រហូតមកទល់ពេលនេះ រលកកំដៅ និងការរិះគន់មកលើតារាចម្រៀងនាង មាស សុខសោភា និងគូស្នេហ៍ថ្មី ដែលគេស្គាល់ថា ជាលោកតាសក់សភ្នំត្បែងនោះ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ បើទោះបីជាតារាចម្រៀងរូបនេះ បានចេញមុខបកស្រាយជុំវិញរឿងរ៉ាវមួយជាបន្តបន្ទាប់ក៏ដោយ ។

ការរិះគន់របស់មហាជនបានកើតឡើងម្តងទៀត បន្ទាប់ពីកាលពីពេលថ្មីៗនេះ មាស សុខសោភា បានបង្ហាញរូបភាពសកម្មភាពដើរលេងកំសាន្តនៅខេត្តសៀមរាប ជាមួយគូស្នេហ៍លោកតាសក់សភ្នំត្បែងយ៉ាងបើកចំហរ ដោយមិនមានការលាក់លៀមដូចពេលមុននោះឡើយ ។

យ៉ាងណា ក្រោយទទួលការរិះគន់ និងការប្រមាថពីមហាជនមួយចំនួននោះ មាស សុខសោភា ក៏បានចេញមុខការពារគូស្នេហ៍របស់ខ្លួន ដោយបានចាត់ទុកការប្រមាថពីមហាជនទាំងអស់នោះគឺដោយសារមិនបានដឹងរឿងច្បាស់ ខណៈពេលដែលនាងប្រកាសមិនត្រូវការក្តីស្រលាញ់ណាដែលចូលមករំខាន និងប្រមាថដល់សិទ្ធិឯកជនរបស់នាងនោះឡើយ ។

តាមរយៈសំណេរដែលបានសរសេរបង្ហោះលើបណ្តាញសង្គមអ្នកនាង មាស សុខ សោភា បាន
លើកឡើងថា អ្នកគ្រប់គ្នាចោទប្រមាថមនុស្សដែលជួយស្រោចស្រង់ជីវិតរបស់នាងខ្ញុំថា ចេះអាគមដាក់មកលើរូបនាងខ្ញុំ ចុះគ្រប់គ្នាដែលចូលចិត្តនាងខ្ញុំ ស្រលាញ់នាងខ្ញុំគ្រប់គ្នានិង តើនាងខ្ញុំចេះអាគមធ្វើដាក់ទាំងអស់គ្នាដែរ? នាងខ្ញុំមិនត្រូវការក្តីស្រលាញ់ណាដែលចូលមករខាននិងប្រមាថដល់សិទ្ធិឯកជនរបស់នាងខ្ញុំនោះទេ។

នាងបន្តថា អ្នកទាំងអស់គ្នាគិតតែសេចក្តីសុខក្នុងក្រុមគ្រួសាររបស់អ្នកគ្រប់គ្នាឱ្យតែមានសេចក្តីសុខរៀងៗខ្លួនទៅ រឿងសិទ្ធិឯកជនរបស់នាងខ្ញុំ វាមិនមែនដែលត្រូវឱ្យអ្នកទាំងគ្នាចូលមកបញ្ជា ឬហួងហែងទៅតាមអារម្មណ៍របស់អ្នកចង់បាននោះឡើយ ។ អ្នកគ្រប់គ្នានាំគ្នាចូលមកប្រមាថមកលើមនុស្សដែលជាអ្នកមានគុណរបស់នាងខ្ញុំ ទាំងមិនដែលស្គាល់គាត់ច្បាស់ ហើយនាំគ្នាជេរប្រមាថទៅដល់រូបលោកដែលជាមនុស្សម្នាក់ខំប្រឹងជួយដល់មនុស្សជាច្រើន ។

នាងបញ្ជាក់ថា អ្នកជេរប្រមាថមនុស្សរបស់ខ្ញុំគ្រប់គ្នានោះ តើអ្នកបានធ្វើអ្វីខ្លះជួយដល់សង្គមជា
តុមួយនេះហើយឬនៅ? ម្នាក់ៗបានត្រឹមតែជឿទៅតាមសំដីពួកមនុស្សពាលដែលជាគូសត្រូវម្ខាងរបស់នាងខ្ញុំប៉ុណ្ណោះ។ ពីពេលនេះទៅ នាងខ្ញុំគិតថា គ្រប់អ្នកដែលចូលមកប្រមាថដល់នាងខ្ញុំ គឺជាសត្រូវ មិនមែនជាfanពិតប្រាកដនោះទេ ពួកគេសុទ្ធតែជាមនុស្សមិនគ្រប់លក្ខណៈជាមនុស្ស ជាមនុស្សដែលមិនស្គាល់ខុសត្រូវ មិនស័ក្តិសមនិងនាងខ្ញុំផ្តល់តំលៃឱ្យពួកគេថាជា fanឡើយ ។

នាងថា ពុកម៉ែ បងប្អូន ដែលធ្លាប់អាណិតស្រលាញ់ដល់នាងខ្ញុំកន្លងមកជាទីគោរព នាងខ្ញុំចង់ជំរាបថា បើពុកម៉ែ បងប្អូនគិតថា នាងខ្ញុំខុស ឬក៏អ្នកទាំងអស់គ្នា អស់ក្តីមេត្តាមកលើរូបនាងខ្ញុំក៏ដោយ តែសូមកុំចូលមកប្រមាថមនុស្សរបស់នាងខ្ញុំទៀត ហើយឈប់គាំទ្រសម្លេងនាងខ្ញុំទៀតទៅ ដើរចេញឱ្យផុតគ្រប់គ្នាចុះ។

ជាការកត់សម្គាល់ ជុំវិញចំណងស្នេហ៍ថ្មីរបស់តារាចម្រៀងនាង មាស សុខសោភា នាពេលនេះកន្លងមក លោកតាសក់សភ្នំត្បែងដែលជាគូស្នេហ៍ធ្លាប់បានប្រកាសជាសាធារណៈថា ខ្លួនគឺជា
ស្វាមីរបស់តារាចម្រៀង មាស សុខសោភា យ៉ាងពិតប្រាកដ និងស្នើអោយមហាជនបញ្ចប់ការសង្ស័យ ។

រឿងនេះបានធ្វើអោយបណ្តាអ្នកគាំទ្រ មាស សុខសោភា ភាគច្រើនសម្តែងការហួសចិត្ត និងមិនពេញចិត្តចំពោះរូបនាង ដែលធ្វើការសម្រេចចិត្តបែបនេះឡើយ ប៉ុន្តែយ៉ាងណា ទន្ទឹមនឹងការមិនសប្បាយចិត្តពីអ្នកគាំទ្រ គេក៏ឃើញមានអ្នកសិល្បៈដូចគ្នាជាច្រើនរូប បានបង្ហាញការគាំទ្រទៅលើ មាស សុខសោភា ដោយពួកគេចាត់ទុកថា នេះជាការសម្រេចផ្ទាល់ខ្លួនរបស់នាង ៕


ចែករំលែកព័តមាននេះ