ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​វិស័យ​កសិកម្ម​! រដ្ឋបាល​ខេត្តស្ទឹងត្រែង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដល់​ម្ចាស់​ដេប៉ូជាង១០០​កន្លែង

3 អាទិត្យ មុន

ខេត្តស្ទឹងត្រែង ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៥ បាន​បើក​វគ្គ​បណ្តុះបណ្តាល​អប់រំ​សមត្ថភាព​វិជ្ជាជីវៈ ស្តី​ពី​បទដ្ឋាន​គតិ​យុ​ត្ត…

ខេត្តស្ទឹងត្រែង ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៥ បាន​បើក​វគ្គ​បណ្តុះបណ្តាល​អប់រំ​សមត្ថភាព​វិជ្ជាជីវៈ ស្តី​ពី​បទដ្ឋាន​គតិ​យុ​ត្ត នីតិវិធី និង​វិធាន​បច្ចេកទេស​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​ក្នុង​ខេត្តស្ទឹងត្រែង នៅ​សាលាខេត្ត ។

​លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា ៖ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម​លក់ដុំ លក់រាយ​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​គិត​មក​ត្រឹម​បច្ចុប្បន្ន​នេះ ការ​លក់ដុំ លក់រាយ​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​នៅ​ទូ​ទាំង​ខេត្តស្ទឹងត្រែង មាន​ចំនួន ១១៨​ដេប៉ូ ក្នុង​នោះ (​ទីតាំង​លក់ដុំ លក់រាយ​ថ្នាំ​កសិកម្ម ចំនួន ៣២​ដេប៉ូ និង​ទីតាំង​លក់ដុំ លក់រាយ​ជី​កសិកម្ម ចំនួន ៩៥ ដេប៉ូ​) ។

​លោក​ប្រធាន​មន្ទីរ​កសិកម្ម ក៏​បាន​លើក​ឡើង​ថា ៖ អាជីវករ​កាលពីមុន​ធ្វើ​អាជីវកម្ម​បែប​យថាកម្ម អាច​និយាយ​បាន​ថា ពួក​គាត់​ពុំ​មាន​រូបមន្ត​ផ្សំ​តាម​ស្តង់ដារ​អ្វី​នោះ​ទេ តែ​រហូត​មក​ទល់​បច្ចុប្បន្ន ក្នុង​សម័យ​ទំនើប ពួក​គាត់​មាន​លទ្ធភាព​អាច​ផលិត​ជី​កសិកម្ម ដែល​មានគុណ​ភាព​យ៉ាង​ល្អ ដែល​អាច​ជួយ​ដល់​កសិករ​បាន​យ៉ាងច្រើន​។ ហើយ​តទៅ​មុខ​ទៀត យើង​នឹង​រំពឹង​ថា ការ​អភិវឌ្ឍន៍​ចំពោះ​កសិកម្ម​នៅ​ខេត្តស្ទឹងត្រែង នឹង​ទទួល​បាន​ជោគជ័យ​កាន់តែ​ខ្ពស់​ក្នុង​ការ​ឆ្លើយ​តប​របស់​កសិករ​ទៅ​កាន់​ទីផ្សារ ។

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤​នេះ ការងារ​បង្កបង្កើន​ផលដំណាំ​ស្រូវ​សម្រេច​បាន​សរុប​ចំនួន ២៨.៥៩២​ហិ​កតា ស្មើនឹង​១០៣%​។ ដំណាំ​សាកវប្បកម្ម​អនុវត្ត​បាន​សរុប​ចំនួន ៥.៩៤០ ហិ​កតា ស្មើនឹង ២១៩% នៃ​ផែនការ​។ ដំណាំ​ឧស្សាហកម្ម​អនុវត្ត​បាន​សរុប ៤៤៤.៤៥១,៣៥១.៣ ហិ​កតា​ស្មើនឹង ១២១% នៃ​ផែនការ​។

​ខេត្តស្ទឹងត្រែង បាន​ជួប​ប្រទះ​នូវ​គ្រោះ​ទឹកជំនន់ ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ចំនួន ១៣៣​ហិ​កតា​។ ចំពោះ​ទិន្នផល​ស្រូវ​នៅ​ខេត្តស្ទឹងត្រែង គិត​ជា​មធ្យម​ទទួល​បាន​ចំនួន ២,៧៥ តោន​/​ហិ​កតា បើ​ប្រៀបធៀប​នឹង​បណ្តា​ខេត្ត​ភាគ​ខាងក្រោម គឺ​ខេត្តស្ទឹងត្រែង​មាន​ទិន្នផល​ទាប​ជាង​។ សម្រាប់​ទិន្នផល​ស្រូវ ដែល​ប្រជា​កសិករ​នៅ​ខេត្តស្ទឹងត្រែង​ផលិត​បាន គឺ​មាន​បរិមាណ​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ប្រជាជន​ចំនួន ១៨៣.៤៧៧ នាក់ និង​មាន​តុល្យភាព​ស្បៀង​ប្រមាណ ២៦.២៣៧ តោន​គិត​ជា​អង្ករ ស្បៀង​នៅ​សល់​ចំនួន ១៧.៤០៩ តោន​។ ជាមួយ​គ្នា​នេះ ខេត្តស្ទឹងត្រែង​ក៏​មាន​សហគមន៍​កសិកម្ម​ចំនួន ៣៩ សហគមន៍​ផង​ដែរ ។

​លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់​ទៀត​ថា ខេត្តស្ទឹងត្រែង​មាន​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន ១៣ ក្រុមហ៊ុន មាន​ផ្ទៃដី​សរុប​ចំនួន ៨១.៣៦៨ ហិ​កតា កំពុងធ្វើការ​ដាំ​ដុះ​សរុប​ចំនួន ២០.១៣០ ហិ​កតា​។ ក្នុង​នោះ​រួម​មាន កៅស៊ូ ម៉ៃសាក់ ចេក ស្វាយ ស្វាយចន្ទី និង​ដំណាំ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។

​លោក សរ សុ​ពុ​ត្រា អភិបាល​ខេត្តស្ទឹងត្រែង មាន​ប្រសាសន៍​គាំទ្រ​យុទ្ធសាស្ត្រ​នេះ ព្រោះ​បច្ចុប្បន្ន​ក្រសួងកសិកម្ម បាន​សម្រេច​ឲ្យ​មាន​មន្ត្រី​កសិកម្ម​ប្រចាំ​នៅ​តាម​ឃុំ​សង្កាត់​និ​មួយ​ៗ ដើម្បី​ជួយ​គ្រប់​យន្តការ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​សន្តិសុខ​ស្បៀង ។

លោក​ក៏​បាន​ណែនាំ​ទៅ​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​ប្អូន​ៗ ដែល​ជា​កាតព្វកិច្ច​ជាប់​ចំណង​និង​ឯកសណ្ឋាន តួនាទី​ក្របខ័ណ្ឌ​របស់​ប្អូន​ៗ ដូច្នេះ​សូម​ឲ្យ​លោក​លោកស្រី​មេឃុំ​ចៅសង្កាត់ យកចិត្តទុកដាក់​អប់រំ​តម្រង់​ទិស​ប្អូន​ៗ ដែល​ជា​មន្ត្រី​កសិកម្ម​ឃុំ ឲ្យ​គាត់​រួមចំណែក​ដើម្បី​ផ្សព្វផ្សាយ និង​វគ្គ​ដែល​យើង​បាន​រៀបចំ ដែល​ប្អូន​ៗ​បាន​ឈរ​នៅ​លើ​ឆន្ទៈ មនសិកា និង​វិជ្ជាជីវៈ​ក្នុង​នាម​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ដ៏​ពិតប្រាកដ ។

លោក គង់ ច័ន្ទ​វាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា បេសកកម្ម​ដ៏​ធំ​នេះ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​ទៅ​បាន ត្រូវ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំង​មន្ត្រី​កសិកម្ម អាជ្ញាធរ​មូលដ្ឋាន អាជីវករ កសិករ​រួម​គ្នា​លើកកម្ពស់​ផ្នែក​សន្តិសុខ​ស្បៀង និង​ធ្វើ​ឲ្យ​សម្រេច​បាន​ជោគជ័យ​នៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​យើង ។

លោក​បន្ត​ថា នៅ​ក្នុង​វិស័យ​កសិកម្ម នៅ​ពេល​ដែល​យើង​និយាយ​អំពី​ការងារ​កសិកម្ម យើង​និយាយ​ការងារ​៣ គឺ​ទី​មួយ ធានា​ឲ្យ​មាន​សន្តិសុខ​ស្បៀង បាន​ន័យ​ថា មិន​ខ្វល់​ពេល​មាន​កូ​វី​ដ​, មិន​ខ្វល់​ថា​មាន​គ្រោះ​ទឹកជំនន់​, មិន​ខ្វល់​មាន​គ្រោះ​រាំង​ស្ងួត​។ បេសកកម្ម​ធំ​បំផុត គឺ​ធ្វើ​ឲ្យ​មាន​ស្បៀង​ហូប​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​។ ស្បៀង​នេះ​មាន​ហូប​គ្រប់គ្រាន់ មិនមែន​យើង​ត្រូវ​ផលិត​គ្រប់មុខ​ទាំងអស់​ទេ តែ​យើង​ផលិត​អ្វី​ដែល​ជា​ផលិតផល​ចម្បង​ៗ ហើយ​សម្របសម្រួល​ឲ្យ​មានការ​នាំ​ចូល​អ្វី​ដែល​យើង​ផលិត​មិន​បាន ឬ​មិន​ទាន់​ផលិត​បាន ដើម្បី​ធានា​ឲ្យ​បងប្អូន​ក្នុងស្រុក​មាន​ស្បៀងអាហារ​ហូប​គ្រប់គ្រាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ