កុំប្រហែស ប្រយ័ត្នដឹកដៃគ្នាបន្តកន្ទុយទៅសម្រាកនៅមន្ទីរពេទ្យ ដូចកាលពីអំឡុងឆ្នាំ២០២០ និង២០២១ ហើយមនុស្សស្លាប់រហូតដល់ជាង៣០០០នាក់ ខណៈដែលពេលនេះ មន្ទីរពេទ្យមួយបានកំពុងតែរៀបចំ ត្រៀមលក្ខណៈចាំទទួលបងប្អូនទុកជាមុនហើយ ។

ខណៈដែលរលកថ្មីបានកំពុងតែវាយលុកនៅក្នុងដែនដីកោះហុងកុង សិង្ហបុរី ចិន និងថៃ មានសេចក្តីរាយការណ៍ថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលមានទីតាំងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានរៀបចំដើម្បីត្រៀមទទួលអ្នកជំងឺ ប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខនេះ។
លោកវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិតេជោសន្តិភាព បានចែករំលែកការត្រៀមខ្លួននេះ តាមបណ្តាញសង្គម កាលពីថ្ងៃទី១៩ ខែឧសភា ថា នេះគឺជាការត្រៀមទុកជាមុន ។
ចាប់តាំងពីដើមខែឧសភាមកដល់ពេលនេះ ទោះបីជាអត្រាឆ្លងមិនសូវច្រើន ប៉ុន្តែអត្រានៃការឆ្លងបានរកឃើញជាបន្តបន្ទាប់ ហើយកាលពីថ្ងៃទី១៧ ខែឧសភា ថ្មីៗនេះ គឺនៅកម្ពុជាបានរកឃើញករណីឆ្លងកូវីដ១៩នេះ៦ករណីដែរ ដូច្នេះ កម្ពុជាមានករណីឆ្លងឡើ់ងដល់១៣៩.៣៥៣នាក់ ហើយអ្នកស្លាប់គឺ នៅត្រឹម៣.០៥៦ដដែលទេ ។
នេះគឺជាស្ថានភាពទូទៅនៃការរីករាលដាលកូវីដ១៩នៅកម្ពុជា ខណៈដែលនៅក្នុងតំបន់សារព័ត៌មានបរទេសបានរាយការណ៍ថា រលកថ្មីនៃការរីករាលដាលនៃមេរោគនេះ បានកំពុងតែត្រូវគេតាមដានលំអិតនៅ កោះ ហុងកុង សិង្ហបុរី ចិន និងថៃ ។

តាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មាន VNA របស់វៀតណាម នៅថៃមានករណីមេរោគកូវីដ ១៩ អូមីក្រុងថ្មីមួយដែលមានឈ្មោះថា Omicron XEC។ វ៉ារ្យ៉ង់ XEC គឺជាប្រភេទ Omicron ដែលទើបនឹងលេចចេញថ្មី ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងក្នុងប្រទេសអាល្លឺម៉ង់ក្នុងខែមិថុនា ឆ្នាំ ២០២៤ ។ វាគឺជាកូនកាត់នៃប្រភេទរងពីរគឺ KS.1.1 (FLiRT) និង KP.3.3 (FLuQE) ។ ឥឡូវនេះវាត្រូវបានគេរកឃើញនៅក្នុងប្រទេសយ៉ាងហោចណាស់ ១៥ នៅទូទាំងទ្វីបអឺរ៉ុប អាមេរិកខាងជើង និងអាស៊ី។
ទិន្នន័យពីសហរដ្ឋអាមេរិកចក្រភពអង់គ្លេស និងចិនបង្ហាញថា XEC អាចរីករាលដាល លឿនជាងប្រភេទ Omicron ផ្សេងទៀតនៅក្នុងល្បឿន ពី ៨៤ទៅ ១១០ភាគរយឯណោះ ។ តាមសេចក្តីរាយការណ៍របស់កាសែត the Nation បានឲ្យដឹងថា កោះ ហុងកុង សិង្ហបុរី ចិន និងថៃ កំពុងតែស្ថិតនៅក្នុងការយកចិត្តទុកដាក់ ។
ប្រភពដដែលបានបន្តថា ស្ថានភាពនៃការរីករាលដាលដោយកូវីដ១៩នៅហុងកុង ស្ថិតនៅក្រោមការត្រួតពិនិត្យស្របពេលដែលមជ្ឈមណ្ឌលការពារសុខភាពបានរាយការណ៍ថា អត្រានៃលទ្ធផលវិជ្ជមានបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំ ប៉ុន្តែមិនបានបញ្ជាក់អំពីចំនួនអ្នកឆ្លងនៅឡើយ ។

នៅប្រទេសសិង្ហបុរី ក្រសួងសុខាភិបាលបានបង្ហាញថា ករណីកូវីដ១៩ បានកើនឡើង២៨%ឡើងដល់ប្រមាណ ជាង១៤.២០០ករណី។ នៅក្នុងប្រទេសថៃការផ្ទុះឡើងនៃមេរោគកូវីដ១៩ បានកើតឡើងឡើងបន្ទាប់ពីពិធីបុណ្យចូលឆ្នាំក្នុងខែមេសា។
កាសែត Bangkok Post បានរាយការណ៍ថា ពីថ្ងៃទី១១ ដល់១៧ ខែឧសភា ថៃមានអ្នកឆ្លងកូវីដ១៩សរុប៣៣.០៣០នាក់ នៅក្នុងនោះជិត២០០០នាក់ គឺត្រូវសម្រាកពេទ្យ ហើយនៅក្នុងនោះ មាន២នាក់បានស្លាប់បន្ថែម ។
សូមលើកកំពស់ការប្រុងប្រយ័ត្ន ការកើនឡើងនូវចំនួនករណីនៅហុងកុង សិង្ហបុរី ចិន និងថៃ បង្ហាញថា ជំងឺរាតត្បាតនេះមិនទាន់ចប់ទេ។ កូវីដ១៩នៅតែបន្តគំរាមកំហែងដល់ប្រព័ន្ធសុខភាពសាធារណៈ ជាពិសេស ប្រសិនបើវិធានការបង្ការត្រូវបានបន្ធូរបន្ថយ ឬធ្វេសប្រហែស ។

ចែករំលែកព័តមាននេះ