ខេត្តកណ្តាល៖ ប្តីប្រពន្ធ១គូបបួលគ្នាជួញដូរថ្នាំគ្រឿងញៀន លុះពេលសមត្ថកិច្ចចុះបង្ក្រាប ប្តីផាស់ក្រញ៉ាំ រត់មិនងាកក្រោយចោលប្រពន្ធបាត់ ជាមួយស្ត្រីម្នាក់ទៀត សល់តែប្រពន្ធត្រូវសមត្ថកិច្ចបង្ក្រាបបាន ។
ការបង្ក្រាបនេះដែលបានធ្វើទ្បើងកាលពីវេលាម៉ោង០៦ និង ៣៥នាទីល្ងាច ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅចំណុចបន្ទប់ជួល ក្នុងភូមិព្រែករាំង០១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅបានអោយដឹងថាជនសង្ស័យ ៖
១-ឈ្មោះ រិទ្ធ វ៉ាន់រាជ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករាំង០១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(រត់គេចខ្លួន) ។
២-ឈ្មោះ ខន ពិសី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករាំង០១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មការនី (ឃាត់ខ្លួន) ។
៣-ឈ្មោះ មុំ រដ្ឋា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(រត់គេចខ្លួន) ។
ក្នុងនោះដកហូតបានវត្ថុតាងរួមមាន ៖
១-ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០៨ កញ្ចប់មធ្យម ទម្ងន់៧,៧៩ក្រាម ជារបស់ឈ្មោះ រិទ្ធ វ៉ាន់រាជ និងឈ្មោះខន ពិសី, ថ្នាំញៀន( ម៉ាទឹកកក)ចំនួន១១កញ្ចប់តូច ទម្ងន់២,០០ក្រាម ជារបស់ឈ្មោះ មុំ រដ្ឋា (រត់គេចខ្លួន) ។
២-ជញ្ជីងសម្រាប់ថ្លឹងថ្នាំចំនួន០១ , ទូរស័ព្ទដៃម៉ាក OPPO ចំនួន០២គ្រឿង ពណ៌ខ្មៅចំនួន០១គ្រឿង និងពណ៌ទឹកប៊ិចចំនួន០១គ្រឿង , ទុយោសម្រាប់ចូកថ្នាំចំនួន០២ និងសម្ភារៈសម្រាប់វិចខ្ចប់មួយចំនួន ។
លោកបានបន្តអោយដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០៦ និង ៣៥នាទីល្ងាច ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អ បានរាយការណ៍មកថា នៅចំណុចភូមិព្រែករាំង០១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានការណីជួញដូរគ្រឿងញៀនយ៉ាងសកម្ម ភ្លាមៗនោះលោក វរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាអោយកម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ធ្វើការឆ្មក់ចូលទៅបង្ក្រាប ក៏ប្រទះឃើញជនសង្ស័យឈ្មោះ មុំ រដ្ឋា ភេទស្រី អាយុ៣៦ឆ្នាំ និងឈ្មោះ រិទ្ធ វ៉ាន់រាជ ភេទប្រុស អាយុ២២ឆ្នាំ បានរត់គេចខ្លួនបាត់ និងឈ្មោះ ខន ពិសី និងកូនតូចអាយុ១៨ខែ កំពុងតែអង្គុយនៅក្នុងបន្ទប់ កម្លាំងយើងក៏ធ្វើការឃាត់សួរនាំ និងឆែកឆេររកឃើញថ្នាំញៀនចំនួន០៨ កញ្ចប់មធ្យម ដែលជនសង្ស័យឈ្មោះ រិទ្ធ វ៉ាន់រាជ បានលាក់ទុកនៅក្នុងថង់ពណ៌ខ្មៅ កប់នៅក្នុងបាវអង្ករ និងចំនួន១១កញ្ចប់តូច ជារបស់ជនសង្ស័យឈ្មោះ មុំ រដ្ឋា ដែលទុកនៅលើពូកក្នុងផ្ទះជាន់ខាងលើ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ខន ពិសី បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន០៨កញ្ចប់ដែលសមត្ថកិច្ចឆែករកឃើញនៅក្នុងបាវអង្គរពិតជារបស់ឈ្មោះ រិទ្ធ វ៉ាន់រាជ ដែលត្រូវជាប្តីរបស់ខ្លួន និង ចំនួន១១កញ្ចប់តូចនៅក្នុងផ្ទះជាន់ខាងលើជារបស់ឈ្មោះ មុំ រដ្ឋា ដែលត្រូវជាម្តាយមីងរបស់ឈ្មោះ រិទ្ធ វ៉ាន់រាជ ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង កំពុងត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕



ចែករំលែកព័តមាននេះ