ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០២៤ សមត្ថកិច្ច​ដក​ពិន្ទុ​បណ្ណ​បើកបរ​ជាង​៦​ម៉ឺន​ពិន្ទុ និង​ទទួល​ទឹកប្រាក់​ជាង​២៦​ពាន់​លាន​រៀល

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០២៤​កន្លង​ទៅ សមត្ថកិច្ច​បាន​ដក​ពិន្ទុ​បណ្ណ​បើកបរ​ជាង​៦​ម៉ឺន​ពិន្ទុ លើ​អ្នកបើកបរ​យានយន្ត​ជាង​១​សែន​គ្រឿង និង​ពិន័យ​ដោយ​ឧបករណ៍​បច្ចេកទេស​សរុប​ចំនួន​១២៤.៧៣៤​នាក់ ទទួល​បាន​ទឹកប្រាក់​បាន​ជាង​២៦​ពាន់​លាន​រៀល​។ នេះ​បើ​តាម​របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ តើ​ការ​កាត់​ព​ន្ទុ​បណ្ណ​បើកបរ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០២៤​កន្លង​ទៅ សមត្ថកិច្ច​បាន​ដក​ពិន្ទុ​បណ្ណ​បើកបរ​ជាង​៦​ម៉ឺន​ពិន្ទុ លើ​អ្នកបើកបរ​យានយន្ត​ជាង​១​សែន​គ្រឿង និង​ពិន័យ​ដោយ​ឧបករណ៍​បច្ចេកទេស​សរុប​ចំនួន​១២៤.៧៣៤​នាក់ ទទួល​បាន​ទឹកប្រាក់​បាន​ជាង​២៦​ពាន់​លាន​រៀល​។ នេះ​បើ​តាម​របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។

តើ​ការ​កាត់​ព​ន្ទុ​បណ្ណ​បើកបរ អនុវត្ត​យ៉ាងដូចម្តេច? យោង​តាម​ប្រការ​៤​នៃ​ប្រកាស​អន្តរក្រសួង​ស្ដី​ពី នីតិវិធី​នៃ​ការ​ដក និង​បំពេញ​ពិន្ទុ​ឡើង​វិញ​សម្រាប់​បណ្ណ​បើកបរ គ្រប់​បណ្ណ​បើកបរ​ត្រូវ​មាន​ពិន្ទុសរុប​ចំនួន​១២​ពិន្ទុ ហើយ​ចំនួន​ពិន្ទុ​នេះ​ត្រូវ​កាត់​បន្ថយ​នៅ​ពេល​អ្នកបើកបរ​បាន​ប្រព្រឹត្ត​បទល្មើស​ចរា​ចរណ៍​ផ្លូវគោក​ជា​អាទិ៍ ករណី​កាត់​១​ពិន្ទុ ទៅ​លើ​អ្នក​មិន​ពាក់​ខ្សែក្រវាត់ ឬ​មួក​សុវត្ថិភាព ប្រើ​ភ្លើង​ហ្វា​នៅ​ពេល​ជួបនឹង​យាន​មក​ពី​ទិស​ផ្ទុយ បើកបរ​ជាន់​តាម​ខ្សែ​គំនូស​បង្អួត​កណ្តាល​ទ្រូងផ្លូវ បើកបរ​លើស​ល្បឿន​កំណត់​ចាប់ពី​១​ទៅ​១៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បើកបរ​នៅ​ពេល​យប់​ដោយ​គ្មាន​ភ្លើង​គ្រប់គ្រាន់​តាម​ប្រភេទ​យានយន្ត និង​ផ្ទុក​មនុស្ស​លើស​កំណត់​។

ករណី​កាត់​២​ពិន្ទុ ទៅ​លើ​អ្នកបើកបរ​លើស​ល្បឿន​ចាប់ពី ២០ ទៅ​២៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បើកបរ​បង្កើន​ល្បឿន​នៅ​ពេល​គេ​កំពុង​ជែង​ខ្លួន បត់​ឆ្វេង ឬ​បត់​ស្តាំ មិន​បាន​ត្រឹមត្រូវ បត់​ត្រឡប់​ក្រោយ​នៅ​កន្លែង​ហាមឃាត់ មិន​គោរព​លក្ខខណ្ឌ​នៃ​បណ្ណ​បើកបរ បត់​ឆ្វេង បត់​ស្តាំ ឬ​ឈប់​មិន​បានឱ្យ​សញ្ញា​ជា​ដំណឹង ជែង ឬ​ចៀស​មិន​បាន​ត្រឹមត្រូវ បើកបរ​ដោយ​គ្មាន​ទុក​ចន្លោះ​សុវត្ថិភាព​គ្រប់គ្រាន់​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់ បើកបរ​ដោយ​ធ្វេសប្រហែស ធ្វើ​ឱ្យ​រំខាន​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត មិន​បានឱ្យ​សញ្ញា​ជា​ដំណឹង​ត្រឹមត្រូវ​នៅ​ពេល​ចេញដំណើរ យាន​មាន​លក្ខណៈ​បច្ចេកទេស​មិន​ត្រឹមត្រូវ ផ្ទុកទំនិញ​មិន​បាន​ត្រឹមត្រូវ ចត​យាន​នៅ​លើ​គំនូស​សម្រាប់​ថ្មើរជើង​ឆ្លងកាត់ ឈប់ ឬ​ចត​នៅ​លើ​គំនូស​តម្រឹម​ទ្រូងផ្លូវ ដាក់​កុមារ​អាយុ​ក្រោម ១០​ឆ្នាំ ឱ្យ​អង្គុយ​នៅ​កៅអី​ផ្នែក​ខាង​មុខ​នៃ​រថយន្ត មិន​បាន​ដាក់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ឱ្យ​អង្គុយ​ក្នុង​កៅអី​សម្រាប់​កុមារ​អង្គុយ ឬ​ដេក​ក្នុង​រថយន្ត និង​គេច​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ធ្វើការ​ត្រួតពិនិត្យ​។

ករណី​កាត់​៣​ពិន្ទុ ទៅ​លើ​អ្នកបើកបរ​ណា​ដែល​ឈប់ ឬ​ចត​នៅ​កន្លែង​ដែល​គ្រោះថ្នាក់ ជែង​ដោយ​គ្រោះថ្នាក់ បើកបរ​ជែង​គ្នា​នៅ​កន្លែង​ហាមឃាត់ ប្តូរ​ទិស​គ្មាន​ឱ្យ​សញ្ញា​ជា​ដំណឹង បើកបរ​ឆ្លងកាត់​គំនូស​បង្ហូត​ជាប់​កណ្តាល​ទ្រូងផ្លូវ បើកបរ​លើ​សក​ល្បឿន​កំណត់​ចាប់ពី ៣០ ទៅ​៣៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បើកបរ​ក្នុង​ពេល​មាន​អត្រា​ជាតិ​ស្រវឹង​ចាប់ពី ០,២៥ ទៅ ០,៣៩ មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់ ឬ​ចាប់ពី ០,៥០ ទៅ ០,៧៩ ក្រាម​ក្នុង​មួយ​លី​ត្រ​ឈាម បើកបរ​ប្រណាំង​គ្នា​តាម​ផ្លូវ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត កំហុស​នៃ​ការ​ឈប់ ឬ​ការ​មិន​ផ្តល់​សិទ្ធិ​អាទិភាព​នៅ​កន្លែង​ថ្មើរជើង​ឆ្លងកាត់ មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​ក្រហម មិន​គោរព​ផ្លា​ក​សញ្ញា​ឈប់ ឬ​សញ្ញា​សិទ្ធិ​អាទិភាព មិន​គោរព​សញ្ញា​បញ្ជា​ចរាចរណ៍​របស់​នគរបាល​ចរាចរណ៍​។

ករណី​កាត់​៤​ពិន្ទុ ទៅ​លើ​អ្នកបើកបរ​លើស​ល្បឿន​កំណត់​ចាប់ពី ៤០ ទៅ ៤៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​នៅ​ត្រង់​ផ្លូវ​ប្រសព្វ បើកបរ​ទន្ទឹម​គ្នា ធ្វើ​ឱ្យ​ស្ទះ​ចរន្ត​ចរាចរណ៍ មិន​បាន​ផ្តល់​សិទ្ធិ​អាទិភាព​ឱ្យ​យានយន្ត​មាន​សិទ្ធិ​អាទិភាព ទំនិញ​ធ្លាក់​ពីលើ​យាន​ពេល​កំពុង​បើកបរ បើកបរ​បញ្ច្រាសទិស​ចរាចរណ៍ បើកបរ​បង្ហោះ រេ​ចុះឡើង ឆាប ឬ​កៀរ​។

ករណី​កាត់​៦​ពិន្ទុ ទៅ​លើ​អ្នកបើកបរ​លើស​ល្បឿន​កំណត់​ចាប់ពី​៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឡើង​ទៅ​បើកបរ​ក្នុង​ពេល​មាន​អត្រា​ជាតិ​ស្រវឹង​ចាប់ពី​០,៤០ មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់ ឬ​ចាប់ពី ០,៨០ ក្រាម​ក្នុង​មួយ​លី​ត្រ​ឈាម​ឡើង​ទៅ ឬ​មាន​ឥទ្ធិពល គ្រឿងញៀន រត់គេច​ខ្លួន​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ ប្រើប្រាស់​ផ្លា​ក​លេខ និង​បណ្ណ​សម្គាល់​យានយន្ត​ក្លែងក្លាយ បើកបរ​ល្មើសច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ហើយ​បង្ក​ឱ្យ​មាន​របួស​ដល់​អ្នក​ដទៃ​ដោយ​អ​ចេតនា ហើយ​បណ្តាល​ឱ្យ​អ្នក​រង​គ្រោះ​អសមត្ថភាព​ធ្វើ​ការងារ​ក្នុង​រយៈពេល​ស្មើ ឬ​លើស​ពី ៨​ថ្ងៃ គិត​ពី​ថ្ងៃ​កើតហេតុ ឬ​ស្លាប់ កំហុស​មិន​រាងចាល​នៃ​ការ​ប្រើប្រាស់​បណ្ណ​បើកបរ​ហួស​សុពលភាព ឬ​មិន​ត្រឹមត្រូវ​តាម​ប្រភេទ​យាន បដិសេធ​មិន​ឱ្យធ្វើ​តេស្ត​ជាតិ​អាល់កុល ឬ​សារធាតុ​ញៀន និង​ផ្ទុក​មនុស្ស​លើ​ទំនិញ​។ គួរ​បញ្ជាក់​ថា ក្នុង​ករណី​ប្រព្រឹត្ត​បទល្មើស​ម្តង ការ​កាត់​ពិន្ទុ​មិន​ត្រូវ​ឱ្យ​លើស​ពី ៨​ពិន្ទុ​ឡើយ​។

សូម​បញ្ជាក់​ថា ឆ្នាំ​២០២៤ គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​ឡើង​២.៨៤៤​លើក បណ្ដាល​ឱ្យ​ស្លាប់​១.៥០៩​នាក់ និង​របួស​៣.៧៣០​នាក់​។ ជាមួយ​គ្នា​នោះ​ដែរ ការ​អនុវត្ត​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នក​ល្មើសច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ