ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​មង្គល​! ជី ដេ​វី​ដ ប្រកាសប្រាប់​រឿង​ពិសេស​មួយ​ពី​ចំណង​ស្នេហ៍​ជាមួយ ទេព បូ​ព្រឹក្ស

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត មង្គលការ​របស់​តារាចម្រៀង​លោក ជី ដេ​វី​ដ និង​នាង ទេព បូ​ព្រឹក្ស ត្រូវ​បាន​រៀបចំ​តាម​គម្រោង​ដែល​បាន​គ្រង​ទុក​គឺ​នៅ​ថ្ងៃ​ទី​៧-៨…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត មង្គលការ​របស់​តារាចម្រៀង​លោក ជី ដេ​វី​ដ និង​នាង ទេព បូ​ព្រឹក្ស ត្រូវ​បាន​រៀបចំ​តាម​គម្រោង​ដែល​បាន​គ្រង​ទុក​គឺ​នៅ​ថ្ងៃ​ទី​៧-៨ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មួយ​ចំនួន និង​អ្នកសិល្បៈ​ជា​ច្រើន​រូប ។

មង្គលការ​របស់​តារាចម្រៀង​ទាំង​ពីរ​បាន​រៀបចំ​ធ្វើ​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ និង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​រៀបចំ​ដេ​គ័​រ​លម្អ​នានា​យ៉ាង​ស្រស់​ស្អាត ខណៈ​ពេល​ដែល​គេ​ចាត់​ទុក​ថា នេះ​ជា​មង្គលការ​ដ៏​ធំ​ប្រចាំឆ្នាំ​មួយ​សម្រាប់​អ្នកសិល្បៈ ។

អ្វី​ដែល​ពិសេស​ទៀត​នោះ នៅ​ចុង​កម្មវិធី តារាចម្រៀង​លោក ជី ដេ​វី​ដ បាន​ឡើង​ប្រកាសប្រាប់​ភ្ញៀវ​កិត្តិយស​ដែល​ចូលរួម​ទាំងអស់​នូវ​រឿង​ពិសេស​មួយ​ថា ចាប់ពី​ថ្ងៃ​ដំបូង​រហូត​មក​ទល់​នា​ពេល​នេះ លោក និង​ទេព បូ​ព្រឹក្ស មិន​ដែល​ឈ្លោះ​សុំ​បែក​គ្នា សូ​ម្បី​តែ​ម្តង ។ តារាចម្រៀង​លោក ជី ដេ​វី បាន​អះអាង​ថា ថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​ពួក​យើង​បាន​សន្យា ហើយ​ទីបំផុត វា​បាន​មក​ដល់​សម្រាប់​ចំណង​ស្នេហ៍​របស់​យើង​ដែល​មាន​រយៈពេល​ជាង១០​ឆ្នាំ ។

លោក​បន្ត​ថា ក្រោយ​ការ​ចាប់ដៃ​គ្នា​មក ពួក​យើង​បាន​ឆ្លងកាត់​នូវ​រឿងរ៉ាវ​ជា​ច្រើន ប៉ុន្តែ​លោក​មិន​ចង់​និយាយ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ថ្ងៃ​មង្គល​នេះ​ឡើយ ។ យ៉ាងណា លោក​បញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ដំបូង​រហូត​មក​ទល់​នា​ពេល​នេះ គឺ​ពួក​យើង​មិន​ដែល​ឈ្លោះប្រកែក​សុំ​បែក​គ្នា​សូ​ម្បី​តែ​ម្តង ហើយ​ក៏​សុំ​អោយ​បន្ត​បែប​នេះ​រហូត​ដល់​ចាស់ ។

ដោយឡែក នៅ​ពេល​ពិធី​មង្គលការ​ត្រូវ​បាន​រៀបចំ​ជា​រូបរាង​ឡើង​នា​ពេល​នេះ តារាចម្រៀង​លោក ជី ដេ​វី​ដ ក៏​បាន​បង្ហោះ​សំ​ណេ​រ​តាម​បណ្តាញ​សង្គម​ថា «​ខ្ញុំ​ធ្លាប់​បាន​ឆ្លងកាត់​ពិធី​ក្រុង​ពាលី​ច្រើន​លើស​ពី​រយ​ដង ប៉ុន្តែ​ពិធី​ក្រុង​ពាលី​ថ្ងៃនេះ គឺជា​បំណងប្រាថ្នា​ក៏​ដូច​ជា​ការ​សន្យា​កាលពី​៨​ឆ្នាំ​មុន ពី​បុរស​ម្នាក់​ទៅ​កាន់​នារី​ជា​គូស្នេហ៍​។ ឆ្លងកាត់​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត​ជា​គូ ព្យុះ​ភ្លៀង​ទឹកភ្នែក ភាព​សប្បាយ​រីករាយ និង​ភាព​ជោគជ័យ ប្រៀប​ដូច​ជា​ខ្សែភាពយន្ត​ជីវិត​។

នារី​ម្នាក់​ដែល​ផ្ដល់​ភាព​ជឿជាក់​លើ​ដៃគូ ដោយ​ហ៊ាន​ដាក់​ជីវិត​ជាដើម​ទុន​រវាង​គ្នា​និង​គ្នា ស្ម័គ្រចិត្ត​តស៊ូ​រង​ទុក្ខ​ឆ្លងកាត់​ពាក្យ​សម្ដី​ស្ដីថា​។ តែ​ទោះជា​ក្នុង​កាលៈទេសៈ​ណា​ក៏​សច្ចា​ថា​នឹង​ដើរ​រួម​គ្នា​រហូត ទោះជា​ឆ្លង​មហាសមុទ្រ​ភ្លើង សមុទ្រ​ផ្សែង ឆ្លង​ដែន​ភ្នំ​មាស​ក្ដី​ក៏​មិន​រា​ថយ​។ ពួក​យើង​ពុះពារ​ថែរក្សា​នូវ​ចំណងដៃ​នៃ​ដំណក់ឈាម​ដែល​ប្រទាន​ដោយ​ទេវតា​។ ថ្ងៃនេះ​បង​សូម​គោរព​នូវ​ពាក្យ​សន្យា ជូន​នូវ​ផ្កាស្លា បំពេញមុខ​លោក​មេបា គ្រូ​បា​អាចារ្យ ញាតិ​មិត្ត សង្គម និង​អ្នកគាំទ្រ​ទាំងអស់​ដែល​ជា​សក្ខី ដោយ​ថ្ងៃនេះ​ជា​ថ្ងៃជ័យ​ក្នុង​នាម​ជា​ប្រពន្ធ​ប្ដី ស្របច្បាប់ ស្រប​ប្រពៃណី សច្ចា​ភក្ដី​ជា​និរន្តរ៍​។

ចំណែក ទេព បូ​ព្រឹក្ស ក៏​បាន​បង្ហោះ​សំ​ណេ​រ​របស់​ខ្លួន​ដែរ​ថា បើសិន​មាន​ជាតិ​ក្រោយ​ៗ​ពិត​សូម​ឲ្យ​ខ្ញុំ​ចាំជាតិ​ចាំ​បុរស​ម្នាក់​នេះ អូន​នឹង​តាម​បងគ្រប់​ៗ​ជាតិ អរគុណ​ទេវតា​ដែល​ប្រទាន​មនុស្ស​ល្អ​បំផុត​ជា​គូរ នឹង​ខ្ញុំ​» ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ