សមត្ថកិច្ចសិង្ហបុរី បានចេញការព្រមានដល់សាធារណជនអំពីសកម្មភាពបោកប្រាស់ថ្មីមួយដោយប្រើឈ្មោះស្ថាប័នរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបន្លំហើយនាំជនរងគ្រោះឲ្យបញ្ចូលព័ត៌មានផ្ទាល់ខ្លួន និងលុយទៅក្រុមខិលខូច ។ នេះបើតាមសេចក្តីរាយការណ៍របស់ VN Express ។
រូបតំណាងដោយ AI នេះមិនមែនជារឿងថ្មីនៅកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ត្រូវតែដឹងនឹងព្យាយាមស្វែងរកព័ត៌មានអំពីវាបន្ថែម ដើម្បីការពារសុវត្ថិភាពរបស់យើងទាំងអស់គ្នា ប្រឆាំងនឹងក្រុមឱកាសនិយម ។ រូបភាពនឹងល្បិច គឺវាស្រដៀងគ្នា ដូច្នេះគម្បីស្វែងយល់បន្ថែម ដើម្បីកុំអោយមានការសោកស្តាយ ។
តាមការបញ្ជាក់របស់ប៉ូលិសសិង្ហបុរី សង្គមបច្ចុប្បន្ន មានក្រុមជនខិលខូចកើតឡើងជាបន្តបន្ទាប់ដោយប្រើគណនី តេឡេក្រាម និងអ៊ីនស្តាក្រាមមានឈ្មោះ ស្រដៀងនឹងស្ថាប័នផ្លូវការ ដូចជា «CDC Vouchers» ឬ «govh.sg» ។ ក្រុមនេះប្រើរូបភាព និងសញ្ញាផ្លូវការ ដើម្បីបង្កើតការជឿជាក់ ហើយប្រកាសថា កំពុងផ្តល់ជំនួយសាច់ប្រាក់ ឬប័ណ្ណទូទាត់ជីវភាពពីរដ្ឋាភិបាលដូចនឹងកម្មវិធីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សហគមន៍ (CDC) របស់រដ្ឋសិង្ហបុរីដែរ ។
ប៉ូលិសបានបន្ថែមថា ក្រុមបោកប្រាស់នឹងផ្ញើសារដែលភ្ជាប់នឹង Infographics ឬតំណភ្ជាប់ (link) ដឹកនាំជនរងគ្រោះទៅកាន់គេហទំព័របន្លំដែលស្នើឲ្យបញ្ចូលព័ត៌មានផ្ទាល់ខ្លួន លេខអត្តសញ្ញាណប័ណ្ណ ឬក៏លេខកូដផ្ទៀងផ្ទាត់តាមតេឡេក្រាម ។ ការផ្តល់ព័ត៌មានទាំងនេះអាចបណ្តាលឲ្យអ្នកបោកប្រាស់យកអត្តសញ្ញាណ ឬគណនីសង្គមរបស់ជនរងគ្រោះ ដើម្បីបន្តផ្សព្វផ្សាយការបោកប្រាស់ដល់អ្នកដទៃបន្តទៀត ។
ប៉ូលិសសិង្ហបុរី បានបញ្ជាក់ថា ស្ថាប័នរដ្ឋាភិបាលមិនដែលស្នើឲ្យប្រជាពលរដ្ឋផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានធនាគារតាមរយៈទូរស័ព្ទបណ្តាញសង្គម ឬអ៊ីមែលឡើយ ។ ពួកគេក៏មិននឹងស្នើឲ្យទាញយកកម្មវិធី ឬផ្ទេរប្រាក់ទៅគណនីមិនផ្លូវការណាមួយ ដើម្បីទាមទារប័ណ្ណ SG60 ឬប័ណ្ណ CDCនោះដែរ ។
តាមស្ថិតិរបស់ The Straits Times សិង្ហបុរីបានកត់ត្រាករណីបោកប្រាស់ជិត២០.០០០ករណី ក្នុងពាក់កណ្តាល ឆ្នាំ២០២៥ បណ្តាលឲ្យខាតបង់ជាង៤៥៦.៤ លានដុល្លារសិង្ហបុរី ។
ដោយសារតែការបោកប្រាស់បែបនេះ កំពុងកើនឡើងនៅតំបន់អាជ្ញាធរកម្ពុជា និងប្រជាពលរដ្ឋគួរតែប្រុងប្រយ័ត្នពេលប្រើប្រាស់បណ្តាញសង្គម ឬទទួលសារអំពីកម្មវិធីជំនួយសាច់ប្រាក់ ឬគម្រោងវិនិយោគនានា ។ ការផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពអនុញ្ញាតជាផ្លូវការ គឺជាជំហានសុវត្ថិភាពដ៏សំខាន់បំផុត ដើម្បីជៀសវាងការបាត់បង់ទ្រព្យសម្បត្តិ និងអត្តសញ្ញាណផ្ទាល់ខ្លួន ៕
ចែករំលែកព័តមាននេះ