ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រកឃើញករណីផ្តាសាយបក្សី H5N1 មួយករណីទៀតលើកុមារា ៦ ឆ្នាំ នៅត្បូងឃ្មុំ

15 ម៉ោង មុន

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ​បានឱ្យដឹងថា ករណីជំងឺផ្តាសាយបក្សីមួយទៀតត្រូវបានរកឃើញលើ កុមារាអាយុ ៦ ឆ្នាំ ដែលបានបញ្ជាក់វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ H5N1 ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ…

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ​បានឱ្យដឹងថា ករណីជំងឺផ្តាសាយបក្សីមួយទៀតត្រូវបានរកឃើញលើ កុមារាអាយុ ៦ ឆ្នាំ ដែលបានបញ្ជាក់វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ H5N1 ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

កុមារារូបនេះមានទីលំនៅក្នុងភូមិបុសឫស្សី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ អ្នកជំងឺបានបង្ហាញរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក រាក ក្អួត ហត់ និងពិបាកដកដង្ហើម។ បច្ចុប្បន្ន កុមាររូបនេះកំពុងស្ថិតក្រោមការខិតខំជួយសង្គ្រោះដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

​បើតាមក្រសួងសុខាភិបាល តាមការសាកសួរបានបង្ហាញថា ក្នុងអំឡុងខែកក្កដានេះ មានមាន់ទាឈឺ និងងាប់ជាបន្តបន្ទាប់នៅក្នុងភូមិកើតហេតុ។ កុមារារូបនេះបានទៅលេងផ្ទះសាច់ញាតិ ដែលមានមាន់ងាប់ប្រហែលជិត ១០០ ក្បាល នៅចម្ងាយប្រហែល ១០០ ម៉ែត្រពីផ្ទះរបស់គាត់ ហើយបាន ​កាន់មាន់ងាប់មួយក្បាលមកឱ្យជីដូនធ្វើម្ហូប​ ដែលត្រូវបានសង្ស័យថាជាប្រភពនៃការចម្លង។

​ពាក់ព័ន្ធនឹងករណីនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ពួកគេកំពុងធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនៃជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស។ គោលបំណងគឺដើម្បីស្វែងរកប្រភពចម្លង​ទាំងលើសត្វ និងមនុស្ស។ ស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់​ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍។ ចែកជូនឱសថ Tamiflu​ ដល់អ្នកប៉ះពាល់ជិតស្និទ្ធ។ និងធ្វើយុទ្ធនាការអប់រំសុខភាព​ប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុ។

​ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល​បានក្រើនរំលឹកសាជាថ្មីម្ដងទៀតដល់​ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺផ្តាសាយបក្សី H5N1 ព្រោះវាបន្តគំរាមកំហែងដល់សុខភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ