រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា នឹងត្រូវតទល់ជាមួយក្រុម FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន នៅវគ្គផ្ដាច់ព្រ័ត្រដណ្តើមជើងឯកពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣អាស៊ី AFC Challenge…
រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា នឹងត្រូវតទល់ជាមួយក្រុម FK Arkadag មកពីប្រទេសតួកម៉េនីស្ថាន នៅវគ្គផ្ដាច់ព្រ័ត្រដណ្តើមជើងឯកពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣អាស៊ី AFC Challenge League រដូវកាល ២០២៤-២៥ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៧នាទីយប់ ដែលធ្វើឡើងលើទឹកដីកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតតេជោ។
ទាំងនេះជារឿងសំខាន់ៗ ដែលអ្នកគាំទ្រកម្ពុជាគួរដឹងពីក្រុម FK Arkadag ៖ ក្លិប FK Arkadag មានអាយុត្រឹម២ឆ្នាំប៉ុណ្ណោះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដោយលោក Gurbanguly Berdimuhamedow ប្រធានាធិបតីប្រទេសតួកម៉េនីស្ថាន អំឡុងឆ្នាំ ២០០៦ ដល់ ២០២២ ដោយមានមូលដ្ឋាននៅក្នុងទីក្រុងអាកាដាក។ បើទោះជាក្រុមដ៏ក្មេងខ្ចីក៏ពិតមែន ប៉ុន្តែ FK Arkadag គឺជាក្រុមដ៏ជោគជ័យមួយ និងអុកឡុកលីគកំពូលតួកម៉េនីស្ថាន Yokary Liga តាមរយៈការឈ្នះគ្រប់ពានរង្វាន់ក្នុងស្រុកទាំងអស់ដែលខ្លួនបានចូលរួម។
ចាប់តាំងពីបង្កើតឡើងដំបូងមកទល់ពេលនេះ FK Arkadag នៅមិនទាន់ស្គាល់រសជាតិចាញ់ ឬ ស្មើ ការប្រកួតក្នុងលីគនៅឡើយទេ និងបានគ្រងជើងឯកក្របខណ្ឌ Yokary Liga រដូវកាលដំបូងរបស់ខ្លួន ហើយបន្តការពារជើងឯកដោយជោគជ័យសម្រាប់រដូវកាលបន្ទាប់។ បច្ចុប្បន្នលីគកំពូលតួកម៉េនីស្ថានរដូវកាល ២០២៥ កំពុងតែដំណើរការប្រកួតយ៉ាងស្វិតស្វាញ ហើយក្រុម FK Arkadag ដែលគ្មានកីឡាករបរទេសសូម្បីតែម្នាក់ក្នុងចំណោមកីឡាករទាំង២៤រូបរបស់ខ្លួន ហើយភាគច្រើនជាប់ក្រុមជម្រើសជាតិផងនោះ កំពុងតែឈរនៅចំណាត់ថ្នាក់ទី៣។
ចាប់តាំងពីបង្កើតឡើងដំបូងរហូតមកដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ប្រកួតក្នុងស្រុករបស់ក្រុម FK Arkadag ឈ្នះច្រើនប្រកួតជាប់ៗគ្នា ពោលរហូតដល់៦៤ប្រកួត ដោយបានវ៉ាដាច់កំណត់ត្រាពិភពលោក Guinness World Records របស់ក្លិប Celtic របស់ប្រទេសស្កុតឡែន ដែលឈ្នះច្រើនប្រកួតជាប់ៗគ្នា ពោលចំនួន៦២ប្រកួតនៅចន្លោះឆ្នាំ ១៩១៥ ដល់ ១៩១៧។
ដ្បិតមិនស្គាល់ចាញ់ ឬស្មើការប្រកួតស្រុកក៏ពិតមែន ប៉ុន្តែចាប់តាំងពីបង្កើតឡើងរហូតមកទល់ពេលនេះ FK Arkadag ស្គាល់បរាជ័យ៤លើក ដោយលើកដំបូង ចាញ់ក្រោយថ្វីជើងក្រុមខ្លាំងអ៊ុយក្រែន Shakhtar Donetsk ជំនួបមិត្តភាពអន្តរជាតិក្នុងលទ្ធផល ៤-១ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ លើកទី២ចាញ់ក្រុម Dnipro-1 របស់អ៊ុយក្រែនជំនួបមិត្តភាពដូចគ្នា លទ្ធផល ១-០ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។ លើកទី៣ចាញ់ក្រុម Al Arabi របស់គុយវ៉ែត ការប្រកួតជម្រុះក្នុងពូលពានរង្វាន់ AFC Challenge League លទ្ធផល ៣-២ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងចុងក្រោយចាញ់ក្រុម Al Arabi ដដែលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ លទ្ធផល ២-០ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។
ក្រៅអំពីគ្រងជើងឯកលីគកំពូលតួកម៉េនីស្ថាន២រដូវកាលជាប់គ្នា FK Arkadag ក៏ឈ្នះពានរង្វាន់ក្នុងស្រុកផ្សេងទៀតដែលខ្លួនចូលរួមមានដូចជា Turkmenistan Cup ២ដង Turkmenistan Super Cup ១ដង និង Turkmenistan Football Federation Cup ១ដងផងដែរ។
សូមជម្រាបថា ពានរង្វាន់ AFC Challenge League រដូវកាល ២០២៤-២៥ ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC បែងចែកជា២តំបន់ តំបន់ខាងកើត និងតំបន់ខាងលិច ដោយប្រកួតវគ្គចែកពូលតាមតំបន់រៀងខ្លួន ដើម្បីចម្រាញ់យកក្រុមបន្តទៅកាន់វគ្គ៨ក្រុមចុងក្រោយ រហូតដល់ទាល់តែរកឃើញមួយក្រុមពីតំបន់ខាងកើតគឺព្រះខ័នរាជស្វាយរៀង និងមួយក្រុមពីតំបន់ខាងលិចគឺ FK Arkadag ដើម្បីទូទាត់គ្នានៅវគ្គផ្ដាច់ព្រ័ត្រ។
ការបែងចែកប្រាក់រង្វាន់សរុបចំនួន ៤ ៤២០ ០០០ដុល្លារ នៅក្នុងពានរង្វាន់ AFC Challenge League -វគ្គជម្រុះក្នុងពូល ៖ ១០ម៉ឺនដុល្លារ/១ក្រុម -វគ្គ៨ក្រុម ៖ ៨ម៉ឺនដុល្លារ/១ក្រុម -វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៖ ១២ម៉ឺនដុល្លារ/១ក្រុម -ក្រុមរងជើងឯក ៖ ៥០ម៉ឺនដុល្លារ -ក្រុមជើងឯក ៖ ១លានដុល្លារ៕ រូបភាព ៖ TFF, AFC និង Preah Khan Reach Svay Rieng FC
ចែករំលែកព័តមាននេះ