រាជធានីភ្នំពេញ ៖ ស្ត្រីជនជាតិវៀតណាម មិនស្គាល់អត្តសញ្ញាណម្នាក់ គ្រាន់តែដឹងថា ជាបុគ្គលិកហាងចិនមួយកន្លែង បានដេកសន្លប់ស្ដូកស្ដឹងនៅក្នុងបន្ទប់សណ្ឋាគារ មួយកន្លែង សង្ស័យបណ្ដាលមកពីជំងឺខ្យល់គរ។ នាងត្រូវបានបុគ្គលិកសណ្ឋាគារប្រទះឃើញ បន្ទាប់មក បានហៅរថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ ។
ហេតុការណ៍ខាងលើបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងសណ្ឋាគារ និងក្លិប Yihongyuan ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីជនជាតិវៀតណាមរូបនោះ មានអាយុប្រមាណជាង៣០ឆ្នាំ មុខរបរជាបុគ្គលិកហាងចិនមួយកន្លែង និងស្នាក់នៅក្នុងសណ្ឋាគារខាងលើ ប៉ុន្តែមិនត្រូវបានគេប្រាប់ឲ្យដឹងថា បន្ទប់លេខប៉ុន្មាននោះទេ ។
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ស្ត្រីរូបនោះមានអាការៈមិនស្រួលខ្លួន ហើយក៏បានប្រកាច់រហូតដល់សន្លប់ស្ដូកស្ដឹងនៅក្នុងបន្ទប់ ។ ពេលនោះ បុគ្គលិកសណ្ឋាគារខាងលើបានហៅរថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ ។ នៅក្នុងពេលភ្លាមៗនោះដែរ ពុំទាន់ដឹងថា ស្ត្រីនោះសន្លប់ដោយសារតែមូលហេតុអ្វីឲ្យប្រាកដនៅឡើយទេ គ្រាន់តែសង្ស័យបណ្ដាលមកពីជំងឺខ្យល់គរ ៕






ចែករំលែកព័តមាននេះ