សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី៧កក្កដា បានសន្យាយកពន្ធដល់ទៅយ៉ាងតិច២៥%ពីប្រទេសជាច្រើន ក្នុងនោះមានជប៉ុននិងកូរ៉េខាងត្បូងជាសម្ព័ន្ធមិត្តសំខាន់២នៅអាសីុ។ សម្រាប់សហរដ្ឋអាមេរិកយល់ថា ការធ្វើបែបនេះគឹដើម្បីជម្រុញដៃគូពាណិជ្ជកម្មដទៃៗទៀត ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិកឲ្យបានឆាប់បំផុត។
លោកត្រាំប្រកាសតាមបណ្ដាញសង្គមTRUTH SOCIALថា លោកបានបញ្ជូនសារលិខិតដល់ប្រទេសជាច្រើន ប្រាប់ពីពន្ធគយថ្មីដែលនឹងត្រូវបង់ចាប់ពីថ្ងៃទី១សីហាទៅ លើបណ្ដាផលិតផលពួកគេនាំចូលសហរដ្ឋអាមេរិក ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខាមុនកាលបរិច្ឆេទនោះទេ។
ប្រសិនបើការគំរាមនេះរបស់លោកត្រាំត្រូវបានអនុវត្ត នោះជប៉ុននិងកូរ៉េខាងត្បូងជាដៃគូប្រវត្តិសាស្ត្ររបស់អាមេរិក ក៏ដូចជាប្រទេសកាហ្សាក់ស្ថាននិងម៉ាឡេសីុដែរ នឹងទទួលរងការយកពន្ធដល់២៥% ទល់នឹងអត្រា២៤%ប្រកាសកាលពីខែមេសា។ ការយកពន្ធខ្ពស់ពិតជាធ្ងន់ករសម្រាប់អាហ្វ្រិកខាងត្បូងដល់ទៅ៣០% ហើយពិសេសសម្រាប់ឡាវនិងមីយ៉ាន់ម៉ាដែលប្រទេសទាំង២នោះត្រូវបង់ពន្ធគយអាមេរិកដល់៤០%។
អ្នកចរចាពាណិជ្ជកម្មជប៉ុនលោករីយ៉ូសឺអីុអាកាហ្សាវ៉ាអះអាងថា លោកនឹងមិនចុះញ៉មឡើយចំពោះចំណុចនេះ។ ខ្ញុំធ្លាប់លើកឡើងជាច្រើនលើកថា កសិកម្មជាមូលដ្ឋានគ្រឹះរបស់ប្រជាជាតិ។ យើងនឹងមិនចូលរួមក្នុងការចរចាដែលឲ្យយើងត្រូវធ្វើពលីកម្មឡើយ៕
ចែករំលែកព័តមាននេះ