រាជធានីភ្នំពេញ ៖ ឆ្លើយតបនឹងការលើកឡើងរបស់ថៃពាក់ព័ន្ធនិងការប្រគល់សញ្ញាបត្រកន្លងមកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថាខួរក្បាល និងចំណេះដឹងរបស់ខ្ញុំមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃដែលប្រគល់ឲ្យនោះ
ទេ។

សម្តេចតេជោបានសរសេរលើបណ្តាញសង្គមនៅយប់ថ្ងៃទី២២ សីហា ឆ្នាំ២០២៥ មានខ្លឹមសារយ៉ាងដូច្នេះថា៖ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃអ្វីដែលខ្ញុំត្រូវរក្សាទុក ! ថ្ងៃនេះឃើញថា សាលាមួយទៀតរបស់ថៃប្រកាសដកហូតសញ្ញាបត្រពីខ្ញុំ សូមបញ្ជាក់ទៅវិញថា សញ្ញាបត្រទាំង៣សាលារបស់ថៃដែលធ្លាប់ប្រគល់ឲ្យខ្ញុំ ខ្ញុំបានបោះវាចោលអស់យូរហើយ វាគ្មានតម្លៃសោះឡើយសម្រាប់ខ្ញុំរក្សាទុក ! សាលាទីមួយ ទទួលនៅឆ្នាំ២០០១ សាលាទី២ ទទួលនៅឆ្នាំ២០០៦ និងសាលាទី៣ ទទួលនៅឆ្នាំ២០១៩ ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសមួយសន្លឹករបស់អ្នកនោះឡើយ ។
សម្តេចតេជោបានបញ្ជាក់ថា «ខួរក្បាល និងចំណេះដឹងរបស់ខ្ញុំមិនមែនកើតចេញសញ្ញាបត្រមួយសន្លឹករបស់អ្នក ឬសាលារៀនថៃនោះទេ ប្រជាជនកម្ពុជា និងសាលារៀនរបស់កម្ពុជា គឺជាអ្នកបង្រៀនខ្ញុំ»។
សម្តេចក៏បានលើកឡើងថា៖ ខ្ញុំគួរតែប្រាប់ពួកអ្នកវិញថា បើពិនិត្យពីពេលវេលាដែលពួកអ្នកសុំប្រគល់សញ្ញាបត្រឲ្យខ្ញុំ (ខ្ញុំអត់បានស្នើសុំពីពួកអ្នកទេ) និងពេលវេលាដែលខ្ញុំកាន់តំណែងក្នុងកិច្ចការជាតិ សញ្ញាបត្ររបស់អ្នកគ្មានជួយអ្វីដល់ខ្ញុំទេ ព្រោះសញ្ញាបត្របានផ្តល់ឲ្យខ្ញុំក្រោយ ជោគជ័យរបស់ខ្ញុំដែលមានកំណត់ត្រាដូចខាងក្រោម៖

ឆ្នាំ១៩៧៩ អាយុ២៧ឆ្នាំ ជារដ្ឋមន្រីក្រសួងការបរទេស។ ឆ្នាំ១៩៨១ អាយុ២៩ឆ្នាំ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឆ្នាំ១៩៨៥ អាយុ៣២ឆ្នាំ ជានាយករដ្ឋមន្ត្រី។ ជាមួយគ្នានោះដែរសម្តេចតេជោក៏បានចំអកទៅកាន់អ្នកដែលប្រគល់សញ្ញាបត្រដល់សម្តេចថា៖
«ខ្ញុំគិតថាពួកអ្នកនឹងមានការអៀនខ្មាស់ ប្រសិនបើពួកអ្នកពិនិត្យឡើងវិញនូវការវាយតម្លៃរបស់ពួកអ្នកលើគុណសម្បត្តិរបស់ខ្ញុំ នៅពេលអ្នកសុំខ្ញុំឲ្យទទួលសញ្ញាបត្ររបស់អ្នក។
ខ្ញុំនឹងឲ្យខុទ្ទកាល័យរបស់ខ្ញុំផ្សព្វផ្សាយអំពីការវាយតម្លៃរបស់ពួកអ្នកមកលើគុណសម្បត្តិរបស់ខ្ញុំ ក្នុងគោលបំណងកុំឲ្យពួកអ្នកភ្លេច។ ពួកអ្នកមិនអាចកែប្រែអតីតកាលបានទេ ហើយខ្ញុំក៏ចង់ប្រាប់ពួកអ្នកថា ពួកអ្នកទេដែលមកស្នើខ្ញុំឲ្យទទួលសញ្ញាបត្រនោះ អមដោយការវាយតម្លៃមកជាមួយផង។ ឯការសម្រេចទទួល ឬមិនទទួលស្ថិតនៅលើ ហ៊ុន សែន ព្រោះខ្ញុំក៏មិនចេះតែទទួលយកនោះដែរ» ៕
ចែករំលែកព័តមាននេះ