រាជធានីភ្នំពេញ ៖ មហាជន ជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គម បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេឃើញតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានប្រកាសក្តែងៗពីគោលបំណងរបស់ខ្លួនដោយចង់មានកូន តែមិនមានស្វាមី ។

ការប្រកាសលើពីតារាចម្រៀងរូបនេះបានធ្វើឡើង ក្រោយនាងបានសម្លឹងឃើញពីនាងបានឃើញតារាសម្តែងនាង វ៉ាង ស្រីណូ ដែលនាងអាចមានកូនដោយមិនមានស្វាមី ពោលដោយសារការចាក់មេជីវិត ខណៈពេលដែលកូនរបស់នាងក៏មានការវិវត្តន៍ប្រកបដោយស្រស់ស្អាត និងឆ្លាតគួរអោយស្រឡាញ់ថែមទៀត ។
ទន្ទឹមនឹងការប្រកាសខាងលើនេះដែរ នៅក្នុងរយៈពេលថ្មីៗនេះ នៅលើបណ្តាញសង្គមរបស់តារារូបនេះ គេតែងតែឃើញនាងចែកចាយនូវរូបភាពទារកស្រស់ស្អាត ជាបន្តបន្ទាប់ ជាពិសេសនោះ គឺវីដេអូកូនរបស់នាង វ៉ាង ស្រីណូ ។

ជាមួយនឹងការចែកចាយនូវវីដេអូទាំងអស់នោះ ពេជ្រ សោភា ក៏បានព្រលយពាក្យយ៉ាងគួអោយភ្ញាក់ផ្អើលថា «និយាយមែនចង់ចឹងណាស់ ព្រោះអត់ចង់បានប្តី តែចង់មានកូន» ។
ទន្ទឹមនោះ តាមរយៈវីដេអូឃ្លីបមួយតារាចម្រៀងរូបនេះបានអះអាងថា ពេលឃើញគេមានបេប៊ីដោយមិនមានប្តី នាងក៏បែកគំនិតចង់អញ្ចឹងដែរ ។

នាងបញ្ចាក់ថា ពេលមានប្តី យើងនៅគិតខ្លាចប្តីដើរលេងក្រៅ ឬធ្វើអ្វីផ្តេសផ្តាស់ ហើយណាមួយឃើញកូនកាត់ស្អាតៗ សម័យនេះវិទ្យាសាស្ត្រទំនើប ទោះអត់មានប្តីក៏គេអាចមានកូនបានដែរ ។នាងថា ការយកកូនបែបវិទ្យាសាស្ត្រគឺយើងអាចយកកូនប្រុស ឬក៏កូនស្រីតាមបំណង និងស្អាតៗថែមទៀតផង ។
យ៉ាងណា ការលើកឡើងខាងលើពីតារាចម្រៀងនាង ពេជ្រ សោភា នាពេលនេះបានធ្វើអោយមហាជនសម្តែងការភ្ញាក់ផ្អើល ខណៈពេលគេគិតថា ចំណងស្នេហ៍រវាងនាង និងតារាសម្តែងលោកឆឹម សក្កដា ទំនងជាមិនរីកចម្រើនទៅវិញនោះឡើយ ។

គួរបញ្ចាក់ថា តារាចម្រៀងនាង ពេជ្រ សោភា ធ្លាប់បានរៀបការម្តងជាមួយបុរសខ្មែររស់នៅសហរដ្ឋអាមេរិក ប៉ុន្តែចំណងស្នេហ៍របស់ពួកគេក៏បានកាត់ផ្តាច់ទៅវិញ ដោយមិនមានកូនជាចំណងដៃនោះឡើយ ។
ក្រោយបែកបាក់ស្នេហានេះ ពេជ្រ សោភា ក៏បានភ្ជាប់ទាក់ទំនងស្នេហ៍ជាមួយតារាសម្តែងលោក
ឆឹម សក្កដា ក្នុងពេលដែលចំណងស្នេហ៍ក៏មានភាពរកាំរកូសផងដែរ ដែលរហូតមកទល់នាពេលនេះ គេនៅមិនទាន់ច្បាស់ទេថា ចំណងរបស់ពួកនាងបានឈានដល់កម្រិតណា ឬក៏ឈានដល់ផ្លូវបំបែកយ៉ាងណាឡើយ ខណៈពេលដែលភាគីទាំងសងខាងនៅតែរក្សាភាពស្ងៀមស្ងាត់រហូតមកទល់នាពេលនេះ ៕


ចែករំលែកព័តមាននេះ