អាជ្ញាធរខេត្តប៉ៃលិន បន្តជួយអន្តរាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសម្រុកមកពីថៃវិញ
ខេត្តប៉ៃលិន ៖ នៅថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាល…
ខេត្តប៉ៃលិន ៖ នៅថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាល…
ខេត្តប៉ៃលិន ៖ នៅថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានចុះពិនិត្យមើលក្រុមការងាររបស់រដ្ឋបាលខេត្ត កំពុងបន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃវិលត្រលប់ទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ។
លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្ត បានជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញ ឬធ្វើការប្រមាថណាមួយ ដោយរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃ ដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ ទៅស្រុកកំណើតវិញ ដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីប្រទេសថៃ បានបង្កសង្គ្រាមឈ្លានពាន រយៈពេល០៥ថ្ងៃ នៅតាមព្រំដែនជាមួយកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ សង្កេតឃើញថា មានបងប្អូនពលករខ្មែរកាន់តែច្រើនឡើងៗ បានសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើត វិញតាមច្រកទ្វារព្រំដែនមួយចំនួន រួមទាំងច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិនផងដែរ ។
សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឈមនឹងច្រកបានផាកាត ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ហើយបានក្លាយជាច្រកអន្តរជាតិផ្លូវការ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣ ក្នុងចំណោមច្រកអន្តរជាតិជាច្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ហើយនៅមុនពេលមានជម្លោះព្រំដែនកើតឡើង ច្រកទ្វារព្រំដែនអន្តរជាតិព្រំ មានភ្ញៀវទេសចរណ៍ ពលករ និងការដឹកជញ្ជូនទំនិញចេញ-ចូលឆ្លងកាត់ព្រំដែនយ៉ាងសកម្ម ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ រវាងមន្ត្រីជួរមុខទាំងទ្វេរភាគី កម្ពុជា និង ថៃ ផងដែរ ៕
ចែករំលែកព័តមាននេះ