រាជធានីភ្នំពេញ ៖ តារាកំប្លែង លោក ជួង ជី ហៅកុយ បានគូសបញ្ជាក់ថា លោកមិនបានប្រកាន់ ឬជំទាស់ទៅលើការរចនាទីងមោងនៅក្នុងវត្តមួយដែលមានមុខដូចទៅនឹងរូបលោកនោះឡើយ ខណៈពេលដែលលោកចាត់ទុកថា នោះគ្រាន់តែជាការធ្វើឡើងក្នុងការន័យចូលចិត្ត និងស្រឡាញ់ក្នុងនាមលោកជាអ្នកសិល្បៈដែលមានកេរ្តិ៍ឈ្មោះម្នាក់ ។

កាលពីពេលថ្មីនេះ នៅលើបណ្តាញសង្គមមានការចែកចាយនូវរូបភាពវីដេអូមួយដែលបង្ហាញពីទីមោងរបស់វត្តមួយនៅក្នុងភូមិសាស្ត្រស្រុកស្អាង ខេត្តកណ្តាល ដែលទីងមោងមួយនោះ ត្រូវបានគេរចនាឡើងមានមុខមាត់ដូចទៅនឹងតារាកំប្លែងនាយ កុយ តែម្តង ។

រូបភាពមួយនេះ បានទទួលការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកលេងបណ្តាញសង្គម ហើយត្រូវបានគេចាយចេញជាបន្តបន្ទាប់ ដោយនៅក្នុងនោះ សូម្បីតែតារាកំប្លែងនាយ កុយ ក៏បានធ្វើការចែកចាយបន្តនូវរូបភាពវីដេអូមួយនេះផងដែរ ។

សម្រាប់ការចែកចាយនោះ នាយ កុយ មិនបានធ្វើការអធិប្បាយអ្វីឡើយ ដោយហាក់បង្ហាញអារម្មណ៍រីករាយ និងមិនយល់ទាស់ចំពោះការរចនាទីងមោងដូចមុខរបស់លោកនាពេលនេះឡើយ ព្រោះលោកចាត់ទុកនេះ គឺកើតចេញពីការស្រឡាញ់ និងចូលចិត្ត ជាពិសេស ចង់បានការទាក់ទាញពីមហាជន ។

ថ្លែងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិចតារាកំប្លែងលោក ជួង ជី ហៅ កុយ បានលើកឡើងថា សម្រាប់លោកចំពោះរឿងនេះ ដូចជាមិនមានបញ្ហាអ្វីឡើយ សំខាន់អ្នកដែលធ្វើទីងមោងនេះ គឺស្ថិតនៅក្នុងវត្តដែលជាស្រុកកំណើតរបស់លោកផ្ទាល់ ។

លោកថា ខ្ញុំសប្បាយចិត្ត ព្រោះវាដូចការប្រម៉ូតរូបលោកអញ្ចឹង ហើយយើងក៏បានផលបុណ្យកុសល្យ តាមរយៈចំណាប់អារម្មណ៍ដែលគេបានចូលបុណ្យចូលទាន ហើយនេះក៏ជាការទាក់ទាញមួយដែរសម្រាប់យើងជាសិល្បៈករ ។

លោកបញ្ជាក់ថា សិល្បៈកាលណាដែលមានឈ្មោះល្បីបានគេយកទៅធ្វើតាម ដើម្បីឲ្យគេឆាប់ស្គាល់ ហើយវាមិនខុសអ្វីដែលកន្លងមក ក៏មានតារាល្បីៗមួយចំនួនទៀតដូចជា ទេព បូព្រឹក្ស និង វណ្ណដា ជាដើម ក៏គេធ្លាប់យកទៅធ្វើដូចគ្នានេះដែរ ។

យ៉ាងណា បើតាមនាយ កុយ ចំពោះរឿងនេះ លោកមិនមានការប្រកាន់ ឬជំទាស់អ្វីឡើយ ពោលគឺលោកមានតែសប្បាយចិត្ត ព្រោះវាមិនមានអ្វីជាការខូចខាត និងប៉ះពាល់អ្វីនោះឡើយ ដោយនេះគ្រាន់តែធ្វើឡើងជាការចាប់អារម្មណ៍ និងទាក់ទាញពីមហាជនប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ