ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​វៀច​មាត់​បណ្តាល​មក​ពី​អ្វី?

1 ខែ មុន

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​កាលពី​ពេល​ថ្មី​នេះ​ថា ជំងឺ​វៀច​មាត់ (paralysie faciale) គឺជា​ការ​ចុះ​ខ្សោយ​នៃ​សាច់ដុំ​ផ្ទៃមុខ​ដែល​បណ្តាល​មក​ពី​ផល​ប៉ះពាល់​នៃ​ប្រព័ន្ធ​ប្រសាទ​ទី​៧ ឬ​ហៅ​ថា nerf facial​។ ជំងឺ​វៀច​មាត់​មាន​ពីរ​ប្រភេទ​៖១- ជំងឺ​វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ…

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​កាលពី​ពេល​ថ្មី​នេះ​ថា ជំងឺ​វៀច​មាត់ (paralysie faciale) គឺជា​ការ​ចុះ​ខ្សោយ​នៃ​សាច់ដុំ​ផ្ទៃមុខ​ដែល​បណ្តាល​មក​ពី​ផល​ប៉ះពាល់​នៃ​ប្រព័ន្ធ​ប្រសាទ​ទី​៧ ឬ​ហៅ​ថា nerf facial​។

ជំងឺ​វៀច​មាត់​មាន​ពីរ​ប្រភេទ​៖
១- ជំងឺ​វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ (périphérique)
២- ជំងឺ​វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​កណ្តាល (centrale)
ក​) រោគ​សញ្ញា​៖

១. វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅៈ
ជា​ការ​ខ្សោយ​នៃ​សាច់ដុំ​ផ្ទៃមុខ​មួយ​ចំហៀង​ផ្នែក​ខាង​ដែល​ប៉ះពាល់​។ ការ​វៀច​មុខ​ប្រព័ន្ធ​ប្រសាទ​ក្រៅ​ពុំ​មានការ​ចុះ​ខ្សោយ​នៅ​អវៈយវៈ​ទេ​។
– ផ្ទៃមុខ​ផ្នែក​ខាងលើ​: ស្នាម​ជ្រួញ​នៃ​ចិញ្ចើម​មិន​ស្មើគ្នា​ពោល​គឺ​ខាង​ដែល​ខូច​មាន​ស្នាម​ជ្រួញ​ថយ​ចុះ ឬ​រលុប​បាត់​។
– ភ្នែក​: បិត​មិន​ជិត ឬ​ជិត​ដែរ​តែ​មិន​ខ្លាំង​បូក​រួម​ទាំង​គ្រាប់ភ្នែក​អាច​ទាញ​ឡើង​លើ និង​ចេញ​ក្រៅ​។
– ផ្ទៃមុខ​ផ្នែក​ខាងក្រោម​: ផ្នែក​ខាង​ដែល​ខូច​គឺ​មាន​ស្នាម​ជ្រួញ​នៅ​ជិត​ច្រមុះ​ថយ​ចុះ ឬ​រលុប​បាត់​ហើយ​មាត់​ទាញ​ទៅ​ផ្នែក​ខាង​ល្អ​។
ការ​វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ​អាច​មាន​បូក​រួម​រោគ​សញ្ញា​ផ្សេង​ៗ​ទៀត​ដូច​ជា អណ្តាត​មិនដឹង​រស់ជាតិ ស្ងួត​ទឹកភ្នែក ស្ងួត​ទឹកមាត់​ជាដើម​។

២. វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​កណ្តាលៈ
– ការ​ប៉ះពាល់​តែ​ផ្ទៃមុខ​ផ្នែក​ខាងក្រោម ពោល​គឺ​មាន​តែ​ការ​ថយ​ចុះ ឬ​រលុប​បាត់​ស្នាម​ជ្រួញ​នៅ​ជិត​ច្រមុះ ហើយ​មាត់​ទាញ​ទៅ​ផ្នែក​ខាង​ល្អ​។
– រួម​ទាំង​អាច​មានការ​ថយ​ខ្សោយ​នៃ​អវៈយវៈ​មួយ​ចំហៀង​ខ្លួន​ទៀត​។

ខ​) មូលហេតុ​នៃ​ជំងឺ​វៀច​មាត់​៖
១. វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ​:
– ការ​ប៉ះទង្គិច​បណ្តាល​អោយ​បាក់ឆ្អឹង​រូ​សេ (Os Rocher) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្នែក​ចំហៀង​នៃ​ក្បាល និង​នៅ​ខាងក្នុង​នៃ​ត្រចៀក​។
– អំបៅអំបែក​ស្រួច​ស្រាវ ឬ​រ៉ាំរ៉ៃ​។
– ជំងឺ​ដែល​ប៉ះពាល់​ដល់​ស្រោមខួរ​ក្បាលមាន​ដូច​ជាៈ Maladie de lym, Zona, Listeriose, sclerose en plaque, sacoidose, Tuberculose​។

– ជំងឺ​ដុំ​សាច់​ដែល​បណ្តាល​អោយ​ប៉ះ ឬ​សង្កត់​ទៅ​លើ​ប្រព័ន្ធ​ប្រសាទ​ទី​ប្រាំពីរ ជា​ពិសេស​ផ្នែក​ខាងក្រោយ និង​ខាងក្រោម​នៃ​ខួរក្បាល​។
– ជំងឺ​មេតា​បូ​លី​ក​ដូច​ជា​ជំងឺ​ទឹកនោមផ្អែម
– វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​ក្រៅ​អាច​មិន​មាន​មូលហេតុ ឬ​ក៏​រក​មូលហេតុ​មិនឃើញ​ដែរ ហើយ​វា​អាច​ជា​ទៅ​វិញ ក្នុង​រយៈពេល​តិច​បំផុត​២​ខែ តែ​វា​ក៏​អាច​នៅ​មាន​សំណល់ ២០%​ដែរ​។

២. វៀច​មាត់​ប្រព័ន្ធ​ប្រសាទ​កណ្តាល​:
– ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​: ដាច់​សរសៃឈាម ឬ​ស្ទះ​សរសៃឈាម​ខួរក្បាល​។
– ជំងឺ​ដុំ​សាច់ ឬ​មហារីក​ខួរក្បាល
– ជំងឺ Sclerose en plaque

គ​) ការ​ធ្វើ​រោគវិនិច្ឆ័យ​៖
ដើម្បី​រក​មូលហេតុ​នៃ​ជំងឺ​វៀច​មាត់​នេះ ចាំបាច់​ត្រូវ​មានការ​វិភាគ​អម​វេជ្ជសាស្ត្រ​មួយ​ចំនួន​ដូច​តទៅៈ
– ការ​ពិនិត្យ​ឈាម
– ការ​បូមទឹក​ឆ្អឹងខ្នង
– ការ​វិភាគ​តាម CT scan ឬ MRI

ឃ​) ការ​ព្យាបាល​៖
ការ​ព្យាបាល​ជំងឺ​វៀច​មាត់ គឺ​ធ្វើ​ឡើង​ទៅ​តាម​មូលហេតុ​នីមួយ​ៗ​របស់​ជំងឺៈ
– ការ​ប្រើប្រាស់​ថ្នាំ
– ការ​ព្យាបាល​ដោយ​ចលនា (Physiothérapie) និង​ធ្វើ​ឲ្យ​អាកា​រៈ​វៀច​មាត់​របស់​អ្នកជំងឺ​ឆាប់​វិល​មក​រក​សភាព​ដើម​វិញ
– ភ្នែក​ដែល​បិត​មិន​ជិត​ត្រូវ​ការពារ​កុំ​ឲ្យ​រលាក ដោយ​ប្រើ​ថ្នាំ និង​ត្រូវ​ពាក់​វែ​នតា​ការពារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ