ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​ទៅ​អាល្លឺម៉ង់​ដើម្បី​ស្វះ​ស្វែង​រក​ការ​គាំទ្រ និង​ទទួល​បាន​អា.វុ.ធ​ថ្មី​ៗ

1 ថ្ងៃ មុន

ទី​ក្រុង​ប៊ែ​ឡាំង៖ ​ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោ​កហ្សេ​ឡិនស្គី បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អាល្លឺម៉ង់​ហើយដើម្បី​ពិភាក្សា​ការ​ងារ​១​​ចំនួន​ជា​មួយ​អធិការ​បតី​អាល្លឺម៉ង់​ លោក​​ហ្វ្រីត​រីច​ មើស (Friedrich Merz)។ នេះ​ជា​ផ្នែក​១​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ៊ុ​យ​ក្រែន​ដើម្បី​ស្វះ​ស្វែង​រក​ការ​គាំទ្រ​បន្ថែម​ទៀត​។ គេ​រំពឹង​ថា​ថ្នាក់​ដឹក​នាំ​ទាំង​២​នឹង​ពិគ្រោះ​គ្នា​អំពី​ការ​ផ្ដល់​ជំនួយ​យោធា​របស់​អាល្លឺម៉ង់​…

ទី​ក្រុង​ប៊ែ​ឡាំង៖ ​ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោ​កហ្សេ​ឡិនស្គី បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អាល្លឺម៉ង់​ហើយដើម្បី​ពិភាក្សា​ការ​ងារ​១​​ចំនួន​ជា​មួយ​អធិការ​បតី​អាល្លឺម៉ង់​ លោក​​ហ្វ្រីត​រីច​ មើស (Friedrich Merz)។ នេះ​ជា​ផ្នែក​១​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ៊ុ​យ​ក្រែន​ដើម្បី​ស្វះ​ស្វែង​រក​ការ​គាំទ្រ​បន្ថែម​ទៀត​។ គេ​រំពឹង​ថា​ថ្នាក់​ដឹក​នាំ​ទាំង​២​នឹង​ពិគ្រោះ​គ្នា​អំពី​ការ​ផ្ដល់​ជំនួយ​យោធា​របស់​អាល្លឺម៉ង់​ និង​ការ​ជួយ​ជ្រោម​ជ្រែង​ឱ្យ​មាន​បទ​ឈប់​បាញ់​។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ប្រាប់​ឱ្យ​ដឹង​។​

ក្រៅ​ពី​ជួប​អធិការ​បតី​អាល្លឺម៉ង់ លោក​ហ្សេឡិន​ស្គី​ក៏​គ្រោង​ជួប​ប្រធានា​ធិបតី​អាល្លឺម៉ង់​ លោក​ស្ទែន​ម៉ៃ​អឺ​ ផង​ដែរ​ (Steinmeier)​។ ទស្សន​កិច្ច​​​នេះធ្វើ​ឡើង​​ចំពេល​​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​អាល្លឺម៉ង់​ក្រោម​ការ​ដឹក​នាំ​របស់​លោក​មើស​ខុស​ពី​ជំនាន់​លោក​សូ​ល​។ លោក​មើស​អាច​នឹង​បញ្ជូន​គ្រាប់​មីស៊ីល​ម៉ាក​ថូរ៉ូស​​(Taurus)​ទៅ​ឱ្យ​​អ៊ុយ​ក្រែន​ដើម្បី​សាក​កម្លាំង​គ្នា​ជា​មួយ​រុស្ស៊ី​។ ​​នេះ​ជា​ប្រ​ភេទ​មីស៊ីល​បណ្ដែត​ ឬ​គ្រូស (cruise)​ ដែល​វាយ​ប្រហារ​ចំ​គោល​ដៅ​បាន​ល្អ​នៅ​ក្នុង​រង្វង់​ប្រតិ​បត្តិ​ការ​ចម្ងាយ​៥​រយ​គីឡូ​ម៉ែត្រ​​។

អ៊ុយ​ក្រែន​ធ្លាប់​បាន​ស្នើ​សុំ​គ្រាប់​មីស៊ីល​នេះ​ជា​យូរ​មក​ហើយ​ដើម្បី​វាយ​ប្រហារ​ចូល​ជ្រៅ​ៗ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​។ ប៉ុន្តែ​លោក​សូល​មិន​ហ៊ាន​ប្រគល់​ឱ្យ​អ៊ុយ​ក្រែន​ទេ​ព្រោះ​ខ្លាច​រុស្ស៊ី​សង​សឹក​។ សង​សឹក​នៅ​ត្រង់​​ចំណុច​នេះ​ចង់​មាន​ន័យ​ថា​​រុស្ស៊ី​អាច​នឹង​វាយ​បក​វិញ​មិន​ត្រឹម​តែ​​​អ៊ុយ​ក្រែន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​អាច​បាញ់​​ចូល​ទឹក​ដី​អាល្លឺម៉ង់​តែ​ម្ដង​។ សូម្បីតែ​ជំនាន់​លោក​មើស​ក៏​លោក​មិន​ទាន់​បង្ហាញ​សញ្ញា​ភ្លើង​ខៀវ​ជា​ចំហ​​​នៅ​ឡើយ​ទេ​។ ​មីស៊ីល​ម៉ាក​ថូរ៉ូស​នៅ​តែ​ជា​បញ្ហា​ដ៏​ចម្រូង​ចម្រាស​ដែល​គណ​បក្ស​នៅ​ក្នុង​រដ្ឋា​ភិ​បាល​ចម្រុះ​ជា​មួយ​គ្នា​មិន​ទាន់​ឯក​ភាព​ទេ​។​

បញ្ហា​នេះ​​មាន​លក្ខណៈ​​ស្មុគ​ស្មាញ​បន្តិច​ព្រោះ​មិន​ដឹង​ថា​តើ​អាល្លឺម៉ង់​នឹង​គិត​យ៉ាង​ដូច​ម្ដេច​ទៀត​។ លោក​មើស​ទើប​តែ​ប្រកា​ស​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា​អាល្លឺម៉ង់ និង​ក្រុម​ប្រទេស​ជា​ដៃ​គូ​មួយ​ចំនួន​ទៀត​សម្រេច​ចិត្ត​លុប​ចោល​វិញ​ហើយ​នូវ​ការ​ដាក់​កំហិត​លើ​ការ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​។ មាន​ន័យ​ថា​អាច​បញ្ជូន​គ្រឿង​សព្វា​វុធគ្រប់​ម៉ាក​ គ្រប់​ធុន​ដោយ​គ្មាន​បញ្ហា​។

​កាល​ពី​ដើម​ខែ​ឧសភា អាល្លឺម៉ង់​​​ប្រកាស​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ​ខ្លួន​លែង​ផ្សព្វ​ផ្សាយ​ជា​សា​ធារណៈ​ត​ទៅ​ទៀត​ហើយ​នូវ​​អា​វុធ​ដែល​ខ្លួន​បញ្ជូន​ទៅ​ឱ្យ​អ៊ុយ​ក្រែន​​។ មាន​ន័យ​ថា​បើ​ទុក​ជា​អាល្លឺម៉ង់​បញ្ជូន​មីស៊ីល​​​ថូរ៉ូស​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ក៏​គ្មាន​នរណា​ដឹង​ដែរ​។ ​​កន្លង​មក អ៊ុយ​ក្រែន​ទទួល​បាន​​​មីស៊ីល​របស់​អាមេរិក អង់គ្លេស​ និង​បារាំង​ដូច​ជា​ម៉ាក​អាត់​តា​ខំ (ATACMS) និង​​​ស្តំ​សេដូ (Storm Shadow)​ជា​ដើម​។

ប៉ុន្តែ​ពួកគេ​សុទ្ធ​តែ​ផ្ដាំ​ទុក​មុន​ថា​អនុញ្ញាត​ឱ្យ​បាញ់​ទៅ​លើ​​មូល​ដ្ឋាន​កង​ទ័ព​រុស្ស៊ី​​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​តែ​ប៉ុណ្ណោះ​។​ ​បៃដិន​​រហូត​ដល់​ជិត​ផុត​អាណត្តិ​ទៅ​ហើយ​ទើប​​លោក​បើក​ដៃ​ឱ្យ​អ៊ុយ​ក្រែន​បាញ់​មីស៊ីលចូល​ទឹក​ដី​រុស្ស៊ី​​​។ ម៉្យាង​ទៀត​ ទោះ​បី​លោក​បើក​ដៃ​ឱ្យ​បាញ់​ក៏​ដោយ​ ក៏​​​អ៊ុយ​ក្រែន​មិន​ប្រាកដ​ជា​មាន​គ្រាប់​មីស៊ីល​នេះ​ច្រើន​គ្រប់​គ្រាន់​សម្រាប់​បាញ់​ដោយ​សេរី​នោះ​​ឡើយ​​។​

អាល្លឺម៉ង់​ជា​អ្នក​ផ្គត់​ផ្គង់​អាវុធ​ច្រើន​ជាង​គេ​នៅក្នុង​ចំណោម​សម្ព័ន្ធ​មិត្ត​នៅ​ទ្វីប​អឺរ៉ុប​។ ពេល​នេះ​រឹត​តែ​សំខាន់​ខ្លាំង​ជាង​មុន​ទៅ​ទៀត​នៅ​ពេល​ទី​ក្រុង​វ៉ាស៊ីន​តោន​មិន​សូវ​ជួយ​អ៊ុយ​ក្រែន​ឱ្យ​បាន​ពេញ​ដៃ​ពេញ​ជើង​ទេ​នៅ​ក្នុង​សក​រាជ​របស់​លោក​ត្រាំ​។ លោក​មើស​​និយាយ​ជា​រឿយ​ៗ​​ថា​​ទ្វីប​អឺរ៉ុបគួរ​រួម​គ្នា​​​ចាត់​ការ​រុស្ស៊ី​ឱ្យ​បាន​ខ្លាំង​ក្លា​បន្តិច​។ លោក​​សន្យា​ថា​នឹង​ដាក់​ទណ្ឌ​កម្ម​​បន្ថែម​ទៀត
​បើ​រុស្ស៊ី​មិន​ព្រម​ទទួល​យក​បទ​ឈប់​បាញ់​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​កៀវ​ អីន​ឌី​ផឹន​ដឹន (Kyiv Independent)៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ