ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំថ្លែងថាលោកទើបតែបានសន្ទនាគ្នាជាមួយប្រមុខដឹកនាំកម្ពុជា និងថៃបន្ទាប់ពីប្រទេសទាំង២ឯកភាពទទួលយកបទឈប់បាញ់។ កិច្ចព្រមព្រៀងនេះធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមកិច្ចសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា់ អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំនេះ។
លោកត្រាំបានបង្ហោះសារនៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) ជាផ្លូវការរបស់លោកដែលមានសេចក្ដីជាអាទិ៍ថាលោកទើបតែទាក់ទងទៅនាយករដ្ឋមន្ត្រីស្ដីទីថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា។ លោក(ត្រាំ) មានសេចក្ដីសោមនស្សរីករាយសូមប្រកាសថាប្រទេសទាំង២ទើបតែសម្រេចបានបទឈប់បាញ់ និងសន្តិភាព។ លោកសូមអបអរសាទរចំពោះដំណឹងនេះ។
នាយករដ្ឋមន្ត្រីថៃ លោកភូមិថាម វិឆាយ៉ាឆៃ និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតីហ៊ុនម៉ាណែត បានព្រមព្រៀងគ្នាទទួលយកបទឈប់បាញ់។ កិច្ចព្រមព្រៀងនេះក៏មានប្រេសិតរបស់លោកត្រាំចូលរួមធ្វើជាសាក្សីផងដែរ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ប៊្លូមបឺក (Bloomberg)។
ក្រោយពេលទទួលដំណឹងស្ដីពីបទឈប់បាញ់នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោករូប៊ីយ៉ូ (Rubio) ក៏សម្ដែងការអបអរសាទរផងដែរ។ លោករូប៊ីយ៉ូបង្ហោះសារនៅលើបណ្ដាញអ៊ិចថាអាមេរិកសូមអបអរសាទរសេចក្ដីថ្លែងការណ៍ស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃដែលប្រកាសនៅទីក្រុងគូឡាឡាំពួរ។ លោកគាំទ្រឱ្យបញ្ចប់ជម្លោះនេះ។ ខាងលើនេះជាការដកស្រង់ប្រភពពីគេហទំព័រដឹហ៊ីល (The Hill) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ