សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បន្ទាប់ពីនាំឲ្យមានការចរចាសម្រេចបានបទឈប់បាញ់គ្នា រវាងអីុស្រាអែលនិងអីុរ៉ង់ថ្លែងថា វាសមស្របណាស់ដែលត្រូវផ្ដល់ងារជាអ្នកធ្វើឲ្យមានសន្តិភាពដល់លោក។
ក្នុងសន្និសីទសារព័ត៌មានមួយអមដោយរដ្ឋមន្ត្រីការបរទេសលោកម៉ាកូរ៉ូប៊ីយ៉ូ ក្រោយកិច្ចប្រជុំកំពូលអូតង់នៅក្រុងឡាអេលោកត្រាំបន្តថា គ្មានប្រធានាធិបតីណាមួយផ្សេងទៀតក្នុងប្រវត្តិ សាស្ត្រសម័យទំនើប ដែលខិតខំយ៉ាងខ្លាំងធ្វើឲ្យមានសន្តិភាពលើពិភពលោកដូចលោកឡើយ។ ប្រធានាធិបតីទី៤៧នោះរបស់សហរដ្ឋអាមេរិក ពិតជាចង់បានលក្ខន្តិកៈនោះក្លាយជាការពិត ដោយទទួលបានពានដ៏មានកិត្តិយសគឺពានរង្វាន់ណូបែលសន្តិភាព។
លោកស្រីNICOLE BACHARANជាអ្នកប្រវត្តិវិទូឯកទេសរបស់សហរដ្ឋអាមេរិកអះអាងថា លោកត្រាំពិតជាសមទទួលបានពានរង្វាន់នោះ។ ចំណែកសមាជិកសភាម្នាក់នៃរដ្ឋចចជៀជាអ្នកសាធារណរដ្ឋ លោកBUDDY CARTER នាថ្ងៃទី២៥មិថុនាបានសរសេរលិខិតមួយក្នុងន័យនេះ ផ្ញើជូនគណៈកម្មាធិការពានរង្វាន់ណូបែលដូចតាមនីតិវិធី ដើម្បីស្នើឈ្មោះប្រធានាធិបតីអាមេរិក សម្រាប់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព។
នេះបើតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍FOX NEWS។ តាមសមាជិកសភារូបនោះថា មេ ដឹកនាំអាមេរិកបានដើរតួនាទីវិសាមញ្ញនិងជាប្រវត្តិសាស្ត្រ ដោយបញ្ចប់សង្គ្រាមរវាងអីុស្រាអែលនិងអីុរ៉ង់ និងដោយរារាំងរដ្ឋដ៏ធំដែលជួយទ្រទ្រង់ដល់ភេរវកម្មលើពិភពលោក មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ៕
ចែករំលែកព័តមាននេះ