មហាជន ជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គមកំពុងមានការចាប់អារម្មណ៍ខ្លាំងពាក់ព័ន្ធតារាកំប្លែងនាយក្រិន កំពុងចាប់ផ្តើមពន្លកស្នេហាថ្មីជាមួយនារីវ័យក្មេងមួយរូប បន្ទាប់ពីគេបានឃើញរូបភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ។

បើយោងតាមការបង្ហោះជាវីដេអូឃ្លីបរបស់តារាសម្តែងលោក សាវីន ហ្វីលីព បានបញ្ជាក់ថា នាយក្រិនកំពុងមានស្នេហាថ្មីជាមួយនារីវ័យក្មេងមួយរូប ដែលបានជួបគ្នាក្នុងការសម្តែងរួមគ្នា ។ តាមរយៈរឿងរ៉ាវខាងលើនេះ លោក សាវីន ហ្វីលីព ក៏បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា តារាកំប្លែងនាយក្រិន ពិតជាកំពុងមានគូស្នេហ៍ថ្មីពិតប្រាកដមែន ។
លោកបន្តថា ពន្លកស្នេហ៍របស់នាយក្រិន បានចាប់ពន្លកឡើង បន្ទាប់ពីអ្នកទាំងពីរបានថតផ្សព្វផ្សាយផលិតផលមួយរួមគ្នា ។ នារីវ័យក្មេងនោះ គឺជាតារាជើងថ្មីមានឈ្មោះ ម៉ៃយ៉ា ខណៈពេលដែលនារីរូបនេះ ក៏ធ្លាប់បង្ហាញអារម្មណ៍ស្រឡាញ់ និងចូលចិត្តនាយ ក្រិន ផងដែរ ។ យ៉ាងណា បើតាមលោក សាវីន ហ្វីលីព ចំណងស្នេហ៍របស់នាយក្រិន នាពេលនេះ អាចថា កំពុងស្ថិតក្នុងដំណាក់កាលមើលចិត្តគ្នា ហើយបញ្ហាស៊ីជម្រៅជាងនេះយ៉ាងណានោះលោកក៏មិនបានដឹងច្បាស់ដែរ ។

លោកបញ្ជាក់ថា បើទោះបីជានារីខាងលើ ហាក់បង្ហាញការស្រឡាញ់ចូលចិត្តនាយក្រិន នាពេលនេះក៏ដោយ ប៉ុន្តែសម្រាប់នាយ គឺនៅតែមានចិត្តស្ទាក់ស្ទើរនៅឡើយ ដ្បិតនាយគិតថា នារីនោះស្អាត ហើយនៅក្មេងខ្លាចគេបោកចិត្ត ហើយនឹងខ្លាចគេធ្វើបាបកូន ។
លោក សាវីន ហ្វីលីព បានលើកឡើងបន្ថែមថា ចំពោះរឿងនេះ រូបលោកក៏បានជជីកសួរទៅកាន់នារីនោះដែរ ហើយត្រូវបាននារីរូបនោះឆ្លើយថា នាងពិតជាស្រឡាញ់នាយក្រិន មែន ព្រោះឃើញគាត់គួរអោយអាណិត និងជាបុរសពោះម៉ាយថែមទៀត ។

ដោយឡែក សម្រាប់នាយក្រិនវិញ គឺហាក់មានអារម្មណ៍នៅអៀន និងស្ទាក់ស្ទើរចំពោះរឿងនេះនៅឡើយ ប៉ុន្តែលោកបានអោយតម្រុយថា នឹងសួរចិត្តកូនពៅរបស់លោកជាមុនសិនសម្រាប់ការសម្រេចចិត្តចំពោះរឿងនេះ ។
ដោយឡែក សម្រាប់រឿងនេះ ប្រសិនបើនាយក្រិន និងនារីម្នាក់នោះ ពិតជាច្បាស់លាស់ជាមួយគ្នាមែននោះថៅកែផលិតផលដែលនាយក្រិនបានថតផ្សព្វផ្សាយអោយនោះនឯងធានាចេញថ្លៃការអោយផងដែរ ។ ជាការកត់សម្គាល់ តារាកំប្លែងមាឌល្អិត នាយ ក្រិន បានពើបប្រទះនូវស្នេហាមិនសមប្រកបចំនួន២លើកមកហើយ ដែលធ្វើអោយលោករស់មានឈ្មោះជាបុរសពោះម៉ាយចិញ្ចឹមកូន៣នាក់ក្នុងបន្ទុក ។

ក្រោយស្នេហាបែបបាក់ អាជីពកំប្លែងរបស់លោកក៏ស្ទើរតែបាត់បង់ផងដែរ រហូតធ្វើអោយ
រសាត់ខ្លួនមករស់នៅស្រុកកំណើតនាខេត្តបាត់ដំបងជាមួយកូន ខណៈពេលលោកក៏មានបំណុលពេញខ្លូនផងដែរ ។
យ៉ាងណា ក្រោយឃើញជីវិតរបស់លោកកំពុងជួបភាពទីទាល់ខ្លាំងនោះ កន្លងមក ក៏មានសប្បុរសជននានាក៏បានជួយឧបត្ថម្ភដល់រូបលោកជាបន្តបន្ទាប់ផងដែរ ។ ក្រោយជួបនូវជីវិតអាប់អួរមួយរយៈ បច្ចុប្បន្ននាយ ក្រិន ក៏បានចាប់ផ្តើមវិលមកការសម្តែងជាថ្មីឡើងវិញ តាមរយៈការសម្តែងជាវីដេអូកំប្លែងខ្លីៗបង្ហោះតាមបណ្តាញសង្គមជាមួយកូនស្រីរបស់លោកដែលកំពុងមានដុងសិល្បៈដូចជារូបលោកដែរ ៕


ចែករំលែកព័តមាននេះ