ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើងចំនួន០៤នាក់ត្រូវកម្លាំងនគរបាលក្រុងច្បារមន ធ្វើការឃាត់ខ្លួននៅក្នុងផ្ទះសំណាក់យីហោ លីហួរ ស្ថិតនៅក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខណៈដែលក្រុមក្មេងទំនើងទាំងអស់នោះ កំពុងតែត្រៀមធ្វើសកម្មភាព វាយបកទៅលើគូទំនាស់។

ការឃាត់ខ្លួនក្រុមមុខសញ្ញាក្មេងទំនើងបាន កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្ទះសំណាក់ យីហោ(លីហួរ ) ដែលមានទីតាំងស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
នគរបាលក្រុងច្បារមនបាននិយាយឱ្យដឹងថា មុនឈានដល់ធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ គឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយក្រវ៉ាន់ បានចុះធ្វើរដ្ឋបាលតាមបន្ទប់ជួល ផ្ទះសំណាក់ ក្នុងភូមិសាស្ត្រខាងលើ លុះធ្វើទៅដល់ចំណុចផ្ទះសំណាក់ យីហោ លីហួរ ខាងលើ ក៏បានប្រទះឃើញក្រុមក្មេងទំនើងមួយក្រុមដែលមាន រហ័សនាមថា JBK (ចំបក់ ស៊េរីចាស់) មានគ្នាចំនួន០៤ នាក់ ក៏ឃាត់សួរនាំតែម្តង។
នគរបាលក្រុងច្បារមនបានបន្តឱ្យដឹងថា ក្រុមក្មេងទំនើងដែលឃាត់បាន ទី១.មានឈ្មោះប៉ូ រ៉ុងរ៉ាកឌី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវល្លិ៍ស ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២.ឈ្មោះជោន លីនខេន ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៣.ឈ្មោះសៀក ឈីនឡុង ភេទប្រុស អាយុ១៦ ឆ្នាំរស់ភូមិព្រៃកោះ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៤.ឈ្មោះសុផល ផានុត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងដេកជុំគ្នាក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ។
នគរបាលក្រុងច្បារមនបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើង នគរបាលដកហូតវត្ថុតាងមាន កាំបិតផ្គាក់ដងវែង០១ដើម , កាំបិតផ្គាក់ ខ្លី០១ដើម , ដាវ ០១ដើម , ម៉ូតូចំនួន ០១ គ្រឿង, និងទូរស័ព្ទចំនួន ០២គ្រឿង ។ក្រោយសាកសួរនៅ អធិការដ្ឋាននគរបាលក្រុងច្បារមន ក្រុមក្មេងទំនើងបានឆ្លើយសារភាពថា កាំបិតផ្គាក់ និងដាវខាងលើ ពិតជារបស់បក្ខពួកខ្លួន គឺឈ្មោះហេង និងឈ្មោះចុម បានយកមកទុកនៅក្នុងបន្ទប់ ត្រៀមធ្វើសកម្មភាព ដេញកាប់កាត់សាញ និងកាប់ក្រុមដែលធ្លាប់មានទំនាស់ជាមួយបក្ខពួកខ្លួន នៅពេលយប់ៗ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងរួមជាមួយវត្ថុតាងខាងលើនគរបាលក្រុងច្បារមនបាន កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនិតិវិធី៕
ចែករំលែកព័តមាននេះ