រាជធានីភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានសម្រេចឲ្យអភិបាលខេត្តកណ្តាលបញ្ចប់មុខតំណែង អ្នកនាង ធី សុវណ្ណថាពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់ ។

សម្តេចតេជោ បានសរសេរលើបណ្តាញសង្គម នៅមុននេះ ដែលមានខ្លឹមយ៉ាងដូច្នេះថា ៖ យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យ ក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ ។

ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាម Facebook ដែលមានចរិតមិនសមស្រប ។ សម្តេចបានលើកឡើងថា៖«ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោល នៅអត្ថបទ២ កាលពីប៉ុន្មានថ្ងៃមុន ។ ថ្ងៃនេះ គាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី ។ ខ្ញុំបានប្រាប់ទៅឯ.ឧ គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា ។ ខ្ញុំបានប្រាប់ទៅឯ.ឧ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់ ។

ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិ និងធ្វើបែបនេះ ដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់ ៕
ចែករំលែកព័តមាននេះ