជោ ក៏បានលើកឡើងថា កន្លងមកនេះ បងប្អូនយើងមួយចំនួនបានសុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃយកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាន និងកំពុងធ្វើ ។
សម្តេចបន្តថា៖«ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថា គេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត ។ ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យខ្ញុំបាត់បង់ការអត់ធ្មត់ ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ព និងប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព» ។

ជាមួយគ្នានោះដែរ សម្តេចតេជោ បានបន្ថែមថា៖« ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ ។ សម្តេចតេជោ ក៏បានលើកឡើងទៀតថា ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌ ។ យើងត្រូវតែបន្ត ជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់ ។ ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង ។
សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា ។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ ។ មនុស្សមួយចំនួននៅថៃរាប់ទាំងអ្នកដឹកនាំថៃខ្លះផងកំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់ ។
សម្តេចថា៖« ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្តងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វែលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឲ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា» ។
សម្តេចតេជោក៏បានអះអាងថា៖ យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត ។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឲ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល ។
សូមប្រជាជនថៃ ដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ ។ សម្តេចតេជោ ប្រមុខរដ្ឋស្តីទីបានលើកឡើងថា៖«ចុងក្រោយខ្ញុំចង់ជំរាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្តូរប្រាក់បាតថៃជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន និងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយ ដែលគេគម្រាមដូចករណីអគ្គិសនី អ៊ិនធើណែត និងប្រេងឥន្ធនៈកាលពីពេលមុន ។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង ។ ខ្ញុំសូមភ្ជាប់វីដេអូដែលជនជាតិថៃ ដាក់តាំងរូបខ្ញុំដើម្បីបាញ់យករង្វាន់» ៕
ចែករំលែកព័តមាននេះ